Friday, April 19, 2024
Homeព័ត៌មានសិល្បៈម៉ែក្មេកស្តីបន្ទោស កូនប្រសាខឹងដុតផ្ទះចោល ឆេះសល់តែជណ្តើរ

ម៉ែក្មេកស្តីបន្ទោស កូនប្រសាខឹងដុតផ្ទះចោល ឆេះសល់តែជណ្តើរ

ខេត្តកណ្តាល ៖ បុរសជាប្តីចិត្តកំណាចម្នាក់ ក្រោយពីផឹកស៊ីស្រវឹង ក៏រករឿងឈ្លោះវាយដំប្រពន្ធយ៉ាងចាស់ដៃ លុះឪពុកម្តាយក្មេក រួមនិងបងប្អូនសាច់ថ្លៃ ចេញមុខឃាត់ និងស្តីបន្ទោស ២-៣ម៉ាត់ ស្រាប់តែជនកំណាចរូបនេះ បានគំរាមថា នឹងដុតផ្ទះកម្ទេចចោល លុះពេលក្រុមគ្រួសារកំពុងដេកលង់លក់ កូនប្រសាចិត្តភ្លើងរូបនេះ ក៏ធ្វើសកម្មភាពដុតផ្ទះ បណ្តាលឱ្យឆេះខ្ទេចគ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិ កោះខ្នុរថ្មី ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង។

លំនៅឋានដែលទទួលរងការឆាបឆេះទាំងស្រុងជាប្រភេទផ្ទះសង់អំពីឈើប្រក់ស័ង្កសី ទំហំ៧ម៉ែត្រ គុណនឹង៩ម៉ែត្រ ជាកម្មសិទ្ធិរបស់ស្ត្រីឈ្មោះប្រាក់ សួន អាយុ៦៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ និងត្រូវជាម្តាយក្មេករបស់ជនសង្ស័យ។ ចំណែកជនសង្ស័យមានឈ្មោះសុវណ្ណ វណ្ណៈ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជាមួយម្តាយក្មេក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនបង្កហេតុខាងលើ គឺជាមនុស្សដែលគ្មានការងារអ្វីធ្វើឱ្យពិតប្រាកដនោះទេ រាល់ថ្ងៃចូលចិត្តដើរហើរផឹកស៊ីជាមួយបនភឿន និងតែងរករឿងឈ្លោះប្រកែកវាយដំប្រពន្ធជាញឹកញាប់ នៅពេលស្រវឹងម្តងៗ ហើយទោះជាឪពុកម្តាយក្មេកអប់រំណែនាំយ៉ាងណា ក៏កូនប្រសារូបនេះមិនខ្ចីយកត្រចៀកស្តាប់សោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យទើបនឹងត្រឡប់មកពីផឹកស៊ីនៅឯណា មិនដឹងស្ថិតក្នុងសភាពស្រវឹងធ្លាក់ភ្នែក ក៏បានមករករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ព្រមទាំងបានវាយដំប្រពន្ធទៀតផងឃើញបែបនេះ ឪពុកម្តាយក្មេក រួមនិងបងប្អូនខាងប្រពន្ធ (សាច់ថ្លៃ) បានចេញទៅឃាត់ និងស្តីបន្ទោស ជនបង្កហេតុ ២-៣ម៉ាត់ ស្រាប់តែធ្វើឱ្យជនបង្កហេតុខឹងច្រឡោត ក៏ស្រែកគំរាមថា ចាំមើលរូបគេនឹងដុតផ្ទះមួយនេះចោល។

ប្រភពខាងលើបញ្ជាក់ថា ដោយសារតែមានការភ័យនឹងការគំរាមរបស់ជនបង្កហេតុនេះ ទើបនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ទាំងប្រពន្ធជនបង្កហេតុ និងឪពុកម្តាយក្មេក ព្រមទាំងបងប្អូនខាងប្រពន្ធមិនបានទៅសំរាកនៅលើផ្ទះទេ ដោយនាំគ្នាមកសំរាកនៅលើគ្រែក្រោមផ្ទះវិញ ព្រោះខ្លាចជនសង្ស័យដុតផ្ទះ។  លុះពេលកំពុងដេកលង់លក់ ស្រាប់តែមកដល់វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យក៏ធ្វើសកម្មភាពដុតផ្ទះខាងលើ បណ្តាលឱ្យឆេះខូចខាតអស់ទាំងស្រុងពិតមែន។

តាមការអះអាងរបស់ស្ត្រីជាម្ចាស់ផ្ទះបានឱ្យដឹងថា សម្ភារៈដែលទទួលរងការខូចខាតក្នុងភ្នក់ភ្លើង រួមមាន ផ្ទះ១ខ្នង ម៉ូតូ១គ្រឿង ម៉ាកគុបជ្រុង សេ៥០ ពណ៌ទឹកសមុទ្រ ទូរស័ព្ទចំនួន៣គ្រឿង ទូរទស្សន៍២គ្រឿង សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន ព្រមទាំងប្រាក់ចំនួន២ម៉ឺនរៀល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ ខ្លួនជនបង្កហេតុជាកូនប្រសាចិត្តភ្លើងខាងលើ នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES