Friday, April 26, 2024
Homeតារាខ្មែរឡាយ លក្ខិណា មិនមានចិត្តច្រណែនមិត្តភក្តិរួមជំនាន់ ខណៈត្រៀមចេញទៅអាមេរិក ជាមួយអែនឌី

ឡាយ លក្ខិណា មិនមានចិត្តច្រណែនមិត្តភក្តិរួមជំនាន់ ខណៈត្រៀមចេញទៅអាមេរិក ជាមួយអែនឌី

អ្នកនាងឡាយ លក្ខិណា បានបាត់មុខពីឆាកតន្ត្រី១២ឆ្នាំមកហើយ ដោយសម្ងំលាក់សម្រស់ ធ្វើជាថៅកែស្រីលក់សម្លៀកបំពាក់យ៉ាងសាមញ្ញ ខណៈដែលមិត្តភក្តិរួមជំនាន់នាងមួយចំនួនទៀត បានក្លាយទៅជាជំទាវ ដេកលើគំនរទ្រព្យ។

កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ អ្នកនាងឡាយ លក្ខិណា បានចាប់កាន់ក្បាលមីក្រូសាជាថ្មី ដោយដឹកដៃលោកអែន ឌី ឡើងឆាកតន្ត្រីរបស់ CTN នាំឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំងថា អតីតតារារូបនេះចង់វិលត្រឡប់មករកអាជីពចាស់សាជាថ្មីវិញ ក្រោយបែកបាក់ស្នេហ៍ ស្របពេលដែលលក្ខិណា ត្រៀមខ្លួនហោះទៅអាមេរិក នៅខែធ្នូ ខាងមុខ…។

បទ “ឈ្មោះ អូនដូចដួងតារា” និងបទ “ផ្សងជួបគ្រប់ជាតិ” ត្រូវបានអ្នកនាងឡាយ លក្ខិណា ចាប់ដៃលោកអែនឌី ច្រៀងផ្តោះផ្តងឆ្លងឆ្លើយគ្នាលើឆាកតន្ត្រី “រាត្រីកម្សាន្ត” របស់ CTN ដែលលក្ខិណា គ្រងឈុតបុរាណជាប្រពៃណីខ្មែរនោះ មើលទៅដូចកូនក្រមុំមែនទែនអីចឹង ដែលនាំឱ្យទស្សនិកជនជាច្រើនបានចាប់អារម្មណ៍អតីតតារារូបនេះ ពិសេសគឺថ្វីត្បិតតែអតីតតារារូបនេះបានឃ្លាតឆ្ងាយពីឆាកតន្ត្រី ១២ឆ្នាំទៅហើយក្តី តែអ្នកនាងនៅតែមានរូបសម្រស់ស្អាត មិនប្រែប្រួលឡើយ អំឡុងពេលដែលបាត់ខ្លួនជាង១ទសវត្សនេះ។

ក្នុងជំនួបផ្ទាល់ អ្នកនាងឡាយ លក្ខិណា និយាយដោយសប្បាយរីករាយថា អ្នកនាងមានអារម្មណ៍រំភើបណាស់ ដែលបានច្រៀងបំពេបងប្អូនសាជាថ្មីវិញ ហើយឃើញបងប្អូននៅតែមានការគាំទ្របែបនេះ ហេតុនេះហើយអ្នកនាងត្រូវតែរកពេលវេលាឡើងឆាកវិញ នៅពេលណាដែលអាចឆ្លៀតបាន។

ឡាយ លក្ខិណា វាចាថា “ខ្ញុំធ្លាប់ចាប់ដៃគ្នាច្រៀងជាមួយលោកអែនឌី កាលពីឆ្នាំមុន អីចឹងពេលនេះ យើងមានឱកាសចាប់ដៃគ្នាសាជាថ្មីវិញ ដោយសារតែពួកយើងជាដៃគូយល់ចិត្តគ្នាច្រើន។ ខ្ញុំស្រលាញ់ និងចូលចិត្តឈុតបុរាណប្រពៃណីខ្មែរយើង​ ហើយថ្ងៃនេះ ខ្ញុំស្លៀកពាក់ឡើងឆាក មានអារម្មណ៍ថា សប្បាយចិត្តដែលបងប្អូនបានគាំទ្រ ហើយបើមាន​ពេលគ្រប់គ្រាន់ ខ្ញុំនឹងឆ្លៀតឡើងឆាកតាមកម្មវិធីផ្សេងៗទៀត បើសិនជាមានគេហៅទៀតនោះ។ រយៈពេល១២ឆ្នាំហើយ ដែលខ្ញុំមិនដែលឡើងច្រៀង​តាមឆាកទេ ដោយសារតែខ្ញុំជាប់រវល់​ការងាររកស៊ីនៅខាងក្រៅ ហើយខ្ញុំក៏មិនដែលសូវបានទៅ​ចូលរួមកម្មវិធីអ្នកសិល្បៈ ដូចតារាដទៃទៀតដែរ គឺដោយសារតែយើងមិនសូវមានពេលទំនេរ”។

ឡាយ លក្ខិណា ដែលផ្តាច់ខ្លួនពីអាជីពសិល្បៈ និងធ្លាក់ខ្លួនក្លាយទៅជាមេម៉ាយនោះបានទៅសម្ងំលាក់សម្រស់ លក់សម្លៀកបំពាក់នៅផ្សារអូរប្ញស្សី ជាច្រើនឆ្នាំ ហើយពេលនេះបានផ្លាស់មកបើកហាង លក់ខោអាវនៅក្បែរផ្សារទួលគោក វិញម្តង។

មានព័ត៌មានថា ពេលនេះមិនត្រឹមតែចាប់ផ្តើមឡើងឆាកតន្ត្រីដូចមុននោះទេ តែអ្នកនាងលក្ខិណា ថែមទាំងមានគម្រោងចេញទៅច្រៀងបង្អួតសម្រស់នៅអាមេរិក រយៈពេល២ខែថែមទៀតផង ដែលនឹងហោះចេញពីស្រុកខ្មែរ នៅអំឡុងខែធ្នូ ឆ្នាំ២០១៧នេះហើយ។

ឡាយ លក្ខិណា និយាយលាយសំណើចថា “រឿងទៅអាមេរិកហ្នឹង គឺមែន តែមិនទាន់ច្បាស់លាស់១០០%ទេ គ្រាន់តែថា យើងមានគម្រោងចេញទៅនៅខែធ្នូ ចុងឆ្នាំ២០១៧ នេះហើយ គឺបើអាចទៅបាន គឺត្រូវសម្តែងច្រៀង២ខែ ឯណោះ។ និយាយទៅ ខ្ញុំមិនដែលបានទៅសម្តែងច្រៀងនៅបរទេសទេ គឺមានតែម្តងហ្នឹងខាងសមាគមគេនៅអាមេរិក គេអញ្ជើញខ្ញុំទៅជាមួយតារាចម្រៀង២រូបផ្សេងទៀត។ តាមពិត ខ្ញុំចង់ទៅស្គាល់ស្រុកគេដែរ បានជាត្រៀមចេញទៅហ្នឹង ហើយតាមដំណឹងថា ឥឡូវមានការពិបាកជាងមុន ក្នុងការចេញទៅអាមេរិកហ្នឹង អីចឹងហើយខ្ញុំមិនទាន់ច្បាស់លាស់រឿងហ្នឹងទេ ព្រោះមិនទាន់ជាក់លាក់ អត់ទាន់ចង់និយាយទុកជាមុន”។

ឡាយ លក្ខិណា ដែលមានវ័យហាក់ច្រើនបន្តិចមែន តែតារាដែលបាត់មុខជាង១០ឆ្នាំ នៅតែមានរូបឆោមទ្រលុកទ្រលន់រូបនេះ នឹងធ្វើឱ្យប្រុសអាណិកជនខ្មែរ នៅអាមេរិក ជ្រួលជ្រើមជាមិនខានឡើយ នៅពេលដែលអ្នកមេម៉ាយរូបស្រស់នេះទៅបង្ហើរសំនៀងដ៏ផ្អែម កាយវិការដ៏ល្វតល្វន់នៅចំពោះមុខប្រុសអាមេរិកជាច្រើន ដែលកំពុងតែជ្រួលជ្រើមចាំជួបតារាសាច់សខ្ចីមិនព្រមចាស់រូបនេះ។ ចំណែកនៅក្នុងស្រុកវិញ លក្ខិណា ក៏មិនខ្វះអ្នកធំៗតាមស្រលាញ់ ចង់ធានាស្អំបេះដូងអ្នកនាងឱ្យមានកម្តៅសាជាថ្មី តែលក្ខិណា ហាក់នៅតែស្ទាក់ស្ទើរក្នុងចិត្ត ព្រោះមិនចង់ប្រថុយឡើយ ខ្លាចធ្លាក់ខ្លួនមេម៉ាយ២ភ្លើង នាំតែពិបាកស្តារមុខ។

អ្នកនាងលក្ខិណា បញ្ជាក់ថា ការដែលអ្នកនាងអាចរក្សារូបសម្រស់បាននៅក្មេងជាងវ័យនេះ គឺដោយសារតែអ្នកនាងមិនបានកែសម្រស់អីដូចគេទេ គឺចូលចិត្តជារបស់ធម្មជាតិ ហើយអ្នកនាងមិនដែលយករឿងដែលពិបាកចិត្តមកលាយឡំជាមួយរឿងរកស៊ីឡើយ គឺត្រូវបែងចែកឱ្យដាច់ពីគ្នា។

ដោយឡែកសម្រាប់រឿងស្នេហាថ្មីនៅឆ្នាំ២០១៧​ នេះ អ្នកនាងថា មានគេស្រលាញ់ ហើយកំពុងស្វែងយល់ចិត្តគ្នានៅឡើយ តែមិនមែនជាសង្សារទេ គឺគ្រាន់តែមើលចិត្តគ្នា ហើយនៅពេលនេះ អ្នកនាងមិនទាន់ចង់និយាយរឿងស្នេហ៍ថ្មីឡើយ។

អ្នកនាងឡាយ លក្ខិណា បន្ថែមថា មានតែត្រេកអរនៅពេលដែលឃើញមិត្តភក្តិមួយចំនួន គេមានបានក្លាយទៅជាជំទាវនោះ ដោយអ្នកនាងមិនដែលមានកូនចិត្តច្រណែនគេឡើយ តែលក្ខិណា បញ្ជាក់ថា មនុស្សយើងធ្វើអ្វីក៏ដោយ បើខ្លួនឯងគិតថា សប្បាយចិត្ត ចាំធ្វើ តែបើធ្វើទាំងមិនសប្បាយចិត្ត កុំធ្វើអី…។

ការលេចមុខជាថ្មីរបស់អ្នកនាងឡាយ លក្ខិណា នៅលើឆាកតន្ត្រីនេះ ក៏ធ្វើឱ្យបណ្តាផលិតករមួយចំនួន ចាប់អារម្មណ៍ក្នុងការហៅអ្នកនាងសម្តែងភាពយន្តដែរ បន្ទាប់ពីមុននេះ លក្ខិណា បានបដិសេធថតរឿង “រៃមាស” របស់អ្នកស្រីពាន់ ភួងបុប្ផា នៅផលិតកម្មថោន។ ប៉ុន្តែពេលនេះ លក្ខិណា ថា អ្នកនាងអាចនឹង ថតរឿងថ្មីផងដែរ ប្រសិនរឿងនោះ ប្រើពេលខ្លី ហើយអ្នកនាងទំនេរពីការរកស៊ី៕

RELATED ARTICLES