Friday, April 19, 2024
Homeតារាខ្មែរឡូយ!លន់ ស៊ីឡូ ចេញបទ រាំវង់ លាយរ៉េប បំបុកភ្ជុំបិណ្ឌ(មានចម្រៀង)

ឡូយ!លន់ ស៊ីឡូ ចេញបទ រាំវង់ លាយរ៉េប បំបុកភ្ជុំបិណ្ឌ(មានចម្រៀង)

ស្របពេលតារាចម្រៀងជាច្រើនប្រឹងសម្រិតសម្រាំងចេញបទថ្មីដើម្បីទាញការគាំទ្រនៅឱកាសពិធីបុណ្យភ្ជុំបិណ្ឌនោះ តារាចម្រៀងលោក លន់ ស៊ីឡូ ក៏បានចេញបទចម្រៀងថ្មីមួយបទទៀតដែលមានចំណងជើងថា”ជួបស្នេហ៍ខែភ្ជុំបិណ្ឌ”ដែលជាបទនិពន្ធថ្មីហើយកំពុងទាញបានការគាំទ្រលើបណ្ដាញសង្គមYoutube និងFacebook នាពិធីបុណ្ឌភ្ជុំបិណ្ឌនេះ។

បទរាំវង្ស ចេញថ្មីដែលមានទាំងលាយចង្វាក់រ៉េបផងនោះស្ដាប់ទៅហាក់ប្លែកម្យ៉ាងដែរគឺទាក់ទាញ ដោយសារតែលោកលន់ ស៊ីឡូ បានច្រៀងពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំ ។លោកស៊ីឡូ បានថ្លែងឲ្យដឹងថា បទចម្រៀងមួយបទនេះ លោកគ្រាន់តែចង់ស្ទាបស្ទង់ទីផ្សារសម្រាប់ចម្រៀងដែលមានចង្វាក់ប្រពៃណី ហើយលាយចង្វាក់រ៉េបតែប៉ុណ្ណោះ ដើម្បីដឹងថាតើត្រូវបន្តផលិតចង្វាក់បែបនេះបន្តទៀត ឬយ៉ាងណា? លោកអះអាងថាបទចម្រៀងដែលកែច្នៃចង្វាក់រាំវង់លាយលំនាំរ៉េបនេះ ជាបទទី១ដែលលោកចេញច្រៀងបែបរសជាតិថ្មី ដើម្បីរំលេចចង្វាក់របស់ខ្មែរផង និងដើម្បីចូលរួមលើកស្ទួយពិធីបុណ្យប្រពៃណីរបស់ខ្មែរផង គឺខែភ្ជុំតែម្ដង។

លោកបានអះអាងថា មួយបទនេះមិនមែនលោកផលិត និងច្រៀងដោយលោកម្នាក់ឯងនោះទេ គឺមានការផលិត និងកែច្នៃសាច់ភ្លេងដោយអ្នកជំនាញផ្នែកតន្ត្រីនៅពីក្រោយ ចំណែកលោកគឺគ្រាន់តែច្រៀង និងធ្វើអោយកាន់តែប្លែកជាមួយការបត់បែនទឹកដមសំលេងអោយត្រូវនឹងចង្វាក់រាំវង់ផង និងរ៉េបផងប៉ុណ្ណោះ។ លោកបញ្ជាក់ថាបើទោះបីបទនេះមិនដូចចម្រៀងOriginal មុនៗដែលលោកបកស្រាយ ប៉ុន្តែវាមិនមានឧបសគ្គសម្រាប់ការច្រៀងរបស់លោកនោះទេ ដោយសារតែចង្វាក់បែបប្រពៃណី និងចង្វាក់រ៉េប គឺសុទ្ធតែជាជំនាញ និងជាចំណូលចិត្តរបស់លោកទាំងអស់។

តារាចម្រៀងមកពីខេត្តត្បូងឃ្មុំរូបនេះ ត្រូវបានគេស្គាល់ច្រើនមកហើយតាមរយៈបទ«កម្ពុជា-សៀមរាបសូមស្វាគមន៍» ដោយមិនទាន់រាប់បញ្ចូលបទOriginal Song ដែលលោកចេញបើកឆាកក្នុងអាជីពសិល្បៈដំបូង ហើយទទួលបានការពេញនិយមយ៉ាងច្រើននៅឡើយផង។

លោកស៊ីឡូ អះអាងថា ការផលិតមួយបទនេះ គឺគ្រាន់តែចង់ស្ទាបស្ទង់ទីផ្សារប៉ុណ្ណោះ ដ្បិតពេលកន្លងមកលោកហាក់កត់សម្គាល់ថាខ្លួនជោគជ័យជាមួយបទបែបរ៉េបសុទ្ធៗ និងបទបែបមនោសញ្ចេតនាច្រើនជាង។ ក្នុងនោះលោកក៏មិនទាន់ច្បាស់ថានឹងផលិតបទ«ជួបស្នេហ៍ខែភ្ជុំបិណ្ឌ»ជាMV នោះដែរ ក្នុងពេលដែលបទមួយនេះត្រូវត្រឹមតែបរិយាកាសខែភ្ជុំដែលក្នុងពេលនេះគឺជិតផុតរហូតទៅវត្តទៅហើយ។ លោកនិយាយថាមកពីលោកមិនមានគម្រោងពីចម្ងាយ ទើបចម្រៀងOriginal Song មួយនេះទើបតែចេញបង្ហោះនៅអំឡុងខែភ្ជុំ ដែលលោកបញ្ជាក់ថាបើចំណាយការផលិតជាMV អាចយឺត។

យ៉ាងណាលោករំពឹងថា បទនេះនឹងទាញបានការគាំទ្រខ្លាំងបន្ថែមទៀតនាឱកាសភ្ជុំបិណ្យនេះស្របពេលដែលលោកកំពុងសម្រិតសម្រាំងចេញបទOriginal song បែបមនោសញ្ចេតនានិងញ៉ាក់កន្ត្រាក់អារម្មណ៍បន្តទៀតដើម្បីបំបុកទីផ្សារចម្រៀង៕

https://youtu.be/Rj8hUDgN_DA

 

RELATED ARTICLES