Friday, March 29, 2024
Homeព័ត៌មានជាតិមានប្រពន្ធ២មិនគ្រប់ លួចទៅចាប់ថើបនារីរោងចក្រ៣ខ្សឺត ប៉ូលិសចាប់វាយខ្នោះ

មានប្រពន្ធ២មិនគ្រប់ លួចទៅចាប់ថើបនារីរោងចក្រ៣ខ្សឺត ប៉ូលិសចាប់វាយខ្នោះ

ភ្នំពេញ ៖ បុរសជាសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ត្រឡប់មកដល់បន្ទប់ជួលវិញ ឃើញនារីម្នាក់នៅបន្ទប់ ទល់មុខគ្នានៅតែម្នាក់ឯង មានឱកាសស្ងាត់ល្អ ក៏ចូលទៅធ្វើសកម្មភាពចាប់ថើបនារីរងគ្រោះ ចំនួន៣ខ្សឺត និងប៉ុនប៉ងរំលោភថែមទៀតផង ធ្វើឱ្យនារីរងគ្រោះភ័យឆោឡោ រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានចូលចាប់ថើបនារីក្រមុំដល់ក្នុងបន្ទប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលរបស់នារីរងគ្រោះ លេខ៦A ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះដែលត្រូវប្រុសព្រានចូល ចាប់ថើបដល់ក្នុងបន្ទប់ មានឈ្មោះឃី ស្រីឡាក់ អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសេង សំអឿ អាយុ៤២ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន MPA ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទល់មុខបន្ទប់របស់នារីរងគ្រោះ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបនាងទើបនឹងត្រឡប់មកពីធ្វើការវិញ លុះមកដល់បន្ទប់ជួល ក៏បានរៀបចំបោសសម្អាតបន្ទប់ ដោយបើកទ្វារបន្ទប់ចំហ មិនបានបិទទ្វារនោះទេ ស្រាប់តែបន្តិចក្រោយមក ក៏លេចមុខជនសង្ស័យបានយកអំពៅ និងផ្លែខ្វិត ទាំងស្ថានភាពស្រវឹងធ្លាក់ភ្នែក យកមកឱ្យនាងហូប ប៉ុន្តែនាងមិនព្រមទទួលនោះទេ។

នារីរងគ្រោះបន្តថា បន្ទាប់មកជនសង្ស័យ បានប្រើឱ្យស្ត្រីវ័យចំណាស់ម្នាក់ ដែលស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់របស់នាង ឱ្យទៅទិញស្រាបៀរចំនួន៦កំប៉ុង លុះពេលដែលស្ត្រីរូបនោះទៅទិញស្រាបៀរបាត់ ជនសង្ស័យឃើញឱកាសស្ងាត់ល្អ ក៏ចូលមកក្នុងបន្ទប់របស់នាង រួចក៏ធ្វើសកម្មភាពចាប់នាងឱបផ្ទប់នឹងជញ្ជាំង រួចចាប់ថើបនាងចំនួន៣ខ្សឺត ហើយពោលពាក្យថា ខ្លាចបងអត់? ភ្លាមៗនោះ នាងភ័យពេក ក៏ខំប្រឹងរើបម្រះ រត់ចេញទៅក្រៅហៅឱ្យគេជួយ ចំណែកជនសង្ស័យខាងលើ បានដើរចូលទៅសម្ងំនៅក្នុងបន្ទប់របស់គេវិញបាត់ទៅ។

ក្រោយកើតហេតុ នារីរងគ្រោះក៏បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ ដើម្បីឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ដោយឡែក ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា តាមពិតខ្លួន (ជនសង្ស័យ) មានប្រពន្ធ២នាក់រួចមកហើយ ដែលប្រពន្ធទី ២នេះ ទើបតែបានគ្នាជិត១ឆ្នាំប៉ុណ្ណោះ ហើយសព្វថ្ងៃកំពុងរួមរស់ជុំគ្នាក្នុងបន្ទប់ជួល នៅទល់មុខបន្ទប់នារីរងគ្រោះ។ នៅក្នុងរយៈពេលប្រមាណ១០ថ្ងៃចុងក្រោយនេះ ខ្លួនបានស្គាល់នារីរងគ្រោះ និងធ្លាប់បាននិយាយគ្នាលេង រហូតដល់បានហៅនារីរងគ្រោះថា ប្រពន្ធចុងទៀតផង។

ជនសង្ស័យបន្តសារភាពថា នៅមុនពេលកើតហេតុ ខ្លួនបានផឹកស្រាស្រវឹងធ្លាក់ភ្នែក លុះពេលត្រឡប់មកដល់បន្ទប់ជួលវិញ ក៏ប្រទះឃើញនារីរងគ្រោះ កំពុងតែបោសសម្អាតបន្ទប់ ហើយដោយសារតែកន្លងមក ខ្លួនធ្លាប់និយាយលេងសើចជាមួយនាងជាញឹកញាប់ថា ប្រពន្ធចុងៗ! តែរហូត ទើបពេលនោះ ខ្លួនក៏បានយកអំពៅ និងខ្វិតទៅឱ្យនាងហូប តែនាងមិនយកសោះ។ បន្ទាប់មក ខ្លួនបានឃើញស្រីចំណាស់ម្នាក់ ស្នាក់នៅក្បែរបន្ទប់ជួលរបស់នារីរងគ្រោះ ទើបគាត់ក៏បានប្រើស្ត្រីចំណាស់រូបនោះ ឱ្យទៅទិញចំនួន១យួរ (៦កំប៉ុង) ដើម្បីយកមកផឹក។

ជនសង្ស័យបានសារភាពទៀតថា លុះពេលឃើញឱកាសស្ងាត់ល្អ ខ្លួនក៏បានចូលទៅចាប់ដៃនារីរងគ្រោះ និងបានប្រាប់ឱ្យនារីរងគ្រោះ ថើបខ្លួន (ជនសង្ស័យ) ចំនួន៣ខ្សឺត ពោលគឺមិនមែនខ្លួនទៅចាប់ថើបនារីរងគ្រោះនោះទេ គឺឱ្យនាងថើបខ្លួន បែរជានាងរត់ទៅប្តឹងសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុ នារីរងគ្រោះបានដាក់ពាក្យបណ្តឹង ប្តឹងចោទប្រកាន់ទៅលើជនសង្ស័យពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយកម្លាំងនគរបាលប៉ុស្តិ៍ ក៏បានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅជំនាញខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

 

RELATED ARTICLES