Saturday, April 20, 2024
Homeព័ត៌មានជាតិសាហាវណាស់!!! ស្រលាញ់ស្រីជាន់លេខរៀង លួចបាញ់សម្លាប់កណ្តាលវង់រាំ

សាហាវណាស់!!! ស្រលាញ់ស្រីជាន់លេខរៀង លួចបាញ់សម្លាប់កណ្តាលវង់រាំ

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បានបណ្តើរសង្សារចូលទៅរាំធុងបាស់លេងនៅក្នុងវត្ត ស្រាប់តែត្រូវគូសត្រូវស្នេហាម្នាក់ បានធ្វើសកម្មភាពប្រើកាំភ្លើងខ្យល់បាញ់ប្រហារ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមកណ្តាលវង់រាំ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចបរិវេណវត្តដូនណូយ មានទីតាំងស្ថិតក្នុងភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក។

យុវជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងវង់រាំ មានឈ្មោះឆាយ រស្មី អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនជាខ្មាន់កាំភ្លើង មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយពីធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំនារីជាស្រីស្នេហ៍ ចូលមករាំលេងកម្សាន្តនៅក្នុងវត្តដូនណូយ ខណៈដែលក្នុងវត្តមានកម្មវិធីចាក់ធុងបាស់រាំលេង ដើម្បីអបអរពិធីបុណ្យកឋិន។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលជនរងគ្រោះកំពុងរាំសប្បាយភ្លេចខ្លួន ក៏ស្រាប់តែត្រូវជនសង្ស័យបានប្រើកាំភ្លើងខ្យល់បាញ់ប្រហារជនរងគ្រោះ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមកណ្តាលវង់រាំ រួចរត់គេចខ្លួនបាត់ស្រមោល។

ប្រភពខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យកើតមានការបាញ់សម្លាប់គ្នានេះ គឺបណ្តាលមកពីគំនុំស្នេហាត្រីកោណ ដោយជនរងគ្រោះ និងជនដៃដល់ជាឃាតករ ស្រលាញ់ស្រីជាន់លេខរៀងគ្នា លុះពេលឃើញជនរងគ្រោះបណ្តើរស្រីស្នេហ៍មករាំលេងក្នុងវត្ត ធ្វើឱ្យជនសង្ស័យផ្ទុះកំហឹង ក៏ប្រើកាំភ្លើងខ្យល់បាញ់សម្លាប់ជនរងគ្រោះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុ ដើម្បីស្វែងរកតម្រុយ និងកំណត់មុខសញ្ញាជនសង្ស័យ តាមប្រមាញ់ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES