Tuesday, April 16, 2024
Homeតារាខ្មែរវី ឌីណែត និងនី រតនា តួឯករឿង "រាជបុត្រកង្កែប" ខណៈសួស វីសា និងថែល ថៃ បានត្រឹមតួរង

វី ឌីណែត និងនី រតនា តួឯករឿង “រាជបុត្រកង្កែប” ខណៈសួស វីសា និងថែល ថៃ បានត្រឹមតួរង

កូនស្រីតារាចម្រៀងជើងចាស់ លោកហួរ ឡាវី វី ឌីណែត ដែលពិបាកប្រជែងភាពលេចធ្លោនៅហង្សមាស ព្រោះឱក សុគន្ធកញ្ញា និងពេជ្រ សោភា នៅតែខ្លាំងនោះ ស្រាប់តែពេលនេះត្រូវទ្រនំធំនេះលួងចិត្ត ដោយផ្តល់តំណែងជាតួឯក ក្នុងភាពយន្តភាគ រឿង “រាជបុត្រកង្កែប” ដោយចាប់ដៃគូជាមួយតួឯកប្រុស លោកនី រតនា ស្របពេលដែលមុននេះ មានការសង្ស័យថា អ្នកទាំង២បានបង្កាត់ភ្លើងស្នេហាក្រៅឆាកជាមួយគ្នា…។

វី ឌីណែត ម្ចាស់បទ “ខ្យល់បក់ចូលភ្នែក” ឆក់បានតំណែងជាតួឯកស្រីលើកដំបូងក្នុងភាពយន្តភាគថ្មី របស់ទូរទស្សន៍ហង្សមាស រឿង “រាជបុត្រកង្កែប” ដែលបានចេញថតតាំងពីថ្ងៃទី២៥ ខែកញ្ញា ម៉្លេះ។

ប្រភពបានឱ្យដឹងថា ក្រៅពីវី ឌីណែត និងនី រតនា ជាតួឯកនោះរឿង “រាជបុត្រកង្កែប” ក៏នៅមានតារាចម្រៀងល្បីរបស់ហង្សមាស ២ដួងទៀត ដែលបានសម្តែងជាតួរងសំខាន់ក្នុងរឿងនោះ គឺសួស វីសា និងម្ចាស់ ពាន TheVoice Cambodia រដូវកាលទី២ លោកថែល ថៃ បានចាប់ដៃគ្នាជាគូស្នេហ៍ផងដែរ។

ដោយឡែក វី ឌីណែត ដែលជាសិស្សប្អូនសួស វីហ្សា ហើយកេរ្តិ៍ឈ្មោះក៏មិនដល់វីសា តែបែរជាធ្វើជាតួឯកហើយ បែរជាឱ្យវីសា ធ្វើជាតួរងនាងនោះ ត្រូវបានក្រុមការងារផលិតភាពយន្តភាគរបស់ហង្សមាស ឱ្យដឹងថា មកពីឌីណែត មានវ័យប្រហាក់ប្រហែលនឹងរតនា ហេតុនេះហើយបានជានាងបានធ្វើជាតួឯកធំក្នុងរឿងភាគនោះ។

វី ឌីណែត ជាតារាចម្រៀងមានទឹកដមសំឡេងល្អ និងស្រែកបានខ្លាំងម្នាក់ របស់ផលិតកម្មរស្មីហង្សមាស មិនចាញ់តារាជើងចាស់របស់ទ្រនំនេះឡើយ ប៉ុន្តែ នៅជ្រកកោនផ្ញើខ្លួនជាមួយហង្សមាស ជិត៥ឆ្នាំនេះ ឌីណែត មិនអាចដណ្តើមភាពលេចធ្លោខ្លាំងបានឡើយ ព្រោះតែឱក សុគន្ធកញ្ញា និងពេជ្រ សោភា នៅតែនាំមុខគេដដែល ទើបធ្វើឱ្យកូនស្រីលោកហួរ ឡាវី រូបនេះខកចិត្ត ខណៈដែលនាងច្រៀងនៅហង្សមាស ឆ្នាំដំបូង គឺ១ឆ្នាំ បានតែ១បទប៉ុណ្ណោះ។ ប៉ុន្តែទោះជាបានត្រឹមតែជាតួរងនៅទ្រនំធំក៏ដោយ ក៏វី ឌីណែត ពេលនេះមានតម្លៃខ្លួនស្មើតារាចម្រៀងល្បីនាពេលបច្ចុប្បន្នដែរ គឺច្រៀង១កម្មវិធី ស៊ីថ្លៃជាង១ពាន់ដុល្លារឯណោះ ដែលធ្វើឱ្យអ្នកចម្រៀងរូបនេះអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារផងដែរ ក្នុង១ឆ្នាំៗ។

មហាជនបានចាប់អារម្មណ៍ផងដែរថា ការដែលវី ឌីណែត មកចាប់ដៃនី រតនា លេងឈុតស្នេហានៅពេលនេះ គឺស្របពេលដែលមុននេះមានព័ត៌មានថា កូនស្រីអតីតតារាជើងចាស់ លោកហួរ ឡាវី រូបនេះ មានភាពស្និទ្ធស្នាលយ៉ាងចម្លែកជាមួយរតនា ដូចជាការឡើងច្រៀងលើឆាកជាមួយគ្នាពេលខ្លះ គឺឱបគ្នាស្អិតល្មួត រកតែប្រឡេះមិនចេញ ទើបធ្វើឱ្យមានការសង្ស័យថា តារាជ្រកកោនក្រោមដំបូលតែ១ជាមួយគ្នានេះ បានបង្កាត់ភ្លើងស្នេហាជាមួយគ្នា ទាំងក្នុងនិងក្រៅឆាក។

ដោយឡែក ការដែលហង្សមាស តម្រូវឱ្យវី ឌីណែត មកលេងឈុតស្នេហាជាមួយនី រតនា ក្នុងភាពយន្តថ្មីជាមួយគ្នានៅពេលនេះ គឺរឹតតែធ្វើឱ្យស្រីស្រស់ប្រុសសង្ហា១គូនេះ មានឱកាសសាសងស្នេហ៍ ហើយសម្តែងឈុតឱបរឹតគ្នា និងសាងអនុស្សារីយ៍ស្នេហ៍កាន់តែច្រើនថែមទៀតជាមិនខានឡើយ ខណៈដែលកន្លងមក ឌីណែត និងរតនា បានប្រកែកដូចគ្នាថា ពួកគេគ្មានទំនាក់ទំនងពិសេសជាមួយគ្នាឡើយ។

វី ឌីណែត ជាតារាចម្រៀងដែលស្នងតំណែងពីឪពុករបស់នាង លោកហួរ ឡាវី នោះ មិនធ្លាប់មានរឿងអាស្រូវស្នេហាឡើយ បើទោះជានាងជាតារាចម្រៀងនាពេលរាត្រីតាមក្លឹប និងហាងមួយចំនួនជាយូរឆ្នាំក្តី តែឌីណែត ធ្លាប់ប្រកាន់ជំហរថា នាងចង់ពង្រឹងអាជីពសិល្បៈ មានភាពរឹងមាំជាងនេះសិន បានគិតស្នេហានៅពេលក្រោយ។

វី ឌីណែត ដែលត្រូវបានសន្និដ្ឋានថា បានត្រឹមតែជាតួរង ប្រសិនបើនាងនៅបន្តជាមួយផលិតកម្មរស្មីហង្សមាស ទៀតនោះ ធ្លាប់អះអាងថា នាងគ្មានចេតនាក្នុងការចង់ប្រជែងជាមួយឱក សុគន្ធកញ្ញា ឡើយ ព្រោះតែនាងចាត់ទុកសុគន្ធកញ្ញា គឺជារៀមច្បង និងជា Idol របស់នាង ហើយនាងថា តាំងពីបានចូលហង្សមាស នាងមានការងារសិល្បៈច្រើន តម្លៃខ្លួនក៏ខ្ពស់ជាងមុនដែរ ហេតុនេះហើយមិនមានគម្រោងហើរចេញពីហង្សមាស ទៅតាមអតីតតារារួមក្រុម ឈិត សុវណ្ណបញ្ញា និងយក់ ថិតរដ្ឋា ឡើយ។

លោកនី រតនា និងវី ឌីណែត

ក្រុមតារាសិល្បៈដែលស្និទ្ធស្នាលជាមួយវី ឌីណែត បានឱ្យដឹងថា ឌីណែត ហាក់មានការចុះសម្រុងគ្នាច្រើនជាមួយនី រតនា ហេតុនេះហើយ ប្រសិនបើពួកគេក្លាយទៅជាដៃគូស្នេហ៍មែនទែននោះ គឺជារឿងល្អហើយ ព្រោះកន្លងមក តារាសិល្បៈដែលជាដៃគូស្នេហ៍ជាមួយគ្នានោះ មុនដំបូង តែងតែប្រកែកបែបនេះដែរ តែក្រោយមក៏មានតារាខ្លះបានបង្កាត់ស្នេហាជាមួយគ្នារហូតដល់ក្លាយទៅជាប្តីប្រពន្ធគ្នានៅពេលនេះទៀតផង។

ឱក សុគន្ធកញ្ញា និងវី ឌីណែត

តារាចម្រៀងសំនៀងខ្លាំង ឌីណែត ប៉ះជាមួយបុរសសំឡេងថ្នម នី រតនា ពិតជាសមគ្នាក្នុងការសម្តែងរឿង “រាជបុត្រកង្កែប” នេះជាមិនខាន ហើយឌីណែត អាចនឹងទទួលបានភាពលេចធ្លោមួយកម្រិតទៀត នៅពេលដែលរឿងនេះត្រូវដាក់បញ្ចាំងនៅឆ្នាំ 2018 ខាងមុខនេះ។

ក្រៅពីវី ឌីណែត ហង្សមាស ក៏ឱ្យតារាស្រីរបស់ខ្លួនជាច្រើនដួងផងដែរ ចូល សម្តែងភាពយន្តភាគរបស់ខ្លួន មានដូចជា ពេជ្រ សោភា, សុគន្ធ និសា, សួស វីសា, រ៉េត ស៊ូហ្សាណា, សាន ស្រីឡៃ, សុខ ស្រីនាង ជាដើម។ ដោយឡែក ឱក សុគន្ធកញ្ញា បានត្រៀមខ្លួនឈានចូលថតភាពយន្តដែរ នាពេលខាងមុខនេះ…៕

RELATED ARTICLES