Thursday, April 25, 2024
Homeព័ត៌មានជាតិកូនប្រុសវាយបំផ្លាញម៉ូតូ៣គ្រឿង ខឹងឳពុកមិនឲ្យខ្ចី ព្រោះខ្ចីពេលណា យកម៉ូតូបង្ហោះពេលហ្នឹង

កូនប្រុសវាយបំផ្លាញម៉ូតូ៣គ្រឿង ខឹងឳពុកមិនឲ្យខ្ចី ព្រោះខ្ចីពេលណា យកម៉ូតូបង្ហោះពេលហ្នឹង

ខេត្តកណ្តាល ៖ យុវជនឈាមរាវម្នាក់ ព្រោះតែខឹងនឹងឪពុកមិនឱ្យខ្ចីម៉ូតូជិះ ក៏មួម៉ៅក្តៅចិត្តផ្ទុះកំហឹងទាញពូថៅកាប់ម៉ូតូរបស់ឪពុក បណ្តាលឱ្យខូចខាតចំនួន៣គ្រឿង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិប្ញស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ។

កូនប្រុសចិត្តភ្លើងដែលខឹងឪពុកមិនឱ្យខ្ចីម៉ូតូជិះ បែរជាទាញពូថៅកាប់ម៉ូតូខ្ទេចអស់៣គ្រឿងនេះ មានឈ្មោះសន បូរី អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកបុរសជាឪពុក មានឈ្មោះសន ច្រូច អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមកឱ្យតែជនសង្ស័យជាកូនប្រុសយកម៉ូតូឪពុកទៅជិះ តែងតែងបង្ហោះម៉ូតូរហូត ទើបធ្វើឱ្យឪពុកចេះតែព្រួយបារម្ភ ខ្លាចកូនប្រុសមានគ្រោះថ្នាក់ផង និងនាំឱ្យខូចខាតទ្រព្យសម្បត្តិផង ណាមួយខ្លាចបង្កគ្រោះថ្នាក់ដល់គេឯងទៀត នាំឱ្យមានរឿងរ៉ាវវែងឆ្ងាយ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យជាកូនបានទារយកម៉ូតូរូបស់ឪពុកទៅជិះលេងទាត់បាល់ តែបុរសជាឪពុកមិនព្រមឱ្យ ព្រោះខ្លាចកូនប្រុសជិះម៉ូតូទៅបង្ហោះនាំឱ្យមានគ្រោះថ្នាក់ ស្រាប់តែជនសង្ស័យជាកូនផ្ទុះកំហឹងក៏ទាញយកពូថៅដៃមកវាយម៉ូតូទាំង០៣គ្រឿង ដែលទុកនៅក្រោមផ្ទះ បណ្តាលឱ្យខូចខាត ១-ម៉ូតូម៉ាកគុបជ្រុង បែកកុងទ័រ និងចង្កៀងមុខ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ បែកកុងទ័រ និងបែកក្បាំងមុខ និង៣-ម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ បែកកុងទ័រ ចង្កៀងមុខ ក្បាំងមុខ និងស្តុបមុខ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនបាត់ ចំណែកបុរសជាឪពុកដោយទ្រាំនឹងទង្វើរបស់កូនប្រុសកំណាចលែងបាន ក៏សម្រេចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះអន្តរាគមន៍ស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៣និង៣០នាទីថ្ងៃដដែល រួចបញ្ជូនខ្លួនរួមទាំងវត្តុតាងទៅផ្នែកជំនាញធ្វើទៅតាមនីតិវិធី៕

RELATED ARTICLES