Thursday, April 25, 2024
Homeព័ត៌មានជាតិប្រជាពលរដ្ឋនិងព្រះសង្ឃ ផ្ទុះជម្លោះគប់ដុំថ្មដាក់គ្នាទៅវិញទៅមក ក្រោយពេលបិទបាស់រាំកំសាន្ត

ប្រជាពលរដ្ឋនិងព្រះសង្ឃ ផ្ទុះជម្លោះគប់ដុំថ្មដាក់គ្នាទៅវិញទៅមក ក្រោយពេលបិទបាស់រាំកំសាន្ត

ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីចប់ការរាំលេងកំសាន្តសប្បាយនាពេលយប់ ខណ:ដល់ម៉ោងបិទធុងបាស ស្រាប់តែមានបញ្ហាទំនាស់មួយបានកើតឡើងរវាងប្រជាពលរដ្ឋជាមួយព្រះសង្ឃ ដែលគង់នៅក្នុងវត្តអូរឈើក្រំ ដោយបានយកដុំថ្មគប់ដាក់គ្នាទៅវិញទៅមក បណ្តាលឱ្យព្រះសង្ឃ១អង្គ រងរបួសស្រាល ។ លុះបន្ទាប់ពីមានការអន្តរាគមន៍ពីសមត្ថកិច្ចជាច្រើនស្ថាប័ន ទើបភាគីជម្លោះទាំងពីរបានផ្អាក រង់ចាំដោះស្រាយនាពេលព្រឹក។

ហេតុការណ៍ប្រជាពលរដ្ឋ១ក្រុមឈ្លោះទាស់ទែងជាមួយព្រះសង្ឃ រហូតដល់គប់ដុំថ្មដាក់គ្នានេះ បានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណវត្តអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

ប្រភពព័ត៌មានបានឱ្យដឹងថា នារដូវបុណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ខណ:នៅគ្រប់វត្តអារាមទាំងអស់ ត្រូវបានគេចាក់ធុងបាសឱ្យប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចូលរាំលេងកំសាន្តសប្បាយ ដោយឡែកនៅក្នុងវត្តអូរឈើក្រំ ក៏មិនខុសពីវត្តដទៃដែរ ដោយគេចាប់ផ្តើមដាក់ឱ្យរាំជារៀងរាល់យប់ រហូតដល់យប់ថ្ងៃកើតហេតុ ខណ:ប្រជាពលរដ្ឋកំពុងរាំរហូតដល់វេលាម៉ោង១១និង០០នាទីយប់ ហើយជាពេលវេលាដែលត្រូវផ្អាករាំរែក ស្រាប់តែមានបញ្ហាឈ្លោះទាស់ទែងគ្នា រវាងប្រជាពលរដ្ឋនៅក្នុងភូមិ និងព្រះសង្ឃដែលនៅក្នុងវត្ត ដោយសារពាក្យសម្តីបន្តិចបន្តួច ក៏យកដុំថ្មគប់ដាក់គ្នាទៅវិញទៅមក បណ្តាលឱ្យព្រះសង្ឃ១អង្គរងរបួសស្រាល រហូតដល់មានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅទីនោះ ។

ប្រភពបន្តទៀតថា ពេលដែលកម្លាំងនគរបាល និងទាហានសឹករងស្រុកសាលាក្រៅ ធ្វើការអន្តរាគមន៍ចាប់ឃាត់នោះភាគីទាំងពីរមិនព្រមស្តាប់ ក៏មិនបញ្ឈប់សកម្មភាពដែរ ហើយរហូតដល់ទាហានម្នាក់បានបាញ់កម្លាំង១គ្រាប់ ក៏មិនព្រមឈប់ដដែល ទើបរហូតដល់វេលាម៉ោង១១និង២០នាទី កម្លាំងនគរបាលព្រំដែន និងកងរាជអាវុធហត្ថ ជួយបំបែកហ្វូងចេញ ទើបផ្អាកសកម្មភាព ហើយរង់ចាំធ្វើការដោះស្រាយនៅពេលព្រឹក ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តប៉ៃលិន បានឱ្យដឹងថា  ខាងលោកមិនទាន់ដឹងរឿងច្បាស់នៅឡើយទេ ចាំឱ្យមន្រ្តីចុះទៅសួរនាំនៅវត្តខាងលើ ។

សូមបញ្ជាក់ថា វត្តអូរឈើក្រំ ខាងលើនេះ ធ្លាប់មានបញ្ហាទំនាស់ផ្ទៃក្នុងជាយូរមកហើយ ដោយចែកបក្ខគ្នា រវាងព្រះសង្ឃ និងព្រះសង្ឃ ហើយប្រជាពលរដ្ឋរស់នៅក្នុងភូមិដែលចូលទៅធ្វើបុណ្យនៅក្នុងវត្តនេះ ក៏មានការលំបាកយ៉ាងខ្លាំងផងដែរ ៕

RELATED ARTICLES