អនិច្ចាវត្តកម្សត់ កុដិ ព្រះវិហារបាំងស្លឹកដូងធ្លុះធ្លាយ

ព្រះវិហារវត្តជប់ទួលពពែ ជញ្ជាំងបាំងស្លឹកដូងធ្លុះធ្លាយ

ខេត្តសៀមរាប ៖ វត្តកម្សត់មួយ បើទោះបីមានព្រះសង្ឃគង់នៅដល់ទៅ៤៥អង្គ ក៏ដោយ ក៏ទីអារាមទាំងមូល ជួបប្រទះភាព អត្តខាត់ ទ្រុឌទ្រោមខ្លាំងណាស់ សូម្បីកុដិ ព្រះវិហារ ប្រក់ដំបូល និងបាំងជញ្ជាំងស្លឹកដូង រខេករខាកធ្លុះធ្លាយគួរឱ្យអនិច្ចាជាពន់ពេក។

វត្តកម្សត់នេះ មានឈ្មោះថា “បាលីក្រាប ដំរី ក្រាប” ហៅវត្ត “ជប់ទួលពពែ” ស្ថិតនៅ តំបន់ដាច់ស្រយាលក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ទីអារាមនេះ  ទើប តែបង្កើតបាន៣ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមកដល់ពេល នេះ មានព្រះសង្ឃគង់នៅដល់ទៅ៤៥អង្គ ដើម្បី បានសិក្សារៀនសូត្រធម៌ វិន័យ ផ្ចិតផ្ចង់តម្រង់ ទិសផ្លូវចិត្តតាមផ្លូវព្រះពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋ។

អតីតព្រះសង្ឃគង់នៅវត្តចៅវិបុលយសកេរ្តិ៍ ហៅចៅស្រីវិបុល នៅតំបន់ជិតគ្នាដែល ត្រូវបាននិមន្តមក ធ្វើព្រះចៅអធិការវត្តខាងលើ ព្រះតេជគុណអូន ប៉ាវ មានថេរដីកាថា ក្នុងរយៈពេល៣ឆ្នាំ នៃការកកើតវត្តនេះ មកដល់ពេល នេះ ទើបតែបានកសាងឧបដ្ឋានសាលា ឬសាលាឆាន់ ធ្វើអំពីបេតុងធម្មតា បាន៧០រយប៉ុណ្ណោះ ក្រៅពីនោះ ដូចជាកុដិព្រះវិហារ សាលាពុទ្ធិក ថ្នាក់បឋមសម្រាប់ព្រះសង្ឃរៀនសូត្រ មិនមាន បច្ច័យកសាងនោះឡើយ។ ម៉្លោះហើយ នៅ ពេលដែលត្រូវរៀនធម៌វិន័យ ត្រូវមកគង់នៅ ឧបដ្ឋានសាលា ដែលកំពុងសាងសង់មិនទាន់ ហើយនេះ។

កុដិព្រះសង្ឃ និងព្រះវិហារវត្តជប់ទួលពពែ ដែលព្រះសង្ឃគង់នៅ ៤៥អង្គ អំពាវនាវរកសប្បុរសជនជួយឧបត្ថម្ភសាងសង់

ព្រះតេជគុណអូន ប៉ាវ មានថេរដីកាប្រាប់ “នគរធំ” នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ថា “ចម្រើនពរ! សព្វថ្ងៃនេះ ទើបតែធ្វើបាន សាលាឆាន់ ដែលយើងធ្វើបាន៧០% តែអ្វីដែលនៅខ្វះ គឺកុដិព្រះវិហារ និងសាលាពុទ្ធិកៈ របស់សង្ឃរៀនសូត្រ។ បានន័យថា នៅក្នុងស្រុក បន្ទាយស្រីនេះ មន្ត្រីសង្ឃទាំងអស់បានប្រជុំគ្នា ក៏មានគោលការណ៍ថា ព្រះសង្ឃដែលអាចសិក្សា រៀនសូត្របាន គឺមានតែវត្តដែលទើបនឹងបង្កើត ថ្មីហ្នឹង ហើយអ៊ីចឹងគេរៀបចំដាក់មកទាំងអស់ ទៅ ដើម្បីឱ្យអាត្មារៀបចំសាលាបាលី ដែលត្រូវ មានព្រះសង្ឃគងនៅច្រើន។ ប៉ុន្តែដោយមិនមាន សាលា មានតែបង្ហាត់នៅលើសាលាឆាន់ ដែលធ្វើថ្មី បាន៧០%ហ្នឹង ព្រោះយើងខ្វះខាតអ៊ីចឹង យើងមិនដឹងទៅណា ណាមួយបើឱ្យព្រះសង្ឃ ទៅរៀនខេត្ត វាខ្ពស់ ក៏បើកឱ្យរៀនកម្រិតទាប ថ្នាក់បឋម នៅកន្លែងនេះតែម្តង។ ចំពោះមូលហេតុដែលមានព្រះសង្ឃមកគង់នៅច្រើន នៅក្នុងវត្កកម្សត់ខ្វះខាតនេះ អាត្មាអត់ដឹងដែរ  តែប្រហែលព្រះអង្គមានទឹកព្រះទ័យចង់រស់នៅជាមួយយើងការសិក្សារៀនសូត្រអ៊ីចឹង រឿង ការសិងអីយ៉ាងណា ក៏លោកអត់គិតទេ គិតតែការជួយប៉ុណ្ណោះ ហើយផ្តល់ចំណេះដឹងដល់ ព្រះគុណម្ចាស់គ្រប់ព្រះអង្គ ដែលបានសិក្សានៅទីកន្លែងនេះ គឺយើងអនុវត្តឱ្យព្រះអង្គខំ សិក្សារៀនសូត្រ ព្រោះកាលណារៀនសូត្រ ចេះទៅយើងបញ្ជូនលោកទៅរៀនទៅកន្លែងណាមួយទៀត”។

ដោយសារតែជួបប្រទះការខ្វះខាតនៅ ទីអារាមនេះ ព្រះគ្រូចៅអធិការវត្ត ចង់ឱ្យ មានការចូលរួមជាមួយជួយកសាងពីប្រជាពុទ្ធបរិស័ទ ស្ថាប័នក្រសួងពាក់ព័ន្ធ ជាពិសេស ប្រមុខ រាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យទីអារាមកម្សត់មួយនេះ បានគងវង្ស នៅរីកចម្រើនកើនឡើងតទៅមុខ ទុកជាកន្លែង សិក្សាធម៌វិន័យ បានគម្ពីរប្រែ ធម៌ អប់រំចិត្ត សម្រាប់ កុលបុត្រខ្មែរទាំងឡាយ ដែលចូលលះបង់ភេទ ជាគ្រហស្ថ មកជាបព្វជិត ជ្រកក្រោមម្លប់ព្រះ ពុទ្ធសាសនាដ៏ត្រជាក់ស្ងប់ក្សេមក្សាន្ត គ្មានរំខានដោយលោភៈ ទោសៈមោហៈ នៅក្នុងអារម្មណ៍ ព្រមទាំងជាទីអារាមព្រះពុទ្ធសាសនា សម្រាប់ឱ្យប្រជាពុទ្ធបរិស័ទ បានធ្វើបុណ្យទាន។

ព្រះតេជគុណអូន ប៉ាវ បានមានថេរដីកា បន្តថា “ពរ ! ក្នុងទឹកចិត្ត ឧត្តមគតិរបស់អាត្មាៗ ឃើញថា ការលើកស្ទួយក្មេងៗគ្នាក្រីក្រ ដែល បានមកសិក្សាបួសរៀនសូត្រនៅទីកន្លែងនេះ  គឺយើងត្រូវការមានការជួយដោយជ្រះថ្លា ព្រោះ យើងដឹកនាំដោយការគំរាមកំហែងទៅ ព្រះសង្ឃ អត់មានទឹកចិត្ត។ អ៊ីចឹងយើងផ្តល់សារសំខាន់ ការរៀនសូត្រហ្នឹង ឱ្យព្រះអង្គស្វែងយល់ការ ពិតខ្លួនឯង ងាយនឹងពន្យល់ ប៉ុន្តែយើងត្រូវការ ជ្រោមជ្រែងទឹកចិត្តសទ្ធាពីពុទ្ធបរិស័ទជិតឆ្ងាយ ឱ្យជួយ។ ពោលគឺអត់មានកុហកទេ ជាការពិត ជាក់ស្តែងដែលយើងបានបណ្តុះបណ្តាល បានកើត ហើយយើងស្រលាញ់វប្បធម៌ព្រះពុទ្ធសាសនា។ អ៊ីចឹងត្រូវការបង្កើតឱ្យមានជំហររឹងប៉ឹង។ ក្នុងន័យនេះ អាត្មាចង់ឱ្យគាត់ (សម្តេច ហ៊ុន សែន) ជួយបង្កើត ឬក៏សង់សាលារៀន ឱ្យព្រះសង្ឃបានសិក្សារៀនសូត្រគ្រប់គ្រាន់ ព្រោះ ដូចដឹងស្រាប់ហើយ ទីកន្លែងនេះជាទីជនបទ មានការខ្វះខាតច្រើន ដូចជាកូនមកបួសអ៊ីចឹង មិនមែនជាកូនអ្នកមានប៉ុន្មានទេ គឺថាមធ្យម អ្នកខ្លះទៅគ្នាអត្តខាត់ខ្លាំង អត់មានការសិក្សា រៀនសូត្រនៅក្នុងអាណាចក្រទៅ គ្នាក៏មកបួស  មកសិក្សា បានសិក្សានៅក្នុងព្រះពុទ្ធសាសនា។ អ៊ីចឹងការសិក្សានៅក្នុងព្រះពុទ្ធសាសនាអ៊ីចឹង ត្រូវមានការជួយពីព្រះសង្ឃច្រើន ពីពុទ្ធបរិស័ទ ដែលផ្តល់ជំនួយមក ដូចជាសម្ភារៈ ប៊ិក សៀវភៅ ជាដើម ហើយចង្ហាន់បិណ្ឌបាតទាំងឡាយ ហ្នឹង ដើម្បីមានការរៀនសូត្រតទៅទៀត។ សរុប ទៅ អាត្មាចង់ឱ្យទីអារាមនេះនៅគង់វង្ស រីក- ចម្រើនក្លាយជាទីសក្ការៈបូជាសម្រាប់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងឡាយ”។

ជាមួយគ្នានោះដែរ ភិក្ខុង៉ែត ប៊ុនឆៃ គង់ នៅវត្តពោធិវង្ស ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ដែលបាននិមន្តទៅដល់ទីអារាមកម្សត់នោះ ដោយផ្ទាល់ព្រះអង្គ បានបញ្ជាក់ថា ពេលទៅ ឃើញទីអារាមនោះ ព្រះអង្គពិតជាស្រណោះ ខ្លាំង ព្រោះដែលប្រទេសកម្ពុជា កំពុងតែមាន ការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ជាពិសេស ក៏មានការលើកស្ទួយតម្លៃព្រះសាសនា តាមរយៈក្រសួងធម្មការនិងសាសនា ក៏ដូចជាស្ថាប័ន សង្ឃនោះ បែរជានៅមានកម្សត់អត្តខាត់បែប នេះទៀត។

ភិក្ខុង៉ែត ប៊ុនឆៃ បានមានថេរដីកាថា “អាត្មាគិតថា សម័យយើងបច្ចុប្បន្ននេះ គឺសម័យ រីកចម្រើន សម័យអភិវឌ្ឍន៍ហើយស្រុកទេស យើង ប៉ុន្តែវត្តមួយចំនួន គឺនៅឆ្ងាយដាច់ស្រយាល អ្នកធំអ្នកតូចយើងខ្លះគេអត់ដឹង ព្រោះគេទៅ មិនដល់ ហើយដោយសារមានប្រព័ន្ធអ៊ីនធើរណេត ប្រព័ន្ធហ្វេសប៊ុកហ្នឹង ជួយផ្សព្វផ្សាយ អ៊ីចឹងទៅ ទើបមានអ្នកតូចអ្នកធំខ្លះបានដឹងឮ អ៊ីចឹងទៅ គេជួយចូលអ៊ីចឹងទៅ។ ហើយពេល អាត្មាបានផ្សព្វផ្សាយព័ត៌មានហ្នឹងទៅ ហាក់ ដូចជាអ្នកនៅភ្នំពេញ អ្នកធំៗ បានជួយតាម រយៈអាត្មាដែរ គឺជួយអង្ករ១តោន ជួយព្រះ និងជួយសៀវភៅ។ ដូច្នេះតាមរយៈការជួយ នេះ អាត្មាក៏សូមបន្តអំពាវនាវឱ្យសប្បុរសជន ពុទ្ធបរិស័ទ អ្នកធំអ្នកតូចហ្នឹង ជួយបន្ថែមទៀត គឺជួយទី១ ជួយកសាងកុដិលោក មិនថា១ជាន់ ២ជាន់ទេ ឱ្យលោក៤៥អង្គហ្នឹង បានគង់នៅស្រួល ហើយឧបដ្ឋានសាលាដែលសង់បាន៧០%នោះ នៅខ្វះស៊ីម៉ងត៍ ការ៉ូ អាចជួយជាបច្ច័យកសាង ឱ្យចប់បាន ហើយក៏ជួយកសាងព្រះវិហារ បានជាជួយជាជញ្ជាំងអីក៏បានដែរ ព្រោះប្រក់ដោយ ស្លឹកដូងហ្នឹង ពេលភ្លៀងមក ពេលអាត្មា ឈរមើលទៅ ឃើញលិចសើម ហើយក្រណាត់ ក្រហមគ្រប់ពិតានលើព្រះអង្គហ្នឹង គឺសើម។ ទី២ នៅខ្វះចង្ហាន់បិណ្ឌបាត លោកឆាន់រាល់ ថ្ងៃ។ ទី៣ សៀវភៅគម្ពីរ ព្រះត្រ័យបិដក ហើយ សៀវភៅធម៌ផ្សេងៗ ហើយនឹងព្រះពុទ្ធបដិមា ដែលត្រូវដាក់តម្កល់នៅក្នុងសាលឆាន់ថ្មីហ្នឹង  ព្រោះព្រះពុទ្ធប្បដិមាហ្នឹងអត់ទាន់មានទេ”។

គួរបញ្ជាក់ដែរថា ក្នុងចំណោមវត្តជាច្រើន នៅទូទាំងប្រទេសកម្ពុជា មិនមែនមានតែវត្ត ជប់ទទួលពពែមួយនេះ ដែលកម្សត់ អត់កុដិ ព្រះវិហារ ប្រកស្លឹក ដូង ខ្វះចង្ហាន់បិណ្ឌបាត គឺ មានវត្តនៅតាមជនបទដាច់ស្រយាលមួយចំនួន ទៀត ដែលជូបភាពអត្តខាត់បែបនេះ ដែល “នគរធំ” ក៏ធ្លាប់បានចុះផ្សាយកន្លងមក  ដើម្បី អំពាវនាវរកសប្បុរសជន ជួយកសាងសមិទ្ធផល ក្នុងនោះ មានដូចជាវត្តព្រៃត្រឡាច ស្ថិតនៅភូមិ ព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្ត បាត់ដំបងជាដើម ក៏ជាវត្តអត្តខាត់ ខ្វះកុដិ ព្រះវិហារ ដែលរតូវការសប្បុរសជនជួយឧបត្ថម្ភកសាងផងដែរ៕

កុលបុត្រ