Thursday, April 25, 2024
Homeព័ត៌មានជាតិស្នេហាបាន២សប្តាហ៍ អស់ទាំងខ្លួនប្រាណ អស់ទាំងម៉ូតូអ្នកជិតខាង

ស្នេហាបាន២សប្តាហ៍ អស់ទាំងខ្លួនប្រាណ អស់ទាំងម៉ូតូអ្នកជិតខាង

ភ្នំពេញ ៖ ស្នេហាវ័យចាស់បោកប្រាស់មួយកើតឡើងសម្រាប់ស្រ្តីម្នាក់ ក្រោយពីទទួលការលួងលោមសុំស្នេហ៍ សុំរួមមេត្រី អ្វីៗប្រៀបដូចប្តីប្រពន្ធ គ្រាន់តែស្ថិតនៅក្នុងការលាក់លៀម បានត្រឹម២សប្តាហ៍ ស្នេហាធ្លាប់ផ្អែមក្លាយជាល្វីងចត់ ដោយសារប្រុសស្នេហ៍ឆបោកយកម៉ូតូអ្នកជិតខាង រត់គេចខ្លួនទៅបាត់ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បាត់១យប់១ថ្ងៃ មិនឃើញវិលវិញ ទាំងម្ចាស់ម៉ូតូទាំងស្រីស្នេហ៍ជនសង្ស័យ ដឹកនាំគ្នាចូលប៉ុស្តិ៍ប៉ូលិស កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ។

ភាគីគូស្នេហ៍វ័យចាស់បោកប្រាស់ ខាងស្រីមានឈ្មោះ រស់ ផល្លា អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលជាន់ទី១ បុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិស្រែគុយ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ចំណែកប្រុសស្នេហ៍ សង្ស័យបោកប្រាស់ គ្រាន់តែស្គាល់ឈ្មោះ ជា តារា អាយុ ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នាទើបបាន២សប្តាហ៍ មានស្រុកកំណើតខេត្តតាកែវ បោកម៉ូតូបានហើយគេចខ្លួនបាត់ ។ ដោយឡែកជនរងគ្រោះ ជាម្ចាស់ម៉ូតូ មានឈ្មោះ អឿ ថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងបុរីរឿងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ មានស្រុកកំណើតភូមិជីរោទ៍លើ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រីឯម៉ូតូជនសង្ស័យបោកយកទៅបាត់ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1C-4249។

តាមសម្តីស្ត្រីឈ្មោះ រស់ ផល្លា ជាតួអង្គស្រីក្នុងរឿងស្នេហាបោកប្រាស់ បានឲ្យដឹងថា ខណៈដែលខ្លួនជាស្រ្តីមេម៉ាយ ស្នាក់នៅម្នាក់ឯង នៅបន្ទប់ជួល រួមជាមួយរបរការងារជាកម្មការនីរោងចក្រ នៅក្នុងសប្តាហ៍ដើមខែសីហា មានបុរសម្នាក់ឈ្នោះជា តារា ទូរស័ព្ទច្រឡំលេខ ហើយទោះជាប្រាប់ថាច្រឡំលេខហើយពូ យូរៗពូបានដៃ សុំស្គាល់សុំស្នេហ៍តាមរយៈទូរស័ព្ទទើបតែបាន១សប្តាហ៍ រៀមរ៉ា វេចបង្វេចមកសុំរួមរស់ក្នុងបន្ទប់ជួលជាមួយ ក្រោមសម្តីសន្យា នឹងរៀបការជាមួយគ្នា នឹកក្នុងចិត្តថា ខ្លួនលែងវេទនា លែងមានឈ្មោះជាស្រ្តីមេម៉ាយ អ្វីៗបានប្រគល់ឲ្យប្រុសស្នេហ៍ទាំងអស់ សង្ឃឹមថាគង់ថ្ងៃក្រោយក្លាយជាប្តីប្រពន្ធស្របច្បាប់ ទើបយល់ព្រមទទួលឲ្យរួមរស់ជាមួយគ្នា អស់រយៈពេលបាន២សប្តាហ៍គត់ ស្នេហ៍របស់ខ្លួនធ្វើឲ្យភ្លឺភ្នែករលាយបាត់នូវក្តីស្រម៉ៃ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី០៣ ខែកញ្ញា នេះ បុរសបោកប្រាស់ ជា តារា ខ្ចីម៉ូតូអ្នកជិតខាង បានហើយជិះគេចខ្លួនទៅបាត់ រលាយអស់រស់ជាតិស្នេហ៍ផ្អែមល្ហែម អស់ទាំងខ្លួន ហើយទទួលរងថ្មបាក់ ប្រឈមមុខជាមួយម្ចាស់ម៉ូតូទៀត ។

តាមសម្តីបុរសជាម្ចាស់ម៉ូតូវិញ បានឲ្យដឹងថា រឿងរ៉ាវស្នេហាគ្រួសាររបស់ស្រ្តីខាងលើ គាត់មិនបានដឹងឡើយ ក្រោយពីឃើញជនសង្ស័យជាប្តីហេងស៊យរបស់ស្រ្តីខាងលើ នៅរួមរស់ជាមួយគ្នាល្អូកល្អិន សុខដុមរមនាជាមួយគ្នាវ័យចាស់ ផ្អែមជាងស្នេហាវ័យក្មេងទៅទៀត នឹកថាប្តីប្រពន្ធគេ កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យមកខ្ចីម៉ូតូ ប្រាប់ថា ឌុបប្រពន្ធទៅផ្សារ មិនទាន់ថាឲ្យឬមិនឲ្យផង ជិះចាកចេញទៅតែម្តង មិនចាប់អារម្មណ៍ អាងតែទុកចិត្តស្រ្តី ឈ្មោះរស់ ផល្លា ក៏មិនមាត់ ទៅបាត់រហូតដល់យប់ងងឹតហើយ នៅតែមិនឃើញវិលវិញ ស្រាប់តែដើររកជួបស្រ្តីជាគូស្នេហ៍របស់ជនសង្ស័យ សាកសួរ ទើបដឹងភ្ញាក់ខ្លួន ពិតជារឿងឆបោក ហើយទូរស័ព្ទក៏លែងចូល បាត់ដំណឹងសូន្យឈឹង លុះរហូតដល់ព្រឹកថ្ងៃទី០៤ ខែកញ្ញានេះ នាំស្រ្តីជាស្រីស្នេហ៍ទៅនិយាយគ្នានៅប៉ុស្តិ៍ប៉ូលីស ។

ក្នុងការសម្របសម្រួលគ្នា ភាគីខាងម្ចាស់ម៉ូតូ សុំតែម្យ៉ាងឲ្យស្រ្តីរស់ ផល្លា ទទួលខុសត្រូវក្នុងរឿងប្រុសស្នេហ៍របស់ខ្លួនឆបោកម៉ូតូ ក្នុងលក្ខខណ្ឌមួយ សំណងបង់រំលស់ ចាត់ទុកថា ជាមនុស្សញាតិជិតខាងរាប់អានគ្នា ។ ចំណែកភាគី ស្រ្តីស្នេហ៍វិញ ទទួលយល់ព្រមរាល់សំណង តែសុំក្នុង១ខែ ៥០ដុល្លារ នូវតម្លៃម៉ូតូ៨០០ដុល្លារ។ ហើយដំណោះស្រាយខាងលើ ធ្វើឡើងក្រោមវត្តមាន និងនៅចំពោះមុខសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ ៕

RELATED ARTICLES