Saturday, April 27, 2024
Homeតារាខ្មែរលាង សុផាឡែន ចុះកុងត្រាថ្មីជាមួយហង្សមាស និងអរគុណថោន

លាង សុផាឡែន ចុះកុងត្រាថ្មីជាមួយហង្សមាស និងអរគុណថោន

លាង សុផាឡែន ម្ចាស់បទ “បេះដូង១០០” ហាក់មិនទាន់មានបទចម្រៀងណាមួយល្បីខ្លាំងទៀតឡើយ នៅផលិតកម្មភ្លេងរីខដ គឺនៅទ្រឹងតែម្តង ទោះជាអ្នកចម្រៀងរូបនេះ មានសមត្ថភាពអាចច្រៀងបានជាប្រភេទបទស្រែកតឹងៗ បានល្អក៏ដោយ តែហង្សមាស ហាក់ដូចជាមិនធ្វើបទសម្រុកឱ្យនាងថែមទៀតទេ ទើបមានព័ត៌មានថា សុផាឡែន ត្រៀមហើរចោលហង្សមាស ចូលទៅជ្រកនៅផលិតកម្មថោន តាមឈិត សុវណ្ណបញ្ញា ក្នុងពេលឆាប់ៗនេះហើយ ស្របពេលដែលក្រុមការងារថោន ក៏បានបង្ហើបដែរថា គេពេញចិត្តសមត្ថភាពសុផាឡែន។

ក្នុងជំនួបជាមួយលាង សុផាឡែន កាលពីពេលថ្មីៗនេះ តារាចម្រៀងរូបនេះបានឱ្យដឹងថា នាងទើបតែចុះកុងត្រាថ្មីជាមួយផលិតកម្មហង្សមាស ហេតុនេះហើយ គឺគ្មានគម្រោងទៅណានៅពេលនេះទេ តែនាងសូមអរគុណដល់ថោន ដែលបានចាប់អារម្មណ៍លើរូបនាងនោះ។

សុផាឡែន រៀបរាប់ថា “ខ្ញុំទើបចុះកុងត្រាថ្មីជាមួយហង្សមាស អីចឹងអត់ទៅណាបានទេ។ ខ្ញុំអរគុណដល់ថោន ផងដែរ ដែលគាត់បានចាប់អារម្មណ៍លើយើងពេលហ្នឹង តែខ្ញុំអត់មានបញ្ហាអីជាមួយហង្សមាស ទេ គឺនៅធ្វើការជាមួយគ្នាធម្មតា ហើយបទចម្រៀងខ្ញុំក៏មានចេញជាបន្តបន្ទាប់ដែរ អីចឹងយើងនៅបន្តជាមួយគាត់តទៅទៀត”។

មានការលើកឡើងថា ការដែលសុផាឡែន ប្តូរចិត្តលែងចង់ចេញពីហង្សមាស និងឈប់ចង់ទៅថោន នោះ ព្រោះតែនាងមិនចង់ជួបមុខសង្សារចាស់ ដោយខ្លាចរងើកស្នេហ៍ឆាបឆេះជាថ្មី ស្របពេលដែលសុផាឡែន ក៏បានបាត់បង់ឱកាសទៅរកលុយនៅអាមេរិក និងអូស្ត្រាលី ព្រមគ្នាតែម្តង នៅចុងឆ្នាំ២០១៧នេះ នាំឱ្យតារារូបនេះខកចិត្តជាខ្លាំង។

តារាចម្រៀងភ្លេងរីខដ រូបនេះវាចាថា “មាន Sponsor ខាងអាមេរិក គាត់ទាក់ទងឱ្យខ្ញុំទៅច្រៀងនៅចុងឆ្នាំ២០១៧ហ្នឹង តែខ្ញុំមិនច្បាស់ទេ ព្រោះអីនិយាយគ្នាអត់ទាន់ត្រូវ ម៉្យាងទៀត បើចេញទៅចុងឆ្នាំ ប្រហែលជាមិនអាចទៅបានទេ ដោយសារតែខ្ញុំមានការរវល់នៅក្នុងស្រុកច្រើនដែរ អីចឹងប្រហែលជាមិនទៅច្រើនជាងវិញ។ ចំពោះការទៅប្រទេសអូស្ត្រាលី វិញ ខ្ញុំក៏មិនច្បាស់ដែរ ដោយសារតែខ្ញុំបានទាមទារប្រាក់ខែមួយសមរម្យ ព្រោះបើយើងទៅអត់សូវបានច្រៀងសម្តែងក៏មានប្រាក់ខែដែរ អីចឹងហើយបានជាខាង Sponsor នៅរារែកចិត្ត ព្រោះតែមានតារាខ្លះគាត់ទៅ ដោយមិនយកប្រាក់ខែ តែខ្ញុំបើទៅអត់យកប្រាក់ខែ គឺខ្ញុំនឹងមិនទៅទេ។ ខ្ញុំចង់បានតម្លៃខ្លួនសមរម្យមួយ ទើបចេញទៅបាន អីចឹងសរុបទៅ ទាំងអាមេរិក និងអូស្ត្រាលី គឺអាចមិនបានទៅ ទាំង២តែម្តង។ ពេលនេះខ្ញុំមានត្រៀមចេញបទចម្រៀងថ្មីៗដែរ ក្នុងពេលឆាប់ៗនេះ សង្ឃឹមថាប្លែកជាងមុន”៕

RELATED ARTICLES