Tuesday, April 16, 2024
Homeព័ត៌មានជាតិស្មគ្រ័ធ្វើប្រពន្ធចុងតា ១សប្តាហ៍តាឱ្យ៥ម៉ឺនរៀល

ស្មគ្រ័ធ្វើប្រពន្ធចុងតា ១សប្តាហ៍តាឱ្យ៥ម៉ឺនរៀល

ទោះជានាងទៅស៊ីឈ្នួលបម្រើតាមផ្ទះគេ ក៏មិនបានកម្រៃច្រើន ប៉ុន្មានដែរ ប៉ុន្តែបើនាងស្មគ្រ័ចិត្តធ្វើប្រពន្ធចុងតា នៅតែស្រណុក ក៏បាន លុយខ្លះចាយដែរ។ យ៉ាងណាមិញនារីម្នាក់នេះ ក្លាយជាប្រពន្ធចុងតា ១សប្តាហ៍ តាឱ្យលុយ៥ម៉ឺនរៀលដែរ មានទៅពិបាកអី! ម៉្យាងទៀតនៅស្រុកស្រែបានលុយប៉ុណ្ណឹង គ្រាន់បើហើយ កុំចង់បានដុល្លារដូចគេអី…។

នាងជិន ស្តើង អាយុ៣៨ឆ្នាំ រស់នៅភូមិចង្កៀង ឃុំទទុង ស្រុកដងទង់ ខេត្តកំពត បានរៀបរាប់ថា នាងជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ ម្តាយឈ្មោះរាំង ញៀវ អាយុ៧៥ឆ្នាំ ឪពុកស្លាប់។ កាលនៅកុមារី នាងចូលរៀនបានត្រឹមថ្នាក់ទី៣ប៉ុណ្ណោះ ក៏ឈប់ទៅ លុះចូលវ័យក្រមុំក៏ចេញទៅបម្រើការងារ តាមផ្ទះឱ្យគេនៅភ្នំពេញ ឬក្រុងព្រះសីហនុ មិនសូវនៅស្រុកទេ។ ក្នុងវ័យក្រមុំ ទោះជានាងខ្មៅបន្តិច ក៏ប្រុសៗសរសើរថា ខ្មៅស្រស់ ខ្មៅស្រអែម រហូតដល់មានកំលោះៗមួយចំនួនសុំស្នេហ៍។ ក្រោយមក នាងឈប់ស៊ីឈ្នួលបម្រើតាមផ្ទះគេ វិលមកនៅស្រុកវិញ ខណៈមាន

នាងជិន ស្តើង និងតាម៉ី រៀម

អាយុ១៥ឆ្នាំ ក៏បានរៀបការជាមួយ កំលោះម្នាក់ឈ្មោះស៊ីម។ ពួកនាងរួមរស់ជាមួយគ្នាបាន៨ឆ្នាំ បង្កើតបាន កូនប្រុស១ ក៏លែងលះគ្នាទៅ ព្រោះមិនចុះសម្រុងគ្នា និងក្លាយជាមេម៉ាយក្តៅស្រួយ។ បន្ទាប់ពីធ្លាក់ខ្លួនមេម៉ាយ នាងបានផ្ញើកូនឱ្យម្តាយមីង រួចបាន ចេញទៅរកការងារធ្វើនៅភ្នំពេញ ជាចៃដន្យក៏បានជួបតាម្នាក់ឈ្មោះម៉ី រៀម សព្វថ្ងៃអាយុ៧០ឆ្នាំ។ បុរសចំណាស់ម្នាក់នេះ ជាអ្នកម៉ៅការសំណង់ មានស្រុកកំណើតខេត្តបាត់ដំបង គាត់មានប្រពន្ធត្រឹមត្រូវ តែប៉ះប្រពន្ធអារ អត់កូនបន្តពូជទេ។

នាងជិន ស្តើង

នាងជិន ស្តើង បន្តថា គ្រាន់តែបានឃើញនាងភ្លាម តារៀម ចាប់ចិត្ត ស្រលាញ់ ក៏ព្យាយាមចែចង់ ខណៈដែលរូបនាងជាអ្នកបម្រើផ្ទះគេ។ គាត់ថា ឱ្យតែព្រមធ្វើប្រពន្ធចុងគាត់ចុះ គាត់ឱ្យនៅតែផ្ទះ មិនបាច់ធ្វើការរកស៊ីអ្វីទេ ហើយបើសិនជាបង្កើតកូនឱ្យគាត់បានមួយ គាត់នឹងចែក ទ្រព្យឱ្យកូននោះយ៉ាងសមរម្យ។ ដោយយល់ឃើញថា ខ្លួនមេម៉ាយ បែបនេះ ពិបាកពេក ទើបនាងយល់ព្រមធ្វើប្រពន្ធចុងគាត់ទៅ ដោយមុនដំបូង គាត់យកនាងទៅដេកនៅផ្ទះជួល ដោយព្យាយាមលាក់លៀមមិន ឱ្យប្រពន្ធដើមបានដឹង។ ក្រោយមក គាត់ឱ្យនាងមកនៅផ្ទះ

នាងជិន ស្តើង និងកូនៗ

បន្ទាប់ពីដឹងថា នាងមានផ្ទៃពោះ និងបានចូលខ្លួនសែនព្រេនបំពេញភ្នែកញាតិ ដើម្បីឱ្យ កូនមានខាន់ស្លាត្រឹមត្រូវផង។ សព្វថ្ងៃ ប្តីតានេះ ជាប់ការងារសំណង់ តាមខេត្តនានា តែមិនដែលភ្លេចទូរស័ព្ទសួរសុខទុក្ខនាង និងកូនស្រី ជាពិសេស ក្នុង១អាទិត្យ គាត់ផ្ញើលុយតាមវីង មកឱ្យនាង៥ម៉ឺនរៀល យ៉ាងទៀងទាត់ ដែលសរុប១ខែបាន៣០ម៉ឺនរៀល គ្រាន់បើជាងបម្រើ តាមផ្ទះគេ។ នាងមិនដែលស្គាល់ស្រុកកំណើតប្តី ឬប្រពន្ធដើមប្តីនោះ ទេ គ្រាន់តែដឹងថា នៅខេត្តបាត់ដំបង តែអ្វីដែលសំខាន់ឱ្យតែមានលុយ ឱ្យនាង៥ម៉ឺនរៀលក្នុង១អាទិត្យ បានហើយ នាងជាអ្នកស្រែ មិន ចង់បានដុល្លារ ឡានអ្វីទេ។

លោកយាយរាំង ញៀវ អាយុ៧០ឆ្នាំ ជាម្តាយបានឱ្យដឹងថា ចំពោះកូនប្រសាដែលមានអាយុជិតស្មើម៉ែក្មេកនោះ គាត់ស្រលាញ់ពេញចិត្តណាស់។ កូនស្រីគាត់បានយកតារៀម ធ្វើប្តីជិត៦ឆ្នាំហើយ មិនដែលទៅលេងស្រុកកំណើតខាង ប្តីដល់ម្តងណាឡើយ គ្រាន់តែដឹងថា នៅខេត្តបាត់ដំបង។ សព្វថ្ងៃកូនប្រសានោះ ជាប់ការងារសំណង់ មិនសូវបានមកលេង កូនប្រពន្ធទេ តែតែងទម្លាក់លុយតាមវីង មកឱ្យយ៉ាងទៀងទាត់ ក្នុង១ខែ៥ម៉ឺនរៀល ដែលស្មើ៣០ម៉ឺនរៀល ក្នុង១ខែ ឬឱ្យ១ថ្ងៃ ១ម៉ឺនរៀល។ លុយប៉ុណ្ណឹង បើនៅទីក្រុងចាយមិនគ្រប់ទេ តែនៅស្រុកស្រែអាចសល់ខ្លះផង ព្រោះស្រូវអង្ករមានស្រាប់ ម្ហូបបន្លែអាចរកក្តាមខ្យង ត្រីកំពឹស ចុះដកព្រលិត បេះត្រកួនក្នុង ត្រពាំង ផ្សំនឹងប្រហុកផ្អកធ្វើខ្លួនឯង អាចសន្សំបានប្រាក់ខ្លះ។ គាត់ យល់ថា កូនស្រីមានសំណាងបានប្តីតាជួយចិញ្ចឹម គ្រាន់បើជាងប្តីទី១ នៅក្មេង តែចោលម្សៀត ពូកែតែ ខាងស៊ីផឹក ទារលុយប្រពន្ធទៅចាយ។

លោកយាយរាំង ញៀវ

លោកយាយញៀវ បន្តទៀតថា តាមពិត ប្រពន្ធដើមរបស់ កូនប្រសានោះប្រចណ្ឌប្តីខ្លាំងណាស់ និងដឹងថា ប្តីលួចមានប្រពន្ធចុងក្មេង ក៏ព្យាយាមតាមរកអាសយដ្ឋាន តែកូនប្រសានោះមិនប្រាប់ឱ្យដឹង ខ្លាចមានជម្លោះ។ បើគេចង់ជួបប្រពន្ធចុង ក៏មកស្ងាត់ៗ លបលាក់ក្រែងប្រពន្ធដើមតាមពីក្រោយ ចំណែកនាងស្តើង ក៏ប្រសប់ដែរ ក្នុងការទាក់ចិត្តប្តីឱ្យស្រលាញ់ នាងងប់ងុលដកចិត្តមិនរួច និងព្យាយាមមិនឱ្យជួបប្រពន្ធដើម។ លុះបានកូនស្រីម្នាក់ជាចំណងនិស្ស័យ កាន់តែធ្វើឱ្យប្តីងាកទៅណាលែងរួច ដែលថ្ងៃណាក៏ ទូរស័ព្ទមកសួរសុខទុក្ខកូនដែរ។
លោកជិន ឆន អាយុ៣៣ឆ្នាំ ជាប្អូនបានឱ្យដឹងថា បងស្រីនេះ ទោះជាទៅធ្វើការបម្រើតាមផ្ទះគេនៅភ្នំពេញ ក៏គ្មានសល់អ្វីជាដុំកំភួនដែរ ចាញ់ធ្វើប្រពន្ធចុងតាផង។ មុនដំបូង អ្នកស្រុកពេបជ្រាយរិះគន់ដែរ តែឥឡូវគ្មានអ្នកណារិះគន់ទៀតទេ នៅពេលឃើញ បងស្រីធ្វើប្រពន្ធចុងតាជិត៦ឆ្នាំ បានលុយងាយៗ គ្មាននឿយលំបាកអ្វីសោះ។

លោកជិន ឆន

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺពីលោកតាម៉ី រៀម ជាប្តីបានឡើយ គ្រាន់តែដឹងថា គាត់នៅមានកម្លាំងរឹងមាំណាស់ តែងចេញពីកន្លែងមួយទៅកន្លែងមួយម៉ៅការសំណង់ បានលុយមិនដែល ដាច់។ លុយដែលគាត់រកបានត្រូវបែងចែកទៅប្រពន្ធដើមច្រើនជាង ទើបធ្លាក់មកដល់ប្រពន្ធចុង តែប៉ុណ្ណឹង ហើយយូរៗទើបតាមកជួបប្រពន្ធចុងម្តង។
គួរបញ្ជាក់ថា បើស្រីស្អាតនៅទីក្រុងស្មគ្រ័ធ្វើប្រពន្ធចុងតា លុះត្រាតែតានោះមានឡានទំនើប ចាយ ដុល្លារពេញៗដៃផ្គាប់ចិត្តនាងមិនឱ្យឃ្នើស ទើបនាងសុខចិត្ត ប៉ុន្តែស្ត្រីមេម៉ាយមិនសូវស្អាត ហើយនៅស្រុកស្រែផងនោះ ១អាទិត្យ បាន៥ម៉ឺនរៀល ឃើញថា ល្មមសមគួរហើយ…”៕

RELATED ARTICLES