Thursday, April 25, 2024
Homeព័ត៌មានជាតិគ្មានលុយរៀបការ គូសង្សារយំអង្វរម្តាយ

គ្មានលុយរៀបការ គូសង្សារយំអង្វរម្តាយ

ភាពក្រីក្រ ជាឧបសគ្គធំបំផុត នៃសេចក្តីស្នេហា ប៉ុន្តែមិនអាចយកឈ្នះ មនុស្សដែលមានទឹកចិត្តស្នេហាភក្តី។ យ៉ាងណាមិញ កំលោះដើរ ឡានដឹកសំរាមនេះ ស្នេហ៍ប៉ះក្រមុំ រោងចក្រស្បែកជើង លុះអត់លុយ រៀបការក៏ដឹកដៃគ្នាយំសំពះអង្វរ ម្តាយឱ្យមានក្តីអនុគ្រោះ ឯម្តាយ ចិត្តទន់ក៏សែនព្រេនឱ្យទៅ លុះនាងប្រពន្ធមានផ្ទៃពោះ កំពុងប្រឈមនឹងការអត់លុយឆ្លងទន្លេ…។

នាងមឿន ស្រីឆក អាយុ២១ឆ្នាំ រស់នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានរៀបរាប់ពីប្រវត្តិស្នេហ៍គួរឱ្យអាណិតថា រូបនាងជាកូនកសិករ ត្រូវឪពុកស្លាប់ចោលតាំងពីតូច លុះធំដឹងក្តីជួបតែភាពក្រីក្រ គ្មានលទ្ធភាពចូល រៀននឹងគេទេ។ លុះនាងមានអាយុ៨ឆ្នាំ ក៏បានចេញ ទៅស៊ីឈ្នួលលាងចាន និងរត់តុគុយទាវឱ្យគេនៅទីរួម ខេត្តកំពត ដោយបានកម្រៃ១ថ្ងៃ២០០០រៀល និងបាន ឡើងដល់១៥ម៉ឺនរៀល ក្នុង១ខែ ដែលប្រាក់នេះ នាង មិនហ៊ានចាយវាយទេ បានផ្ញើជូនម្តាយ ដែលមាន ជំងឺរ៉ាំរ៉ៃនៅឯស្រុក។ លុះនាងមានវ័យ១៧ឆ្នាំ មិនខ្វះទេកំលោះៗសុំស្នេហ៍ តែនាងខ្លាចគេបោកប្រាស់ ទើបមិនព្រមទទួលស្នេហ៍ពីកំលោះណាទាំងអស់។ ចូលដល់វ័យ១៩ឆ្នាំ ក៏មានមិត្តភក្តិស្រីៗបបួលទៅធ្វើការរោងចក្រស្បែកជើងនេៅខេត្តព្រះសីហនុ ក៏នៅតែមាន ប្រុសៗសុំស្នេហ៍ជាបន្តបន្ទាប់ តែនាងបដិសេធរហូត មិនចង់ប្រឡូកទេរឿងស្នេហា ដោយសារឃើញនារីៗខ្លះរស់វេទនា ព្រោះតែប្តីធ្វើបាប។

លោកផុន រិទ្ធ និងនាងមឿន ស្រីឆក

នាងមឿន ស្រីឆក បន្តទៀតថា ពេលសន្សំលុយបាន នាងក៏ទិញទូរស័ព្ទ ធុនថោកប្រើប្រាស់នឹងគេឱ្យទាន់សម័យនិយម ក៏មានមិត្តភក្តិសុំលេខ ទូរស័ព្ទនាងគ្រប់គ្នា។ ពុំដឹងជាយ៉ាងម៉េច ស្រាប់តែលេខទូរស័ព្ទនាងធ្លាក់ ទៅដល់ដៃកំលោះម្នាក់ឈ្មោះផុន រិទ្ធ អាយុស្របាលនាងដែរ គេជាកម្មករ តាមឡានដឹកសំរាមនៅក្រុងព្រះសីហនុ។ យប់មួយ ស្រាប់តែកំលោះរិទ្ធ ទូរស័ព្ទមកសុំរាប់អាននាងជាមិត្ត ឯរូបនាងក៏មិនកំណាញ់អ្វីដែរ បានយល់ ព្រមចងមិត្តភាពជាមួយគេដោយស្មោះស្មគ្រ័។ ពួកនាងឆ្លើយឆ្លងគ្នារាល់យប់ ចេញពីផ្ទះជួលរៀងខ្លួន លុះមានឱកាសល្អក៏ណាត់ជួបគ្នា បានឃើញគ្នា ក៏ចាប់ ចិត្តប្រតិព័ទ្ធតែម្តង។ តាំងពីពេលនោះមក ឱ្យតែមានពេលទំនេរ ក៏បបួលគ្នាដើរ លេងកម្សាន្តតាមឆ្នេរសមុទ្រ ចងក្រងទំព័រអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ហើយ បានទាំងប្រាប់រឿងនេះ ឱ្យម្តាយបានដឹងទៀតផង។ ម្តាយនាងក៏ទូរស័ព្ទប្រាប់ថា បើស្រលាញ់ ពិតត្រូវចូលតាមប្រពៃណីទៅ យើងជាខ្មែរ កុំលេងឆក់កណ្តៀត ប៉ុន្តែប្រុសថ្លៃ ទាល់ច្រក ពីរឿងលុយដោះស្រាយមិនចេញ ក៏កើតទុក្ខស្ទើរតែធ្វើការលែងកើត។

លោកផុន រិទ្ធ

នាងស្រីឆក បន្តទៀតថា ដោយអាណិតអាសូរសង្សារ ដ៏ក្រីក្រពេក នាងក៏សម្រេចចិត្តនាំគេមកសំពះអង្វរម្តាយ សុំត្រឹមតែសែនព្រេនបាយសម្ល១ថាស ក៏បានដែរ ដើម្បី បំពេញភ្នែកញាតិ។ ម្តាយនាងចិត្តមិនដាច់ ក៏អញ្ជើញ ចាស់ទុំបួនដប់នាក់ជួយបាចផ្កាស្លា សែនព្រេនឱ្យពួកនាងបាន គ្នាជាប្តីប្រពន្ធទៅ។ នាងប្រាប់មិនលាក់លៀមថា ស្រលាញ់ គ្នាជាង៣ខែ ពួកនាងមិនហ៊ានកន្លងប្រពៃណីទុំមុនស្រគាលទេ លុះត្រាតែរៀបចំសែនព្រេនរួចរាល់ ទើបហ៊ានផ្សំ ដំណេក ដោយទទួលស្គាល់ថា ប្តីនេះជាកំលោះបរិសុទ្ធ ឯរូបនាងជាក្រមុំព្រហ្មចារីដូចគ្នា។ ឥឡូវនាងមានផ្ទៃពោះ គ្រប់ខែហើយ កំពុងតែពិបាកចិត្ត ព្រោះគ្មានលុយត្រៀម សម្រាប់ដល់ពេលឆ្លងទន្លេ។ គិតទៅសេចក្តីស្នេហាក្នុងនឹម ទុរគតវេទនាណាស់ ទោះជាស្រលាញ់គ្នាស្មោះយ៉ាងណា ក៏បញ្ហាជីវភាពជាឧបសគ្គធំបំផុត។

នាងមឿន ស្រីឆក

ដោយឡែក លោកផុន រិទ្ធ អាយុ២១ឆ្នាំ ជាប្តី បានឱ្យដឹងថា រូបលោកក៏ជាកូនកសិករក្រីក្រ មិនបានរៀនសូត្រ នឹងគេទេ ព្រោះបងប្អូនបង្កើតដល់ទៅ៩នាក់ឯណោះ ដោយមានស្រុកកំណើតនៅខេត្តព្រះសីហនុ។ លោកចេញ ដើរស៊ីឈ្នួលគេតាំងពីអាយុ១៣ឆ្នាំម៉្លេះ លុះអាយុ១៩ឆ្នាំ បានទៅសុំធ្វើកម្មករប្រមូលសំរាម នៅក្រុងព្រះសីហនុ ១ថ្ងៃៗ ធុំក្លិនស្អុយជាប់ខ្លួន បនាត្រឹមឆ្អែតពោះរស់តែខ្លួនប៉ុណ្ណោះ។ ក្រោយមកក៏មានមិត្តភក្តិឱ្យលេខទូរស័ព្ទនាងស្រីឆក ទើបលោកប្រថុយចុចសួរទៅនាងមុន ក៏ទាក់សម្តីគ្នា ព្រោះតែនិស្ស័យស្នេហ៍។ ទោះជាស្រលាញ់ស្រីដល់កម្រិតណា ក៏លោកចេះរក្សាប្រពៃណី ទំនៀមទម្លាប់ខ្មែរ មិនហ៊ានទុំមុនស្រគាលជាដាច់ខាត បានត្រឹមកាន់ដៃនាងប៉ុណ្ណោះ ពេល ទៅកម្សាន្តឆ្នេរសមុទ្រម្តងៗ។ ម្តាយក្មេកបានដឹងរឿងស្នេហានេះយ៉ាងច្បាស់ គាត់បានដាក់ កំហិតឱ្យលោករកលុយមក រៀបការយ៉ាងតិចក៏១០០០ដុល្លារដែរ ប៉ុន្តែ លោកឆ្លើយទៅវិញថា លោកក្រណាស់ ដើរតាមឡានប្រមូលសំរាម សព្វថ្ងៃ បានត្រឹមតែមួយរស់ប៉ុណ្ណោះ។ លោកសុខចិត្ត ស្លាប់បើមិនបានជួបនាងជាគូ ធ្វើឱ្យស្រីជាទីស្រលាញ់ អាណិតពេក ក៏នាំលោកទៅសំពះអង្វរម្តាយនាង សុំត្រឹមសែនព្រេន១ព្រឹក អស់លុយប្រហែល១០ ម៉ឺនរៀលប៉ុណ្ណោះ។ ឥឡូវឧបសគ្គរឿងរៀបការឆ្លង ផុតអស់ហើយ មកដល់ចំណុចទាល់ច្រករឿងអត់ លុយទុកឱ្យប្រពន្ធសម្រាលកូន លោកមិនដឹងដោះស្រាយយ៉ាងណាទេ ព្រោះសព្វថ្ងៃឈប់ធ្វើកម្មករទៅហើយ យូរៗគេហៅធ្វើសំណង់ម្តង គ្មានលុយឯណា សម្រាប់ទប់ទល់ទេ លោកពិបាកចិត្តណាស់។

លោកឌុច  ឈន

អ្នកស្រីឌុច ធូរ អាយុ៥២ឆ្នាំ និងលោកឌុច  ឈន អាយុ៥៥ឆ្នាំ ត្រូវជាម្តាយ និងអ៊ំប្រុសខាងស្រី បានឱ្យដឹងស្របគ្នាថា ពីមុនធ្លាប់មានកំលោះជាកូនអ្នក ធូរធារចូលសួរដែរ តែស្រីឆក មិនស្រលាញ់ បែរជាជំពប់ ស្នេហ៍កំលោះប្រមូលសំរាមទៅវិញ។ ពួកគាត់មិន បំបែកស្នេហ៍កូន និងក្មួយទេ បានចាត់ចែងសែនព្រេន បំពេញភ្នែកញាតិរួចហើយ ប៉ុន្តែអ្វីដែលពួកគេនាំ អំពល់ទុក្ខត្រង់បានជួបគ្នាហើយ មិនខំរកលុយទុក ដល់ថ្ងៃសម្រាលកូន តើពួកគាត់ជួយយ៉ាងម៉េចបាន បើម្នាក់ៗ សុទ្ធតែក្រដូចគ្នាយ៉ាងនេះ? ពួកគាត់យល់ថា នេះជាកម្មពួកគេដែលត្រូវរែកពុន ខ្លួនទីពឹងខ្លួន ចាប់ពីពេលនេះតទៅ។

អ្នកស្រីឌុច ធូរ

គួរបញ្ជាក់ថា សេចក្តីស្នេហាក្រោមនឹមទុរគត ជួបឧបសគ្គច្រើនណាស់ តាំងពីមិនបានរៀបការ គគ្រឹកគគ្រេងដូចគេ លុះភរិយាមានផ្ទៃពោះ ក៏ត្រូវ ប្រឈមរឿងលុយកាក់ទុកសម្រាលកូន។ ទោះយ៉ាងណា ប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា តែងមានធម៌សង្គ្រោះចេះជួយយកអាសាគ្នាក្នុងគ្រាមានអាសន្ន។ ហេតុនេះ បើដល់ពេលសម្រាល ប្តី ប្រពន្ធនេះរកលុយមិនបាន ក៏អាចមានគ្រូពេទ្យជួយ សង្គ្រោះ និងមានសប្បុរសជនជួយឧបត្ថម្ភជាគ្រឿង ឧបភោគ-បរិភោគ មិនមើលនឹងភ្នែកនោះឡើយ…”៕

RELATED ARTICLES