Saturday, May 4, 2024
Homeព័ត៌មានជាតិខ្ចីម៉ូតូមិត្តភក្តិជិះ៦ដង យកទៅសុីគ្រឿងអស់រលីង

ខ្ចីម៉ូតូមិត្តភក្តិជិះ៦ដង យកទៅសុីគ្រឿងអស់រលីង

ភ្នំពេញ ៖ យុវជនម្នាក់ក្រោយពីខ្ចីម៉ូតូមិត្តភក្តិរួមការងារជាមួយគ្នា ជិះ៦ដង យកទៅសុីគ្រឿងគ្មានសល់ ពិនិត្យម៉ូតូឃើញប្លែក បែកធ្លាយរឿង ក៏បាននាំខ្លួនចូលប៉ុស្តិ៍ប៉ូលីស កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅច្រកចូលព្រលានយន្តហោះ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនជាប់ចោទ ជំនាញសុីគ្រឿងម៉ូតូឈ្មោះ ភួន វីន ប្រុស អាយុ១៨ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិសង្ហា ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។ ចំណែកដើមចោទជាម្ចាស់ម៉ូតូ ឈ្មោះ ឆន វាសនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសន្តិសុខ ជាមួយគ្នា ស្នាក់នៅភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប មានស្រុកកំណើតភូមិរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។  ដោយឡែក ម៉ូតូជនសង្ស័យយកទៅសុីគ្រឿងអស់ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1D-7249 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ពេលទៅធ្វើការ ខ្លួនជិះម៉ូតូទៅ ចតទុកនៅកន្លែងយាមហើយចំនួន៦ដងហើយ ដែលឈ្មោះ ភួន វីន ខ្ចីម៉ូតូយកទៅជិះ វិលមកវិញក៏មិនចាប់អារម្មណ៍ លុះរហូតមកដល់រសៀលថ្ងៃទី២១ ខែតុលានេះ ម៉ូតូខុសប្លែកពីធម្មតា ជិះលែងទៅមុខ សង្ស័យមិនអស់ចិត្ត ហៅឪពុកឈ្មោះ ប៉ែន ឯក អាយុ៥៤ឆ្នាំ មកពិនិត្យមើល និងយកទៅសាកសួរជាង ទើបដឹងថា គ្រឿងម៉ូតូសំខាន់ៗអស់រលីងហើយ ឃើញដាក់សុទ្ធតែគ្រឿងអាយៗ បើគិតជាទឹកប្រាក់ប្រមាណ៣០០ដុល្លារ ធ្វើឲ្យម្ចាស់ម៉ូតូស្រងាកចិត្ត កើតចិត្តសង្ស័យ ក៏ទៅសាកសួរមិត្តភក្តិ ធ្លាប់ខ្ចីយកទៅជិះ ទើបបែកធ្លាយរឿង។

តាមការសារភាពជនសង្ស័យបានឲ្យដឹងថា ខ្ចីម៉ូតូជិះ៦ដង យកទៅសុីគ្រឿងទាំង៦ដង បានលុយសរុបចំនួនជាង១០០ដុល្លារ ។

ជនសង្ស័យក្រោយពីម្ចាស់ម៉ូតូចាប់នាំមកប៉ុស្តិ៍ប៉ូលីស សុំធ្វើការសម្របសម្រួលគ្នា ដោយភាគីម្ចាស់ម៉ូតូទាមទារលុយចំនួន២៥០ដុល្លា ភាគីខាងសុីគ្រឿងសុំធានារកគ្រឿងហ្ស៊ុីន មកដាក់ឲ្យវិញ តែភាគីម្ចាស់ម៉ូតូមិនព្រម ខ្លាចលេងល្បិចទៀត ព្រោះគាត់មិនចេះមើលគ្រឿង ទើបឯកភាពគ្នារង់ចាំក្រុមគ្រួសារ យកលុយ២៥០ដុល្លារ មកសងដើម្បីបញ្ចប់រឿង ៕

RELATED ARTICLES