Friday, April 26, 2024
Homeព័ត៌មានជាតិបង្ក្រាបសង្វៀនជល់មាន់ ចាប់បានតែសំបកដបទឹកសុទ្ធ

បង្ក្រាបសង្វៀនជល់មាន់ ចាប់បានតែសំបកដបទឹកសុទ្ធ

ខេត្តកំពង់ចាម ៖ សង្វៀនបញ្ជល់មាន់១កន្លែង ដែលគេដឹងថា បានបើកលេងរហូតដល់ស្លែកាន់ទៅហើយ ត្រូវកម្លាំងនគរបាលស្រុកកំពង់សៀម ចុះបង្ក្រាបយ៉ាងក្តៅគគុក តែគួរឱ្យស្តាយចាប់មិនបានមនុស្ស ឬភ័ស្តុតាងបម្រើឱ្យបទល្មើសល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) អ្វីសោះ បែរជាចាប់បានតែសំបកដបទឹកសុទ្ធទៅវិញ។

ប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងចារ ឃុំក្រទ្បា ស្រុកកំពង់សៀម។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ក្រឡា បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានគេលេងបញ្ជល់មាន់នៅចំណុចក្នុងព្រៃ ក្រោយភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលក្រឡា ដឹកនាំដោយលោកវរសេនីយ៍ទោ ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានចុះធ្វើការបង្ក្រាបអ្នកលេងល្បែងស៊ីសងជល់មាន់ខុសច្បាប់ ចម្ងាយប្រមាណ៨០០ម៉ែត្រ ពីភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម។ ប៉ុន្តែពេលសមត្ថកិច្ចចុះទៅដល់ ជនសង្ស័យអ្នកលេងល្បែងភ្នាល់ជល់មាន់ បាននាំគ្នារត់គេចខ្លួនបាត់អស់ទៅហើយ បន្សល់ទុកតែសំបកទឹកសុទ្ធ ព្រមទាំងបង់រុំជើងមាន់នៅកន្លែងជល់មាន់មួយចំនួនតែប៉ុណ្ណោះ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចស្រុកជើងព្រៃ ក្រោមបញ្ជាពីលោកអភិបាលខេត្ត និងលោកស្នងការខេត្ត បានចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ដុះស្លែ១កន្លែងផងដែរ ស្ថិតក្នុងព្រៃភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ប៉ុន្តែលទ្ធផល មិនខុសពីប្រតិបត្តិការខាងលើប៉ុន្មានឡើយ ព្រោះថា ទាំងម្ចាស់សង្វៀន និងក្រុមអ្នកជល់មាន់ ដូចដឹងមុន នាំគ្នារត់បាត់អស់ ទើបប៉ូលិសចុះទៅដល់ ចាប់បានតែកៅអីជ័រ ១០-២០ ដុតកម្ទេចចោលប៉ុណ្ណោះ។

គួរបញ្ជាក់ថា សង្វៀនបញ្ជល់មាន់ដុះស្លែជាច្រើនកន្លែង ត្រូវបានកត់សម្គាល់ឃើញថា មានទីតាំងស្ថិតនៅកៀកៗនឹងភ្នែកច្រមុះអធិការដ្ឋាននគរបាលស្រុកតែម្តង តែជាទូទៅ ត្រូវបានមើលរំលង រហូតធ្វើឱ្យម្ចាស់សង្វៀនកាន់តែបានដៃបើកដោយចំហ គ្មានខ្លាចក្រែងរអែងច្បាប់ទម្លាប់អ្វីសោះ។ លុះពេលសមត្ថកិច្ចបើកការឆ្មក់ចុះបង្ក្រាបម្តងៗ គេពុំឃើញមានម្ចាស់ទីតាំង ឬអ្នកញៀនល្បែងជល់មាន់ណាម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះឡើយ ហើយសូម្បីតែម៉ូតូនិងរថយន្តរបស់ក្រុមអ្នកលេងមាន់ ក៏ចាប់មិនបានដែរ ព្រោះពួកគេបានជម្លៀសចេញអស់ ដូចដឹងដំណឹងមុន ឬដូចជាមានរនុកក្នុងរាយការណ៍ប្រាប់អីចឹង ដែលសកម្មភាពបែបនេះ ត្រូវគេសង្ស័យថា ច្បាស់ជា “ខ្មោចស្រុកឱ្យដៃខ្មោចព្រៃ” តែម្តង។ ជាក់ស្តែងបើគ្មានអ្នកប្រាប់មុនទេ តើអ្នកលេងទាំងនោះ អាចគេចខ្លួនអស់ដោយយកទាំងយានជំនិះចេញ គ្មានសល់ដោយរបៀបណា ព្រោះនេះជាការឆ្មក់ចុះបង្ក្រាប មិនមែនការដាក់ឱសានវាទ ចុះបង្ក្រាបនោះទេ។

យ៉ាងណា ប្រជាពលរដ្ឋបានសម្តែងនូវការសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនោះ ហើយបើទោះរឹបអូសបានត្រឹមតែតង់កៅស៊ូ កៅអី និងសំបកដបទឹកសុទ្ធមកដុតបំផ្លាញ ដោយមិនចាប់បានមនុស្សណាម្នាក់ក៏ពិតមែន ប៉ុន្តែនេះចាត់ទុកជាឆន្ទៈក្នុងការយកចិត្តទុកដាក់ចូលរួមអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដែរ៕

RELATED ARTICLES