Thursday, April 25, 2024
Homeតារាខ្មែរពេជ្រ សោភា អរគុណលោកឧកញ៉ា ហុង ពីវ ជួយទិញឡានសាន ស្រីឡៃ

ពេជ្រ សោភា អរគុណលោកឧកញ៉ា ហុង ពីវ ជួយទិញឡានសាន ស្រីឡៃ

ភ្នំពេញ ៖ បន្ទាប់ពីជួយជ្រោមជ្រែងយ៉ាងសស្រាក់សស្រាំ អស់ពីកម្លាំងកាយចិត្ត ក្នុងការរៀបចំពិធីបុណ្យសព និងពិធីបុណ្យ៧ថ្ងៃឱ្យតារាចម្រៀង សាន ស្រីឡៃ បានរួចរាល់ជាស្ថាពរហើយនោះ តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា ថែមទាំងបានអំពាវនាវដល់លោកឧកញ៉ា ហុង ពីវ ឱ្យជួយទិញរថយន្តរបស់សាន ស្រីឡៃ ដែលបានបង់រំលោះពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិភពថ្មី ទៅវិញផង។ ជាការឆ្លើយតប លោកឧកញ៉ា ហុង ពីវ មិនត្រឹមតែជួយទិញរថយន្តរបស់ស្រីឡៃ ទៅវិញនោះទេ ថែមទាំងបានផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារ ពិសេសកូនៗរបស់ស្រីឡៃ ទៀតផង។

នៅរេសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ តារាចម្រៀងពេជ្រ សោភា បានធ្វើការ Live Video មួយ បង្ហាញពីទឹកចិត្តរំភើបរីករាយ និងសម្តែងនូវអំណរគុណចំពោះលោកឧកញ៉ា ហុង ពីវ ដែលមិនត្រឹមតែជួយទិញរថយន្តរបស់ សាន ស្រីឡៃ ទៅវិញនោះទេ ថែមទាំងបានជួយឧបត្ថម្ភប្រាក់មកឱ្យក្រុមគ្រួសារសាន ស្រីឡៃ ទៀតផង។

តាមរយៈ Video Live រយៈពេល១១នាទី និង៣៥វិនាទី ពេជ្រ សោភា បានរៀបរាប់ទាំងទឹកមុខញញឹមញញែមថា “នាងខ្ញុំ ពេជ្រ សោភា ក៏ដូចជាគ្រួសាររបស់សាន ស្រីឡៃ ហើយជាពិសេសជំនួសមុខឱ្យក្មេងតូចៗ ចំពោះឡានដែលខ្ញុំបានសំណូមពរឱ្យលោកឧកញ៉ា ហុង ពីវ ជួយទិញឡានហ្នឹងវិញ ហើយសុំម៉ាតិចមកវិញហ្នឹង ឥឡូវគឺថាបានសម្រេចហើយ ឡានហ្នឹងគឺគាត់ទទួលទិញវិញ ហើយដោយសារឡានហ្នឹងខូចច្រើនទៀត ឧកញ៉ា គាត់ទទួលទិញ គឺទទួលទិញទុកទេ គ្មានទិញទៅធ្វើអីបន្តទៀតទេ រួចហើយលោកឧកញ៉ាបានផ្តល់ថវិកាត្រឡប់មកវិញឱ្យក្មេងៗ គឺថាសមរម្យដែរ និយាយរួមគឺថាច្រើនៗខ្លាំងតែម្តង ចឹងនាងខ្ញុំក៏អរគុណខ្លាំងមែនទែន ដែលគាត់ទិញយកទៅហើយ បានឱ្យថវិកាមកវិញសមរម្យប៉ុណ្ណឹង សួរថាពួកខ្ញុំសប្បាយចិត្តអត់? ខ្ញុំពិតជាសប្បាយចិត្តណាស់ ខ្ញុំពិតជាអរគុណខ្លាំងៗមែនទែន ហើយទឹកប្រាក់ដែលទទួលបានហ្នឹង គឺនាងខ្ញុំនឹងទុកដាក់ឱ្យកូនរបស់គាត់បានរៀនសូត្របន្តទៀត នាងខ្ញុំពិតជាអរគុណលោកឧកញ៉ាខ្លាំងណាស់ អរគុណដល់ឧកញ៉ា ហុង ពីវ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុពិភពថ្មី ដែលបានជួយទិញឡានហ្នឹងយកវិញ មួយវិញទៀត នាងខ្ញុំក៏អរគុណច្រើនមែនទែន ដល់បងម៉ម រស្មី ដែលបងបានឃើញព័ត៌មានដែលខ្ញុំនិយាយហ្នឹងហើយ បងបានសហការជាលក្ខណៈជួយប្រាប់ទៅលោកឧកញ៉ា ឱ្យគាត់បានដឹង អីចឹងនាងខ្ញុំក៏អរគុណម្តងទៀតចំពោះឧកញ៉ា ហុង ពីវ ដែលបានជួយទិញឡាន សាន ស្រីឡៃ បើតាមតែលទ្ធភាពអស់មានលុយបង់វិញទេ បើសិនជាអ្នកដែលគេមិនយោគយល់វិញ គេរឹបអូសយកឡានហ្នឹងតែម្តង តែលោកឧកញ៉ាគាត់អត់ធ្វើចឹងទេ ព្រោះគាត់មានចិត្តធម៌ គាត់ទទួលយកឡានហ្នឹងវិញមែន តែគាត់បានឱ្យជាថវិកាឱ្យមកក្មេងៗវិញ គឺជិតស្មើនឹងស្រីឡៃ យកលុយទៅបង់ហ្នឹងមកវិញ ចឹងឃើញថាទឹកចិត្តដ៏ល្អរបស់គាត់ ចឹងនាងខ្ញុំមានតែពាក្យជូនពរឱ្យគាត់និងក្រុមគ្រួសាររកស៊ីកាន់តែរីកចម្រើន ជាពិសេស គម្រោងមួយៗដាក់ទៅ ឱ្យគេទិញអស់ៗ ហើយសូមឱ្យក្រុមគ្រួសារលោកឧកញ៉ា ជួបតែសេចក្តីសុខ ទទួលតែភាពជោគជ័យនៅក្នុងគ្រួសារ ហើយការងារមុខរបរជាគម្រោងធំៗអី ដាក់ទៅដាច់ៗអស់ៗតែម្តង ហើយក៏អរគុណបងម៉ម រស្មី ដែលបងជួយចេញមុខរកដំណោះស្រាយនៅក្នុងរឿងនេះ ហើយប្រសិនបើបងមិនជួយទេ ច្បាស់ជាលំបាកហើយ ព្រោះគ្មានលុយសម្រាប់បង់ថ្ងៃឡាននេះទេ និងច្បាស់ជាត្រូវគេរឹបអូស តែបងម៉ម រស្មី គាត់ជួយខ្នះខ្នែងចំពោះរឿងនេះ ទើបបានដឹងដល់លោកឧកញ៉ា ហុង ពីវ ទទួលទិញទៅវិញ និងផ្តល់ប្រាក់មកឱ្យថែមទៀត ហើយនាងខ្ញុំនឹងរៀបចំប្រាក់ទាំងនេះ សម្រាប់កូនៗរបស់ សាន ស្រីឡៃ…”។

គួរបញ្ជាក់ថា រថយន្តដែលតារាចម្រៀង សាន ស្រីឡៃ ទិញជិះមុនត្រូវស្វាមីបាញ់សម្លាប់ ជាប្រភេទរថយន្តម៉ាក ឡិចស៊ីស RX-300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-0836 ជារថយន្តដែលនាងបានទិញដោយបង់រំលោះ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី របស់លោកឧកញ៉ា ហុង ពីវ៕

RELATED ARTICLES