Friday, April 26, 2024
Homeតារាខ្មែរថោន ប្រាប់ថា មិនលេងស្ទីលតាមហង្សមាស ហើយអត់ដឹងរឿងធឿន បូរី ចូលផលិតកម្ម

ថោន ប្រាប់ថា មិនលេងស្ទីលតាមហង្សមាស ហើយអត់ដឹងរឿងធឿន បូរី ចូលផលិតកម្ម

មុននេះលេចឮថា តារាចម្រៀងកុមារធឿន បូរី ត្រូវបានឪពុកមារបស់ខ្លួន លោកប៊ុនថាត អះអាងថា បូរី បានក្លាយទៅជាតារាចម្រៀងជាផ្លូវការរបស់ផលិតកម្មថោនទៅហើយ ដែលមានអ្នកនិពន្ធថោន លោកយឹម តាស្រង់ បានត្រៀមចម្រៀង៥បទ សម្រាប់បូរី ច្រៀងដែលនឹងចេញលើថាសចម្រៀងថោន ក្នុងពេលឆាប់ៗនេះហើយ…។ ការដែលថោន ជ្រើសយកធឿន បូរី ដែលជាអីតតបេក្ខភាពមិនទទួលបានពានក្នុងកម្មវិធីប្រលងចម្រៀងយុវកុមារ Codomo ដែលរៀបចំដោយក្រុមហ៊ុន BKA នោះ ច្បាស់ណាស់ថា ថោន ចង់ប្រជែងជាមួយផលិតកម្មហង្សមាស ដែលកំពុងតែជ្រើសរើសរកម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រលងចម្រៀង “The Voice Kids Cambodia” មិនទាន់ឃើញ ហើយថោន ឈានមួយជំហានមុនហង្សមាស ព្រោះទម្រាំតែហង្សមាស ជ្រើសបានម្ចាស់ពាននោះ គឺធឿន បូរី បានចេញជាបទច្រៀងមុនម្ចាស់ពាន “The Voice Kids Cambodia” ទៅហើយ ហេតុនេះហើយ ថោន លេងមួយក្បាច់ដាច់ផ្ញារហង្សមាស ព្រោះមិនចាំបាច់ប្រលងជ្រើសរើសកុមារ នាំតែពិបាកលួងក្មេងៗដែលធ្លាក់យំពេញឆាកនោះ គឺជ្រើសយកបូរី ដែលអាចច្រៀងបានស្រាប់តែម្ដង។

លោកករុណា ពេជ្រ អ្នកចាត់ការទូទៅផលិតកម្មថោន

ក្រុមអ្នកជំនាញសិល្បៈបានលើកឡើងមុននេះថា ថោន ជ្រើសរើសធឿន បូរី ឲ្យធ្វើជាតារាចម្រៀងរបស់ខ្លួន គឺជារឿងត្រឹមត្រូវ ព្រោះជាការស្រោចស្រង់ជីវភាពបូរី ដែលកំពុងតែក្រលំបាកនោះឲ្យមានភាពល្អប្រសើរផង ម្យ៉ាងទៀតទម្រាំតែហង្សមាស រកបានម្ចាស់ពាន “The Voice Kids Cambodia” នឹងរៀបចំធ្វើបទចម្រៀងនោះ គឺបូរី បានចេញបទចម្រៀងលើទីផ្សារមុនបាត់ទៅហើយ។

ប៉ុន្ដែក្នុងជំនួបតាមទូរស័ព្ទជាមួយលោកករុណា ពេជ្រ កាលពីថ្ងៃទី១២ ខែតុលា អ្នកចាត់ការទូទៅរបស់ផលិតកម្មថោន រូបនេះ បែរជានិយាយបែបលាក់លៀមរឿងធឿន បូរី ចូលថោន នោះទៅវិញ ដោយលោកថែមទាំងអះអាងថា ក្នុងនាមរូបលោកផ្ទាល់យល់ថា បើហង្សមាស កំពុងតែជ្រើសរើសយកតារាចម្រៀងវ័យក្មេងនោះ គួរតែថោន ធ្វើកម្មវិធីអីផ្សេងខុសពីហង្សមាស ទៅវិញល្អជាង យើងមិនយក Style តាមហង្សមាស ទេ។

ធឿន បូរី និងលោក ចា រិទ្ធី

លោកករុណា ពេជ្រ បញ្ជាក់ថា ”សម្រាប់ខ្ញុំផ្ទាល់យល់ថា បើពេលនេះ ហង្សមាស កំពុងតែប្រលងចម្រៀងជ្រើសរើសតារាយុវកុមារវ័យក្មេងហើយ អីចឹងអ្នកដែលជាប់ ច្បាស់ជាក្លាយទៅជាតារារបស់គាត់ អីចឹងខ្ញុំនឹងមិនធ្វើលំនាំបែបគាត់ទេ គឺយើងអាចធ្វើអីផ្សេងវិញ កុំឲ្យថាយើងយកលំនាំតាមគាត់អី។ ដោយឡែកចំពោះធឿន បូរី វិញ ខ្ញុំក៏បានឃើញព័ត៌មានគេចុះថា បូរី ចូលថោន ដែរ តែខ្ញុំជាអ្នកគ្រប់គ្រងតារានៅថោន នេះ ខ្ញុំអត់ទាន់បានដឹងរឿងហ្នឹងទេ។ ខ្ញុំបានយកព័ត៌មានថា ធឿន បូរី ចូលថោន នេះទៅបង្ហាញលោកថៅកែខ្ញុំ គាត់ក៏បានប្រាប់ខ្ញុំវិញថា អត់ដឹងរឿងហ្នឹងដែរ អីចឹងខ្ញុំពិតជាមិនបានដឹងថា ថោន យកធឿន បូរី ហ្នឹងមែនបង”។

ធឿន បូរី ជាមួយកញ្ញាបេប៊ី និងកញ្ញាជីជី

ផ្ទុយពីការអះអាងរបស់លោកករុណា ពេជ្រ នេះ ដោយលោកប៊ុន ថាត ត្រូវជាឪពុកមារបស់ធឿន បូរី បានប្រាប់អ្នកយកព័ត៌មានយើងថា ធឿន បូរី បានទៅដល់ Studio ថោន ២ដងរួចទៅហើយ ដែលនឹងត្រៀមថតបទចម្រៀងថ្មី៤ទៅ៥បទ ហើយមានអ្នកនិពន្ធថោនលោកយឹម តាស្រង់ បានរៀបចំបទចម្រៀងសម្រាប់បូរី អស់ទៅហើយ គឺបូរី ពេលនេះជាអ្នកចម្រៀងដែលត្រៀមចុះកុងត្រាជាមួយថោនទៀតផង។ ចំណែកលោកចា រិទ្ធី ដែលជាឪពុកចិញ្ចឹមរបស់ធឿន បូរី ក៏បានបង្ហើបឲ្យដឹងថា បូរី ត្រូវបានផលិតកម្មមួយទទួលយកទៅបាត់ទៅហើយ តែលោកមិនប្រាប់ថា ជាផលិតកម្មណាទេ ទោះជាគេដឹងថា គ្មានផលិតកម្មណក្រៅតែពីថោន ក៏ដោយ។

ក្នុងជំនួបតាមទូរស័ព្ទជាមួយលោកប៊ុនថាត សារជាថ្មី នៅថ្ងៃទី១២ ខែតុលា នេះ ឪពុកមារបស់បូរី ហាក់មិនចង់និយាយច្បាស់ៗដូចមុនពីការថតចម្រៀងរបស់បូរីនៅផលិតកម្មថោន នោះឡើយ ដែលទំនងជាលក្ខខណ្ឌរបស់ថោន មិនចង់ឲ្យមានការប្រកាសជាមុន ព្រោះខ្លាចសាបមុនពេលបូរី ចេញបទចម្រៀង។

លោកប៊ុន ថាត និយាយដោយប្រុងប្រយ័ត្នថា ”រឿងហ្នឹងខ្ញុំពិបាកនិយាយដែរ ព្រោះមុនហ្នឹងមានសារព័ត៌មានចេញទៅពិបាកដែរ។ ខ្ញុំគ្រាន់តែអាចនិយាយបានថា ធឿន បូរី ត្រូវផលិតកម្មថោន គាត់ផ្ដល់ឱកាសឲ្យច្រៀងនៅ Studio តែត្រង់ថា មានការកុងត្រាប៉ុន្មានឆ្នាំ ចេញបទចម្រៀងពេលណានោះ ខ្ញុំមិនដឹងច្បាស់ទេ”។

កុមារាធឿន បូរី ថើបកញ្ញាជីជី

ធឿន បូរី ដែលស្លៀកពាក់ជាក្មេងស្រុកស្រែឃ្វាលគោនោះ បានច្រៀងចម្រៀងអត់ភ្លេងបទ ”ស្ទឹងសែនប៉ារីស“ ហើយបង្ហោះតាម facebook ក៏ត្រូវបានលោកចា រិទ្ធី ដែលជាអ្នកគ្រប់គ្រងកម្មវិធីសិល្បៈរបស់ប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ ពេញចិត្តដោយផ្ដល់ឱកាសឲ្យច្រៀងកម្មវិធីប្រគំតន្ដ្រីរបស់ប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធីផ្សាយផ្ទាល់ទៀតផង។ លោកចា រិទ្ធី ថែមទាំងពេញចិត្តសមត្ថភាពរបស់បូរី ជាខ្លាំង រហូតទទួលយកបូរី ធ្វើជាកូនចិញ្ចឹមដោយទំនុកបម្រុងគ្រប់បែបយ៉ាងទាំងអស់ ហើយលោកថែមទាំងនាំបូរី ទៅជួបឯកឧត្តមលី ឆេង នាយកសាកលវិទ្យាល័យប៊ែលធី អន្ដរជាតិ ហើយលោកសាកលវិទ្យាធិការ ថែមទាំងបានផ្ដល់អាហារូបករណ៍ ១០០% ឲ្យធឿន បូរី រៀនចាប់ពីថ្នាក់ទី៣ រហូតដល់ទី១២ ដោយមិនអស់ប្រាក់ទៀតផង។

ឪពុកមាធឿន បូរី បន្ថែមថា ”បូរី បានចូលរៀនកាលពីម្សិលមិញ (ថ្ងៃទី១១ ខែតុលា) ហើយ ដោយឪពុកគេបានមករស់នៅភ្នំពេញ ជាមួយ ក្រោមការទំនុកបម្រុងពីលោកចា រិទ្ធី។ ខ្ញុំចង់ឲ្យបូរី ផ្ដោតលើការសិក្សាជាងសិល្បៈ ព្រោះចំណេះដឹងសំខាន់ខ្លាំងណាស់។ តែទេពកោសល្យគេច្រៀងបាននោះ ក៏ត្រូវតែដើរទន្ទឹមគ្នាដែរ អីចឹងអាចឡើងច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ផងដែរ តាមតែអាចឆ្លៀតបាន”។

កុមារាពេជ្រ ថៃ និងលោកព្រាប សុវត្ថិ

ការដែលថោន បានជ្រើសរើសយកធឿន បូរី ធ្វើជាតារាចម្រៀងរបស់ខ្លួននេះ គឺស្របពេលដែលពេជ្រ ថៃ ដែលជាបេក្ខភាពលេចធ្លោម្នាក់ និងជាកូនក្រុមរបស់ព្រាប សុវត្ថិ ក្នុងកម្មវិធីប្រលងចម្រៀង “The Voice Kids Cambodia” នោះ ស្រាប់តែបានឈានចូលទៅវគ្គផ្ដាច់ព្រ័ត្រកម្មវិធីនេះ នៅថ្ងៃទី១៤ ខែតុលាដែរ ទើបធ្វើឲ្យមានការសន្និដ្ឋានថា បើពេជ្រ ថៃ ក្លាយទៅជាម្ចាស់ពាននិងជាតារាចម្រៀងរបស់ហង្សមាស នោះគឺនឹងពិបាកប្រជែងសមត្ថភាពជាមួយធឿន បូរី របស់ថោន ជាមិនខាន។ តែបើហង្សមាស ជ្រើសយកកុមារាឡុង លីគ័ង្គ ជាម្ចាស់ពាននោះ បូរី នឹងពិបាកទប់ទប់វិញជាមិនខានឡើយ។

កុមារាឡុង លីគ័ង្គ

លោកវណ្ណា ដែលជាអ្នកគ្រប់គ្រងកម្មវិធី “The Voice Kids Cambodia” នោះមិនបានបកស្រាយពីបញ្ហានេះឡើយ កាលពីថ្ងៃទី១១ ខែតុលា ដោយលោកប្រាប់តាមទូរស័ព្ទថា ស្ដាប់មិនឮ ព្រោះលោកកំពុងឲ្យកុមារដែលត្រូវប្រលងវគ្គផ្ដាច់ព្រ័ត្រច្រៀងសមភ្លេង។

យ៉ាងណា លោកប៊ុន ថាត ធ្លាប់អះអាងថា ធឿន បូរី ជាកុមារដែលមានសំណាងជាងកុមាររាប់លាននាក់ទៀត ព្រោះបូរី មិនបានពានរង្វាន់អីទេ តែមានឱកាសបានក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្មថោន នាពេលនេះ៕

RELATED ARTICLES