ភ្នំពេញ ៖ រឿងស្នេហារបស់វ័យចំណាស់ ក្រោយពីស្រឡាញ់គ្នា បានខ្លួនរាប់ភ្លេច ជាច្រើនខែមកហើយ ដោយភាគីខាងស្រីលែងលះគ្នាជាមួយប្តី ភាគីខាងប្រុសមានប្រពន្ធហើយទៅលួចបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នកមេម៉ាយចាយរាង ទីបំផុតបែករឿងដឹងដល់ប្តីដើម មកធ្វើការចោទប្រកាន់បុរសជាគូស្នេហ៍ក្រោយ ថារំលោភប្រពន្ធខ្លួនទៅវិញ ភាគីខាងស្រីសង្ស័យថាផិតក្បត់ ត្រូវដងត្រូវផ្លែជាមួយប្តីដើម រួមគ្នាប្តឹងចោទតែម្តង ត្រូវបានប៉ូលីសឃាត់ខ្លួនភាគីខាងប្រុសយកចូលប៉ុស្តិ៍ចោមចៅ ដើម្បីសាកសួរ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ភាគីខាងប្រុសដែលរងការចោទប្រកាន់ មានឈ្មោះ ទី សាវឿន អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិអង្គពក ឃុំមុឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះ គង់ នឿន អាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះ មានកូនស្រីម្នាក់ ។
ចំណែកភាគីខាងស្រីចាកចេញចោលប្តីមកបង្កាត់ភ្លើងស្នេហ៍ មានឈ្មោះ នាង ណាង អាយុ៤២ឆ្នាំ មុខរបរកម្មករកាត់ដេរ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានប្តី (ត្រូវបានលាក់ឈ្មោះ) ទោះជាប៉ូលិសសួរនាំយ៉ាងណា ក៏មិនបានប្រាប់ដែរ គ្រាន់តែដឹងថា មុខរបររត់ម៉ូតូឌុប ។
តាមសម្តីភាគីចុងចោទ កំពុងជាប់ខ្នោះប៉ូលិស បានឲ្យដឹងថា ខ្លួនពិតជាមានទំនាក់ទំនងជាមួយស្រ្តីឈ្មោះ នាង ណាង ពិតប្រាកដមែន អស់រយៈពេលជាង៨ខែកន្លងមកហើយ ក្រោយពីស្រ្តីខាងលើលែងលះជាមួយប្តី ដោយប្តីចុះចោលទៅបាត់ មានទាំប្រពន្ធថ្មីម្នាក់ទៀត ជិត១ឆ្នាំមកហើយ ដោយស្រ្តីឈ្មោះ នាង ណាង ចេះតែមកបបួលលោកមកដេករួមរ័ក ជាច្រើនខែកន្លងមកហើយ ដោយមិនបាច់សួរចំនួនដងនៃការរួមភេទ ព្រោះលែងអស់លែងចាំទៅហើយ ចុងក្រោយនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បន្ទាប់នាំគ្នាផឹកសុីរួច ក៏កើតទំនាស់សម្តី ខ្លួនបានជ្រុលដៃចាប់បោចសក់ ធ្វើឲ្យនាងខឹងដឹងដល់ប្តីដើម បែររួមគ្នាមកប្តឹងចោទប្រកាន់ថា រំលោភទោវិញ លុះមកដល់ល្ងាចថ្ងៃទី១០ ខែកញ្ញានេះ ប៉ូលិសទៅចាប់ខ្លួនលោកដាក់ខ្នោះដល់ផ្ទះ នៅភូមិសាមគ្គី៣ នាំមកសកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ។
តាមសម្តីស្រ្តីដើមចោទ បានឲ្យដឹងយ៉ាងខ្លីថា រឿងរ៉ាវបានគ្នាពីមុនមក ទោះរាប់លែងអស់ លែងឈ្នះក៏ដោយ អត់គិតឡើយ ចំណែកប្តីដើមក៏មិនទាន់លែងលះគ្នាដែរ គ្រាន់តែចុះចោលគាត់ជិត១ឆ្នាំតែប៉ុណ្ណោះ តែអ្វីមិនអាចទទួលយកបាន នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា បុរសខាងលើ បានមកចាប់រំលោភ តែមិនបានសម្រេច នាងក៏ស្រែកឆោឡោ ដឹងដល់ប្តីដើម ទើបនាំគ្នាប្តឹងប៉ូលិសចាប់ឃាត់ខ្លួនជនសង្ស័យ ។
ទោះជាយ៉ាងណាក៏ដោយ ភាគីខាងចុងចោទ បំភ្លឺហាក់បីដូចជាងាយយល់ងាយស្តាប់ តែចំពោះភាគីដើមចោទ បកស្រាយ នូវដើមចោទ និងដើមចម ហាក់បីដូចជាវល់ៗ បាតដៃខ្នងដៃ ហាក់បីដូចជា រៀបគម្រោង ប្តឹងទៅលើចុងចោទ ដើម្បីគៀបសុីទៅវិញ តែដាក់សំណូមពរទៅសមត្ថកិច្ច សុំសម្របសម្រួលគ្នាទាមទារនូវទឹកប្រាក់៣០០០ដុល្លា បើពុំនោះទេ ប្តឹងឲ្យប៉ូលីសដាក់គុក។
ករណីខាងលើធ្វើឲ្យប៉ូលិសវិលមុខ ដោយសារដើមចោទជំរុញឲ្យប៉ូលិសសម្របសម្រួល តែចំពោះផ្លូវច្បាប់យ៉ាងណានោះ ស្ថិតនៅលើស្ថាប័នអ្នកច្បាប់ ព្រោះរឿងរ៉ាវខាងលើ ក្រោយពីស្តាប់ភាគីសងខាងទៅ ហាក់បីដូចជាមិនមែនរឿងរំលោភ ដូចដែលដើមចោទប្តឹងចោទប្រកាន់នោះឡើយ ។ ដោយសារការទាមទារច្រើនហួសហេតុពេក ធ្វើឲ្យភាគីចុងចោទពុំមានលទ្ធភាព ការសម្របសម្រួលនិយាយមិនត្រូវគ្នា ទើបសមត្ថកិច្ចសម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី ។