Friday, March 29, 2024
Homeតារាខ្មែរសុន ច័ន្ទធីតា មានអារម្មណ៍ស្រលាញ់តន្ត្រីករ ត្រឹមតែ១០ទៅ២០ភាគរយប៉ុណ្ណោះ

សុន ច័ន្ទធីតា មានអារម្មណ៍ស្រលាញ់តន្ត្រីករ ត្រឹមតែ១០ទៅ២០ភាគរយប៉ុណ្ណោះ

ពិធីការិនីតូចច្រឡឹងប៉ុស្ដិ៍ហង្សមាស ”ឋានសួគ៌ក្រោមមេឃ” កញ្ញាសុន ច័ន្ទធីតា ដែលជាអតីតបេក្ខភាពកម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី១នោះ ហាក់នៅស្ទាក់ស្ទើរក្នុងចិត្ត ដោយមិនទាន់សម្រេចចិត្តចូលជ្រកកោននៅផលិតកម្មណា​ដើម្បីមានទ្រនំពិតប្រាកដក្នុងការជ្រកកោនឡើយ បន្ទាប់ពីរង់ចាំហង្សមាស ជិត២ឆ្នាំនោះ។ ប៉ុន្ដែយ៉ាងណា តាមរយៈការមានទឹកដមសំឡេងគួរឲ្យចាប់អារម្មណ៍ បូកផ្សំជាមួយរូបសម្រស់គួរឲ្យក្នាញ់នោះ ពិធីការិនីរូបនេះច្បាស់ជាមានជម្រើសផ្សេង ក្រៅពីផលិតកម្មហង្សមាស ជាមិនខាន ប្រសិនបើទ្រនំធំនេះ មិនព្រមបើកភ្លើងខៀវដល់រូបនាងសម្រេចក្ដីស្រមៃក្លាយជាតារាចម្រៀងនៅផលិតកម្មដែលមានសមាជិកឡើងជាន់ជើងគ្នាទេនោះ។

ក្នុងជំនួបផ្ទាល់ជាមួយសុន ច័ន្ទធីតា តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា តារាចង់ក្លាយទៅជាអ្នកចម្រៀងល្បី បែរជាត្រូវផ្ទេរមកឲ្យធ្វើជាពិធីការិនីរូបនេះ បានឲ្យដឹងថា​នាងមានផលិតកម្ម២ផ្សេងទៀត ដែលឲ្យសញ្ញាដល់រូបនាងមែន ហើយប្រសិនបើនាងព្រមតាមល័ក្ខខណ្ឌកុងត្រារបស់គេ គឺនាងនឹងមានឱកាសបញ្ចេញសមត្ថភាពបាន តែសម្រាប់បំណងនាង គឺនៅតែចង់ចូលហង្សមាស ដដែល។

ស្រីស្អាតមកពីក្រុងតាខ្មៅ រូបនេះ និយាយថា ”មានផលិតកម្ម២ តែខ្ញុំសូមមិននិយាយទេថា ផលិតកម្មណាទេ គឺគាត់ហាក់ចាប់អារម្មណ៍ចង់ឲ្យខ្ញុំចូលច្រៀងនៅផលិតកម្មរបស់គាត់ដែរ តែខ្ញុំមិនបាននិយាយច្បាស់លាស់ជាមួយគាត់ទេ ព្រោះខ្ញុំរកពេលជួបជាមួយមេខ្ញុំ (អ៊ឹង សុខលាភ) ដែលជាអ្នកគ្រប់គ្រងផលិតកម្មហង្សមាស ដើម្បីប្រាប់គាត់ថា ខ្ញុំចង់ចូលច្រៀង ប៉ុន្ដែឥឡូវមិនទាន់បានជួបគាត់ទេ ព្រោះគាត់រវល់ខ្លាំងណាស់ អីចឹងខ្ញុំមានតែការរង់ចាំសិន ព្រោះថាបើសិនជាគាត់មិនយកយើងទេ យើងអាចស្វែងរកផលិតកម្មណាមួយផ្សេងវិញម្ដង”។

សុន ច័ន្ទធីតា គឺជាអតីតបេក្ខភាពតែម្នាក់គត់របស់កម្មវិធី Cambodian Idol ដែលមានឱកាសបានក្លាយទៅជាពិធីការិនីហង្សមាស ”ឋានសួគ៌ក្រោមមេឃ” ហើយតាមប្រភពថា ផលិតកម្មហង្សមាស ធ្លាប់ប្រាប់នាងថា ធ្វើពិធីការិនីហ្នឹងសិនទៅ ចាំថ្ងៃក្រោយប់ចង់ច្រៀងចាំប្រាប់គាត់។ ដោយសារតែចង់សម្រេចបំណងបំពេញក្ដីស្រមៃកា្លយជាអ្នកចម្រៀងអាជីពល្បីឈ្មោះម្នាក់នេះ ហើយបានជាច័ន្ទធីតា ដែលបានតំណែងត្រឹមជាពិធីការិនី ហើយមិនអស់ចិត្ត ចង់តែចូលទៅប្រជ្រៀតក្នុងចំណោមតារាចម្រៀងល្បីៗរបស់ហង្សមាស នោះ បានត្រឹមនៅរារែកចិត្តមិនចង់ចូលទៅផលិតកម្មណា មុនបានចម្លើយពីថ្នាក់ដឹកនាំហង្សមាស ឡើយ។

តារាចម្រៀងមួយចំនួនទៀតបានលើកឡើងថា ច័ន្ទធីតា អាចក្លាយទៅជាតារាចម្រៀងម្នាក់ដ៏គួរឲ្យចាប់អារម្មណ៍ ប្រសិនបើនាងក្លាយទៅជាសមាជិករបស់ផលិតកម្មសាន់ដេ ឬថោន នោះ។ តែប្រសិនបើអ្នកចម្រៀងដែលបរាជ័យក្នុងការលើកពាន Cambodian Idol ព្រោះធ្លាក់ក្នុងកណ្ដាប់ដៃនី រតនា រូបនេះចូលទៅហង្សមាស វិញ គឺប្រៀបដូចជាដើរជាន់បន្លាអីចឹង ព្រោះពេលនេះ ហង្សមាស មានតារាច្រៀងឡើងគរគ្នាទៅហើយ តែតួឯកស្រីដែលសំខាន់ គឺឱក សុគន្ធកញ្ញា និងពេជ្រ សោភា ។

តារាចម្រៀងដែលក្លាយទៅជាពិធីការិនីរូបនេះ ថ្លែងថា ”នៅប៉ុស្ដិ៍ហង្សមាស ខ្ញុំអត់មានបញ្ហាអីទេ គឺទៅធ្វើការធម្មតា តែថ្នាក់ដឹកនាំគាត់មិនទាន់ប្រាប់ឲ្យធ្វើកម្មវិធីថ្មីទេ គឺនៅតែកាន់កម្មវិធី១ហ្នឹង “ឋានសួគ៌ក្រោមមេឃ”។ រាល់ថ្ងៃខ្ញុំរវល់ច្រើនដែរ តាមការច្រៀងនៅប៉ុស្ដិ៍ទូរទស្សន៍ និងកម្មវិធីផ្សេងៗ ហើយថ្មីៗនេះ គេហៅថតកុនដែរ តែខ្ញុំមិនទាន់ចង់ថតទេ ព្រោះអីតួខ្លះយើងមិនចង់សម្ដែង មិនមែនថា វ៉ៃឬកអីទេ ការថតកុន គឺខ្ញុំមើលទៅតាមសាច់រឿងដែរហ្នឹង។ អ្នកខ្លះថាអូនឯងមិនបាច់ទៅថតកុនអីណាទៀត បើពេលហ្នឹងហង្សមាស គេធ្វើកុនរកតែតួថតមិនបានផង។ ខ្ញុំប្រាប់គេថា គាត់ (ហង្សមាស) អត់ទាន់ហៅខ្ញុំថតផង តែខ្ញុំពេញចិត្តថតរឿងឲ្យហង្សមាស ជានិច្ច ប្រសិនបើគាត់ត្រូវការយើង”។

សុន ច័ន្ទធីតា អាចច្រៀងបានទាំងបទជាភាសាខ្មែរ អង់គ្លេស និងថៃ ហើយថ្មីៗនេះ នាងក៏បានចេញជា Original Songs ២បទផ្ទាល់ខ្លួនដែរ ដែលមាន កញ្ញានី សុគន្ធា ជាអ្នកនិពន្ធឲ្យ គឺបទ ”មនុស្សក្រៅផ្លូវការ” និងបទ ”ដល់ពេលចាកចេញ”។ តែយ៉ាងណា បទទាំង២នេះ នៅមិនទាន់ចេញជា MV បានទេ ដោយសារតែធីតា ថាត្រូវការធ្វើឲ្យមានគុណភាព មិនចង់ចេញឲ្យតែបាន។

សុន ច័ន្ទធីតា ដែលប្រេះឆាស្នេហ៍ជាមួយនិសិ្សតរៀនជាមួយគ្នានៅមហាវិទ្យាល័យធនធានមនុស្ស នោះត្រូវបានគេបង្ហើបឲ្យដឹងថា ស្រីក្មេងរូបនេះមិនទុកបេះដូងឲ្យនៅទំនេរឡើយ គឺនាងមានសង្សារថ្មីទៀតហើយ ដែលជាតន្ដ្រីកររូបសង្ហាម្នាក់។

ប្រភពបានឲ្យដឹងថា ធីតា ស្រលាញ់បុរសថ្មីនោះខ្លាំង រហូតប្រុសផ្សេងដែលមានទ្រព្យតាមស្នេហ៍នាង ក៏ពិធីការិនីរូបនេះមិនចាប់អារម្មណ៍ឡើយ…។

តារាវ័យ២២ឆ្នាំរូបនេះ និយាយលាយសំណើចថា ”សម្រាប់ខ្ញុំ គឺពិតហើយ បើខ្ញុំស្រលាញ់ម្នាក់ណា គឺស្មោះតែម្នាក់ហ្នឹងមែន។ តែរឿងថា ខ្ញុំមានសង្សារថ្មីជាតន្ដ្រីករហ្នឹង គឺគេចេះតែថាតែម្ដង ព្រោះអីសម្រាប់អារម្មណ៍ផ្ទាល់ខ្លួន ខ្ញុំគឺដូចជាមិនចង់បានសង្សារតន្ដ្រីករអីទេ និយាយទៅអារម្មណ៍ស្រលាញ់ត្រឹមតែ១០ទៅ២០%ហ្នឹង។ ពេលខ្លះ ខ្ញុំពិបាកដែរ ព្រោះមានអ្នកខ្លះគាត់ដើរប្រាប់គេថា ខ្ញុំហ្នឹងសង្សារគាត់ អីចឹងទៅមានច្រើននាក់ហើយ តែពេលខ្លះគាត់និយាយលេង ក៏មានដែរ អីចឹងរកទៅប្រកាន់មិនកើតទេ។ និយាយដោយត្រង់ទៅ ខ្ញុំអត់ទាន់មានអ្នកថ្មីទេ ហើយក៏មិនទាន់ចង់បានដែរ ព្រោះខ្ញុំខុសគេ តែស្រលាញ់អ្នកណាហើយ គឺស្មោះតែម្នាក់ហ្នឹងទេ អីចឹងនៅយូរបន្ដិចទៀតចុះ”៕

RELATED ARTICLES