Friday, March 29, 2024
Homeព័ត៌មានជាតិយុវជនម្នាក់ចង់បានប្រពន្ធ តែមិនមានលុយរៀបការ ចុងក្រោយ...

យុវជនម្នាក់ចង់បានប្រពន្ធ តែមិនមានលុយរៀបការ ចុងក្រោយ…

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ចេះតែត្អូញត្អែរប្រាប់មិត្តភក្តិរួមការងារជាមួយគ្នាថា ជីវភាពទីទ័លក្រខ្លាំងណាស់ ហើយចង់បានប្រពន្ធដែរ តែអត់លុយរៀបការ លុះចុងក្រោយស្រាប់តែសម្រេចចិត្តចងកសម្លាប់ខ្លួននៅលើដើមឈើ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

យុវជនគំនិតខ្លីដែលត្អូញអត់លុយរៀបការ បែរជាសម្រេចចិត្តចងកធ្វើអត្តឃាតនោះ មានឈ្មោះអ៊ាន ភារ៉ាត់ អាយុ២២ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅយានដ្ឋានជួសជុលរថយន្ត ក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា យុវជនរងគ្រោះខាងលើ បានចូលមកធ្វើជាជាងជួសជុលរថយន្ត នៅក្នុងយានដ្ឋានខាងលើ មួយរយៈមកហើយ តែជាមនុស្សមិនសូវនិយាយស្តីអ្វីច្រើននោះទេ ទោះជាពេលខ្លះ មេការស្តីបន្ទោស ក៏ជនរងគ្រោះនៅស្ងៀម មិនចេះតបតអ្វីឡើយ។ នៅមុនពេលកើតហេតុ ក្រោយពីហូបបាយល្ងាចជុំគ្នារួច ជនរងគ្រោះបានដើរចេញបាត់ពីយានដ្ឋាន តែមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ឡើយ រហូតដល់វេលាម៉ោង១០យប់ ដោយមិនឃើញជនរងគ្រោះនៅក្នុងយានដ្ឋាន ទើបនាំគ្នាដើរតាមរកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះចងកស្លាប់នៅលើដើមឈើ ខាងក្រោយយានដ្ឋានតែម្តង។

ប្រភពដដែលបានបន្តថា ជនរងគ្រោះអាចនឹងចងកសម្លាប់ខ្លួនតាំងពីម៉ោង៨យប់មកម៉្លេះ ប៉ុន្តែមិនមានអ្នកណាចាប់អារម្មណ៍ រហូតដល់ម៉ោងកើតហេតុខាងលើ ពេលបាត់ជនរងគ្រោះនាំគ្នាដើររក ក៏ឃើញបែបនេះតែម្តង។ ភ្លាមនោះ ថៅកែយានដ្ឋានបានសម្រេចកាត់ខ្សែចំណង ទម្លាក់សពជនរងគ្រោះចុះមកដីដោយខ្លួនឯង និងបានជួលរថយន្តសាមុយដឹកសពទៅកាន់វត្តសាមគ្គីរស្មី ហៅវត្តទួលដូនប៉ុក ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង បន្ទាប់មក ទើបរាយការណ៍ប្រាប់សមត្ថកិច្ច។

តាមប្រភពពីមិត្តរួមការងាររបស់ជនរងគ្រោះបានបង្ហើបប្រាប់ថា កន្លងមក ជនរងគ្រោះធ្លាប់មានសង្សារម្នាក់ នៅក្បែរយានដ្ឋានដែលខ្លួនកំពុងបំពេញការងារ ហើយមូលហេតុដែលជនរងគ្រោះដាច់ចិត្តសម្លាប់ខ្លួនឯងបែបនេះ ក៏អាចកើតចេញពីវិបត្តិស្នេហា ព្រោះជនរងគ្រោះធ្លាប់ត្អូញប្រាប់ថា ជីវភាពទីទ័លក្រណាស់ គេចង់បានប្រពន្ធ តែអត់មានលុយរៀបការទេ។

មកដល់ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES