Thursday, April 25, 2024
Homeតារាខ្មែររន្ធត់ចិត្តណាស់! ពេលដឹងថា ពេជ្រ ចរណៃ ដាច់សរសៃឈាមបេះដូង ខណៈម្ដាយមានជំងឺដុះសាច់ខួរក្បាល

រន្ធត់ចិត្តណាស់! ពេលដឹងថា ពេជ្រ ចរណៃ ដាច់សរសៃឈាមបេះដូង ខណៈម្ដាយមានជំងឺដុះសាច់ខួរក្បាល

បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់កាលពីព្រឹកថ្ងៃ៣០ ខែតុលា កញ្ញាពេជ្រ ចរណៃ ត្រូវបានគ្រួសារតារាកម្ពុជា ប្រគល់ថវិកាជំនួយពីសមាជិកក្នុងក្រុមរបស់ខ្លួន ចំនួន៧៤០ដុល្លារ និង១៥ម៉ឺនរៀល ដើម្បីទៅវះកាត់ជំងឺដាច់សរសៃប្រើសបេះដូង នៅឯប្រទេសថៃ ខណៈដែលម្ដាយរបស់នាងមានជំងឺដុះសាច់ខួរក្បាល និងកំពុងប្រឈមការខ្វះខាតខ្លាំង។

ក្រៅពីទទួលបានជំនួយសម្បុរសធម៌ក្នុងជំហានដំបូងនេះ កញ្ញាចរណៃ ក៏ត្រូវបានសប្បុរសជនមួយរូបចេញលុយធ្វើលិខិតឆ្លងដែនឲ្យជាបន្ទាន់ ដើម្បីទៅព្យាបាលនៅក្នុងប្រទេសថៃ ផងដែរ ខណៈដែលថ្លៃព្យាបាលត្រូវបានសប្បុរសជនមួយចំនួនប្រកាសថា នឹងជួយរកឲ្យតាមក្រោយ សំខាន់ឲ្យតែនាងបានទៅដល់ពេទ្យជំនាញ និងបានរស់សិនក្នុងពេលជំងឺឈានដល់ដំណាក់ចុងក្រោយ។

អ្នកស្រី ដួង សុជាតា ម្ដាយកញ្ញាពេជ្រ ចរណៃ និយាយថានាងមានជំងឺប្រហោងបេះដូងតាំងពីអាយុ៧ឆ្នាំម្ល៉េះ គឺស្របគ្នានឹងឪពុករបស់នាងត្រូវបានស្លាប់ដោយសារពុលដំឡូង ហើយបញ្ជូនទៅមន្ទីរពេទ្យមិនទាន់។ ប៉ុន្តែជំងឺរបស់នាងមិនសូវធ្វើទុក្ខប៉ុន្មាននោះទេ ទើបតែចេះបណ្ដោយយូរទៅៗ ដល់ថ្នាក់ដាច់រហែកសរសៃប្រើសបេះដូងតែម្ដង ហើយត្រូវបានអ្នកជំនាញក្នុងមន្ទីរពេទ្យខ្មែរប្រកាសថា ពិបាកព្យាបាលក្នុងស្រុក។ នាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ក្នុងស្រុកប៉ុន្មានលើកហើយ ដោយមុននេះបន្តិច ទើបតែបានចាកចេញពីមន្ទីរពេទ្យជោរី នៅបឹងស្នោ ហើយត្រូវបានគ្រួពេទ្យបញ្ជាក់ថា នៅសល់តែមធ្យោបាយវះកាត់មួយគត់ ទើបអាចជួយសង្គ្រោះជីវិតចុងក្រោយរបស់នាងបាន។

អ្នកស្រីបន្តថា អ្នកស្រីអត់មានផ្ទះសម្បែងផ្ទាល់ខ្លួននោះទេ ដោយសារតែក្នុងមួយរយៈពេលមុនអ្នកស្រីជាម្ដាយក៏មានជំងឺដុះសាច់ក្នុងខួរក្បាល ហើយគ្រាន់តែឡើងចុះព្យាបាលចុះឡើងៗ ក៏ត្រូវលក់ផ្ទះអស់មួយ នៅម្ដុំទួលគោក។

យ៉ាងណាមិញ អ្នកស្រីប្រាប់ថា បើត្រឹមតែមួយរស់ អ្នកស្រី និងកូនទាំង៣អាចរស់នៅបាន បើកុំតែពេជ្រ ចរណៃ ធ្លាក់ខ្លួនឈឺដល់ម្លឹង។ អ្នកស្រីថា ខ្លួនរស់នៅតែក្នុងផ្ទះជួលប្រមាណជា១០ឆ្នាំមកហើយ ប៉ុន្តែក៏ឆ្លៀតជួលកន្លែងរកស៊ីផងដែរ ដូចជាជួលផ្ទះបើកលក់ចាប់ហួយ និងចុងក្រោយ គឺពេជ្រ ចរណៃ បានបើកហាងកាត់សក់បុរស ហើយទទួលបានលុយកាក់ពីការថតកុនរបស់នាង យកមកទប់ការចំណាយ។

អ្នកស្រីប្រាប់បន្តថា ស្ថានភាពរស់នៅចាប់យ៉ាប់យឺនស្ទើររកលុយបង់ថ្លៃលែងបាន ដោយសារតែកូនស្រីធ្លាក់ខ្លួនដួល ហើយអ្នកស្រីមិនមានលទ្ធភាពបញ្ជូនទៅវះកាត់ នៅក្នុងដំណាក់កាលដែលស្ថានភាពជំងឺរបស់នាងស្ថិតក្នុងដំណាក់កាលចុងក្រោយ។

អ្នកស្រីប្រាប់បន្ថែមថា បើអត់វះកាត់ទាន់ពេល គឺពេជ្រ ចរណៃ នឹងប្រឈមអាយុជីវិត ដោយសារតែបេះដូងដែលដាច់សរសៃឈាមនោះ ឈានដល់ដំណាក់ធ្ងន់ធ្ងរ ហើយតែងតែបណ្ដាលឲ្យនាងសន្លប់ ថប់ដង្ហើម និងមានឈាមហូរតាមមាត់ តាមច្រមុះ និងរឹងថ្គាមជារឿយ។

អ្នកស្រីសប្បាយចិត្តដែលទទួលបានថវិកាសប្បុរសធម៌ពីគ្រួសារតារាកម្ពុជា និងត្រូវបានសប្បុរសជនប្រចាំអង្គការ «ខ្ញុំខ្មែរ» ជួយនាងឲ្យមានលិខិតឆ្លងបន្ទាន់មួយ ដើម្បីបញ្ជូនទៅវះកាត់ ក្នុងពេលដែលនាងមិនទាន់ច្បាស់រឿងពីលុយកាក់ដើម្បីវះកាត់នៅឡើយ។

អ្នកស្រីថាម្ចាស់ផលិតកម្មទេពនិករ ក៏បានអះអាងថា នឹងជួយរកសប្បុរសជនដើម្បីអោយនាងមានលទ្ធភាពបានវះកាត់នៅក្នុងប្រទេសថៃ នោះដែរ តែសម្រាប់លទ្ធផលនៅមិនទាន់ច្បាស់១០០ភាគរយនោះទេ។ យ៉ាងណាមិញ អ្នកស្រីនឹងបញ្ជូនកូនស្រីទៅកាន់ប្រទេសភ្លាមៗ បន្ទាប់ពីទទួលបានលិខិតឆ្លងដែន ដែលធ្វើឲ្យបន្ទាន់ ដោយម្ចាស់អង្គការខ្ញុំខ្មែរ ដោយអ្នកស្រីរំពឹងថា នឹងមានសប្បុរសជនជួយដល់កូនស្រីរបស់ខ្លួនតាមក្រោយ ក្នុងពេលតម្រូវការវះកាត់ត្រូវបានធ្វើឡើង៕

RELATED ARTICLES