Friday, April 26, 2024
Homeនយោបាយកូនស្រីលោកកឹម សុខា អំពាវនាវសហគមន៍អន្តរជាតិ ដាក់សម្ពាធរាជរដ្ឋាភិបាលកម្ពុជា

កូនស្រីលោកកឹម សុខា អំពាវនាវសហគមន៍អន្តរជាតិ ដាក់សម្ពាធរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ កូនស្រីលោកកឹម សុខា និងជាអនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ នៃគណបក្សសង្គ្រោះជាតិ កញ្ញាកឹម មនោវិទ្យា បានលើកឡើងថា បទឧក្រិដ្ឋតែមួយគត់របស់ ឪពុកនាង គឺលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងចង់ឱ្យមាននីតិរដ្ឋ ស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យ។ ដូច្នេះនាងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ដាក់សម្ពាធលើ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចៀសវាងអស្ថិរភាពនយោបាយ។

តាមរយៈបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC អូស្ត្រាលី កញ្ញាកឹម មនោវិទ្យា កូនស្រីច្បងរបស់លោកកឹម សុខា បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន តែងប្រើប្រាស់ស្ថាប័នតុលាការ គាបសង្កត់អ្នកនយោបាយប្រឆាំង ដូចជា លោកឪពុកនាង (កឹម សុខា) ជាដើម ហើយនាងបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ដែរថា យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ បានបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ឈ្មោះកឹម សុខា មាន មុខជាប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបាន សមត្ថកិច្ចនគរបាលយុត្តិធម៌នៃក្រសួងមហាផ្ទៃ ចាប់ខ្លួន នៅក្នុងអង្គហេតុនៃបទល្មើសជាក់ស្តែង ពាក់ព័ន្ធនឹងផែនការសម្ងាត់ និងសកម្មភាព នៃការឃុបឃិតគ្នា រវាងលោកកឹម សុខា ជា មួយបរទេស ដែលធ្វើឱ្យមានភាពវឹកវរ និង ប៉ះពាល់ព្រះរាជាណាចក្រកម្ពុជា។ ផែនការ សម្ងាត់នេះ ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៣ និងបន្តរហូតមកដល់បច្ចុប្បន្ន នេះ ហើយខ្លឹមសារសំខាន់នៃផែនការរួមជាមួយបរទេស ក្បត់នឹងកម្ពុជានេះ ត្រូវលាតត្រដាងបង្ហាញតាមរយៈវីដេអូឃ្លីប ដែលត្រូវ បានផ្សព្វផ្សាយដោយបណ្តាញ CBN (Cambodia Broadcasting Net work) មានទីតាំងនៅប្រទេសអូស្ត្រាលី រួមជាមួយនឹងភ័ស្តុតាង ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបានកន្លងមក។ អំពើឃុបឃិតគ្នាជាសម្ងាត់ជាមួយបរទេសខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែងនិងផ្តន្ទាទោស តាមបញ្ញត្តិនៃមាត្រា៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថាផ្អែកតាមសម្តីជាចំហរបស់លោកកឹម សុខា នៅក្នុងវីដេអូឃ្លីបដែលកំពុងបន្តផ្សព្វផ្សាយមក ដល់ពេលនេះ រួមទាំងភ័ស្តុតាងដែលអាជ្ញាធរ មានសមត្ថកិច្ច ប្រមូលបានបង្ហាញច្បាស់ថា សកម្មភាពឃុបឃិតជាមួយបរទេស ក្បត់កម្ពុជា នេះ កើតមានពីឆ្នាំ១៩៩៣ ហើយផែនការនេះ បន្តអនុវត្តជាជំហានៗ រហូតមកដល់បច្ចុប្បន្ន នេះ។ ការធ្វើសកម្មភាពបន្តមកដល់ពេលនេះ គឺកំណត់បានជាស្ថានភាពនៃបទល្មើសជាក់ស្តែង ដោយយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ការចាប់ខ្លួន ឈ្មោះកឹម សុខា ត្រូវបានធ្វើឡើងស្របតាម ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមមាត្រា៨០ នៃរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា និងមាត្រា១២ នៃច្បាប់ ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ។ ដូច្នេះបន្ទាប់ពីបាន ពិនិត្យសំណុំរឿង រួមទាំងឆ្លងកាត់ការស្រាវជ្រាវស៊ើបអង្កេត ដោយពិនិត្យភ័ស្តុតាង និងផ្ទៀងផ្ទាត់ចម្លើយជនសង្ស័យរួចមក ព្រមទាំងយល់ឃើញថា មានមូលដ្ឋានគ្រប់គ្រាន់ឱ្យតំណាង អយ្យការធ្វើការចោទប្រកាន់ លើឈ្មោះកឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមប្បញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌព្រះ-រាជាណាចក្រកម្ពុជា ដោយដីកាសន្និដ្ឋានបញ្ជូន រឿងឱ្យស៊ើបសួរលេខ៣៥២៨ អ.យ.ឋ ចុះ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។

ដោយឡែក យោងតាមហ្វេសប៊ុកឈ្មោះ “សី ហា” នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ក៏ បានសរសេរថា ភ្លាមៗក្រោយពេលអាជ្ញាធរ ក្រុងភ្នំពេញចាប់ខ្លួន លោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ ដែលបាននិយាយជា សាធារណៈនៅអូស្ត្រាលី ពីផែនការយុទ្ធសាស្ត្រ ជាសម្ងាត់គាំទ្រពេញទំហឹង ដោយសហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន ដើម្បីទម្លាក់រដ្ឋាភិបាលសម្តេចហ៊ុន សែន ក្នុងសំណុំរឿងដ៏ធំ និងវែងអន្លាយរបស់លោកកឹម សុខា មួយនេះ គឺអាចនឹងមានមនុស្សជំនិតបំផុត ដែលលោកកឹម សុខា ទុកចិត្តនៅក្នុង ការរៀបចំ និងអនុវត្តគម្រោងការប្រទាក់ក្រឡា ជាប្រព័ន្ធនេះ ដែលមានឈ្មោះស្ថិតនៅក្នុងបញ្ជីខ្មៅតុលាការ ដែលត្រូវនាំខ្លួនមកសួរនាំហើយ ចៀសមិនផុតទេ។ ក្នុងនោះ បើតាមការផ្សព្វផ្សាយលើប្រព័ន្ធអនឡាញ ហើយបើតុលាការគេបើកមុំធំ ក្នុងការស្រាវជ្រាវស៊ើបអង្កេតនោះ អ្នកដែលអាចស្ថិតក្នុងបញ្ជីខ្មៅ ដែលត្រូវជាប់ជំពាក់ក្នុងសំណុំរឿងដ៏ធំមួយនេះ គឺកូនស្រី ទាំងពីររបស់លោកកឹម សុខា គឺកឹម មនោវិទ្យា និងកឹម សម្មាធីតា ព្រោះពីរនាក់នេះ ក៏មានជំពាក់វាក់វិន ជាមួយភ្នាក់ងារ CIA របស់អាមេរិកដែរ។

ទាក់ទងនឹងបញ្ហានេះ កញ្ញាកឹម សម្មាធីតា បានបដិសេធថា នាងនិងបងស្រីកឹម មនោវិទ្យា មិនមែនជាគិញសម្ងាត់របស់អាមេរិក ដូចការ ចោទប្រកាន់នោះទេ។

កញ្ញាកឹម សម្មាធីតា បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិកថា “គឺជារឿងមួយដែលយើងនឹកស្មានមិនដល់ ថា គេធ្វើដល់ថ្នាក់ហ្នឹង សម័យនេះទៅហើយ សម័យឆ្នាំ២០១៧ ទៅហើយ ដែលយើងអួត ថា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យ មានសិទ្ធិ មានសេរីភាព នឹកស្មានមិនដល់ទេ អ្វីដែលកើតឡើងនេះហ្នឹង ដូចកើតឡើងនៅជំនាន់ប៉ុល ពត អ៊ីចឹង។ មូលហេតុគឺថា ការចោទប្រកាន់ហ្នឹង វាអត់សមហេតុសមផលពេក។ និយាយទៅ ដោយសារតែអ៊ីចឹងហើយ បានពួកខ្ញុំអត់ឆ្លើយតប បើចោទប្រកាន់មានហេតុផលបន្តិចបន្តួច ក៏ពួកខ្ញុំអាចឆ្លើយតបបានដែរ ប៉ុន្តែដល់ថ្នាក់ គ្រាន់តែខ្ញុំទៅញ៉ាំបាយ ជាមួយមិត្តភក្តិដែល ធ្លាប់ស្គាល់គ្នាតាំងពីជំនាន់រៀនមក ហើយមិត្ត របស់ខ្ញុំ គ្រាន់តែគាត់ជាអ្នកកាសែត ហើយដល់ពេលអ៊ីចឹង រូបថតហ្នឹង ខ្ញុំអ្នកថត ខ្ញុំអ្នកឱ្យគេ ថត ហើយខ្ញុំជាអ្នកផុស ហើយបើសិនជាមាន ការសម្ងាត់អីមែន ខ្ញុំជាគិញសម្ងាត់អីមែន អ្នកណាគេទៅឆ្កួតថតរូប ហើយផុសដាក់ក្នុងហ្វេសប៊ុកឱ្យអ្នកដទៃមើល?”។

ទោះបីយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ ថ្លែងថា ក្នុងនាម ជាកូននោះ កូនស្រីទាំង២របស់លោកកឹម សុខា អាចមានមនោសញ្ចោតនាចំពោះឪពុកបាន ប៉ុន្តែ មិនអាចកាន់ជើងឪពុកដែលធ្វើខុសនោះទេ។

លោកខៀវ សុភ័គ បានមានប្រសាសន៍ ថា “ឪពុកនិងកូន វាជារឿងធម្មតាទេ យើង យល់អារម្មណ៍គាត់ ហើយធម្មតាឪប្រព្រឹត្តបទល្មើស អីក៏ដោយ កូនក៏តែងតែមានមនោសញ្ចោតនា ចំពោះលោកឪពុក ជារឿងធម្មតាទេ ជារឿង បុគ្គលយើងម្នាក់ៗ។ ប៉ុន្តែ សូមឱ្យក្មួយដែល មានវាចាពោលអ៊ីចឹង សូមឱ្យគិតថា លោក ឪពុកជារឿងមួយហើយ ប៉ុន្តែកុំឱ្យកិច្ចការងារ ដែលឪពុកយើងបានប្រព្រឹត្តខុសនឹងជាតិ ហើយ ទៅការពារឪពុកយើង ដោយងងឹតងងល់នោះ នាំឱ្យជាតិមានវិបត្តិវឹកវរអី គឺជារឿងមិនល្អទេ។ គ្មានកូនណាដែលមិនស្រលាញ់ឪពុកទេ ជាការ ត្រឹមត្រូវមួយចំណែក ក្នុងនាមកាតព្វកិច្ចរបស់ កូន ប៉ុន្តែជារឿងប្រទេសជាតិវិញ សូមឱ្យបែងចែកឱ្យច្បាស់។ បើ់ពុកយើងក្បត់ជាតិ យើង ទៅក្បត់ជាមួយឪពុក ជាតិមិនចាត់ទុកយើងថា  នេះគឺជាបុណ្យទេ សូមឱ្យពិចារណាឡើងវិញ អ្វីដែលក្មួយអំពាវនាវ ជាការខុសឆ្គងចំពោះជាតិ ទាំងមូលហើយ”។

គួរបញ្ជាក់ថា លោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ សព្វថ្ងៃកំពុងត្រូវបាន ឃុំខ្លួននៅមណ្ឌលកែប្រែទី៣ (ម.៣) ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្ទាប់ពីត្រូវបានឃាត់ខ្លួននៅ ក្នុងលំនៅឋាន កាលពីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” ដែលជាអំពើក្បត់ជាតិ។ បន្ទាប់មកលោកកឹម សុខា ត្រូវបានតុលាការ សម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារ។

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោក ស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានដាក់លិខិតជូនលោកគឺ ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំចូល ជួបសួរសុខទុក្ខលោកកឹម សុខា នៅពន្ធនាគារ ត្រពាំងផ្លុង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២រសៀល។ ប៉ុន្តែ នៅថ្ងៃដដែលនោះ លោកគី ឫទ្ធី បានផ្ញើលិខិតជម្រាបជូនលោកស្រី មួរ សុខហួរ ថា មិនអនុញ្ញាតឱ្យចូលសួរសុខទុក្ខ លោកកឹម សុខា បានទេ។

លិខិតរបស់លោកគី ឫទ្ធី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លេខ២៨០ រប/១៧ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នេះ បានជម្រាបជូនលោកស្រីមួរ សុខហួរ ថា “ខ្ញុំបាទសូមជម្រាបលោកជំទាវ និងសហការី ឱ្យបានជ្រាបថា ខ្ញុំបាទបានទទួលពាក្យសុំជួបសួរ សុខទុក្ខ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ របស់ លោកជំទាវ។ ដោយសារសំណុំរឿងកំពុងស្ថិត នៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវ ប្រមូលភស្តុតាងនានា ហើយចៅក្រមមិនទាន់ បានសាកសួរជនត្រូវចោទនៅឡើយ ហេតុនេះ ការចូលជួប ឬសួរសុខទុក្ខ អាចអនុញ្ញាតឱ្យបាន តែមេធាវី និងក្រុមគ្រួសារជនត្រូវចោទ ដែល មិនទាក់ទិននៅក្នុងរឿងតែប៉ុណ្ណោះ។ សម្រាប់ អ្នកដទៃផ្សេងទៀត ការចូលសួរសុខទុក្ខអាច អនុញ្ញាតឱ្យបាន ក្រោយពីចៅក្រមបានបំពេញ កិច្ចចាំបាច់មួយចំនួនសិន។

អាស្រ័យហេតុនេះ ការសុំចូលសួរសុខទុក្ខ លោកកឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣ (ម៣) នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ២ៈ០០នាទីរសៀល មិនអាចអនុញ្ញាតជូនបានទេ…”៕

RELATED ARTICLES