Friday, April 26, 2024
Homeព័ត៌មានជាតិទាក់ទងប្រុសមិនដឹងប្រវត្តិ និងមិនព្រមចូលស្តីដណ្តឹង ម៉ែស្តីបន្ទោសតិចតួច ព្រឹកឡើងឆោឡោពេញផ្ទះ

ទាក់ទងប្រុសមិនដឹងប្រវត្តិ និងមិនព្រមចូលស្តីដណ្តឹង ម៉ែស្តីបន្ទោសតិចតួច ព្រឹកឡើងឆោឡោពេញផ្ទះ

ខេត្តបាត់ដំបង ៖ នារីម្នាក់ព្រោះតែតូចចិត្តនឹងរឿងម្តាយជេរស្តីបន្ទោសពីរឿងទាក់ទងស្នេហាជាមួយមនុស្សប្រុស មិនដឹងប្រវត្តិ មិនព្រមចូលស្តីដណ្តឹងត្រឹមត្រូវតាមប្រពៃណី ស្រាប់តែមានគំនិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ខ្លួន ស្ថិតនៅផ្ទះលេខ០៣៤ ក្រុមទី២ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។

នារីគំនិតខ្លីដែលចងកធ្វើអត្តឃាត ព្រោះតែតូចចិត្តនឹងម្តាយជេរស្តីតិចតួច មានឈ្មោះកែវ សេដ្ឋា អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីស្ត្រីឈ្មោះម៉ៅ អូច អាយុ៦៨ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ម្នាក់នេះ នៅពុំទាន់មានគ្រួសារនៅឡើយ តែនាងមានទំនងស្នេហាជាមួយប្រុសឈ្មោល មិនព្រមចូលស្តីដណ្តឹងដល់ពួកគាត់ជាចាស់ទុំនោះទេ ទើបធ្វើឱ្យគាត់ជាម្តាយខ្លាចកូនស្រីលង់ខ្លួនចាញ់បោកល្បិចប្រុសឈ្មោលទាំងនោះ ទើបបានណែនាំកូនស្រីដែរ តែកូនស្រីហាក់មិនព្រមស្តាប់សោះ។

ស្ត្រីជាម្តាយរូបនេះ បន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ គាត់បានស្តីបន្ទោសកូនស្រី២-៣ម៉ាត់ ហើយក៏នឹកស្មានមិនដល់ថា កូនស្រីអាចនឹងតូចចិត្តដល់ថ្នាក់គិតខ្លីបែបនេះសោះឡើយ។ ក្រោយពីគាត់ជាម្តាយស្តីបន្ទោសរួច កូនស្រីក៏ចូលទៅដេកបាត់ទៅ ចំណែកគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ។ រហូតដល់វេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅពេលគាត់ក្រោកពីដំណេក ក៏ស្រាប់តែប្រទះឃើញកូនស្រីចងកសម្លាប់ខ្លួននៅក្នុងផ្ទះបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង ដឹងដល់អ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែនីឡុងពណ៌ស ចងកភ្ជាប់នឹងរ៉តក្រោមឡៅតឿ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។

សាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES