Thursday, April 18, 2024
Homeព្រឹត្តិការណ៍សង្គមធ្វើការ២ខែ!!! គ្មានប្រាក់ខែមួយរៀលបើកឲ្យ កម្មករផ្ទុះកូដកម្មទាមទារ...

ធ្វើការ២ខែ!!! គ្មានប្រាក់ខែមួយរៀលបើកឲ្យ កម្មករផ្ទុះកូដកម្មទាមទារ…

ភ្នំពេញ ៖ រោងចក្រផលិតស្បែកជើងយីហោ ហ្ល្វាយ វីង ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ថៅកែក្រុមហ៊ុន ជម្រុញឲ្យកម្នករធ្វើការងារផលិតស្បែកជើង រយៈពេល២ខែ បែរជាគ្មានប្រាក់មួយរៀលបើកជូនកម្មករ ទ្រាំលែងបាន ម្យ៉ាងហូបចុក ម្យ៉ាងថ្លៃផ្ទះជួល កម្មករនាំគ្នាឈប់ធ្វើការប្រមូលផ្តុំធ្វើកូដកម្មតវ៉ា ទាមទាររកប្រាក់ឈ្នួលរបស់ខ្លួន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នេះ។

រោងចក្រខាងលើ មានកម្មករសរុបចំនួនជាង៣០០នាក់ មានថៅកែជាជនជាតិចិន ជារោងចក្រផលិតស្បែកជើង បន្ទាប់ពីថៅកែ ពុំទាន់មានលុយ ទូទាត់ប្រាក់ឈ្នួលជូនកម្មករអស់រយៈពេល២ខែមកហើយ កម្មករសម្រេចនាំគ្នាតវ៉ារកប្រាក់ខែខ្លួន ។

បើតាមកម្មការនីមួយរូប បម្រើការងារក្នុងរោងចក្រខាងលើ បានត្អូញត្អែថា ខ្លួនក៏ដូចកម្មករឯទៀត ស្នាក់នៅផ្ទះជួល ជាបញ្ហាចោទ ចំណែកកម្មករដែលមានលំនៅដ្ឋានក្បែរនោះ ពុំសូវជាចោទប៉ុន្មានទេ បំណាច់ខំធ្វើការងារ ក៏ដើម្បីជិវិតរស់ ខ្លួនឯងនិងក្រុមគ្រួសារ ។ កម្មការិនីដដែលបន្តទៀតថា អស់រយៈពេល២ខែមកហើយ ដែលក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលឲ្យកម្មករ ទើបធ្វើឲ្យកម្មករមួយចំនួនធំ ដូចរូបនាង ប្រឈមទៅនឹងសេចក្តីខ្វះខាត ថ្លៃហូបចុក ថ្លៃផ្ទះជួល ២ខែមកហើយ ដែលម្ចាស់ផ្ទះជួលទារលុយ នាងមានប្រាក់ឯណា កាលបើក្រុមហ៊ុនអត់ទាន់បើកលុយឲ្យផងនោះ ក្នុងរយៈពេល២ខែនេះ នាងទៅស្រុក សុំលុយម្តាយ វេចអង្ករ មកហូបបណ្តោះអាសន្ន ដោយសាររងចាំលុយពលកម្មរបស់ខ្លួន ។

តាមយុវជនម្នាក់ឲ្យដឹងថា ខ្លួនបម្រើការងារក្នុងរោងចក្រខាងលើ បានប្រាក់ឈ្នួល សរុបប្រមាណជាង២០០ដុល្លារ ក្នុងមួយខែ បែរជាក្នុងរយៈពេល២ខែកន្លងមកនេះ ថៅកែក្រុមហ៊ុន មិនទាន់បើកលុយឲ្យមានលុយឯណាសម្រាប់ហូបចុក សម្រាប់ផ្ញើរជូនឪពុកម្តាយឯស្រុក បើខ្លួនឯងរកមួយរៀល បង់ថ្លៃផ្ទះជួលមិនបានផង ២ខែមកហើយ ដែលថៅកែសន្យាថា រងចាំ២ថ្ងៃទៀត តែច្រើនលើកមកហើយ ការសន្យារបស់ក្រុមហ៊ុន ជាសន្យាខ្យល់។

រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែតុលានេះ កម្មករទាំងជាង៣០០នាក់ ទ្រាំលែងបាន ប្រមូលផ្តុំតវ៉ា ក្រោមការចូលរួមពីសហព័ន្ធសហជីព ស្មារតីកម្មករកម្ពុជា ដើម្បីទាមទាររកប្រាក់ខែ ។

ជុំវិញការតវ៉ារបស់កម្មករ ទាមទាររកប្រាក់ឈ្នួល ក្រុមហ៊ុនជំពាក់២ខែ អ្នកសារព័ត៌មាន ព្យាយាមសុំការបំភ្លឺពីភាគីរោងចក្រដែរ តែរកមិនឃើញ មិនដឹងតំណាងទៅណាបាត់ ឃើញវត្តមានតែកម្មករ រងចាំព្រោងព្រាត ក្នុងបរិវេណរោងចក្រ ៕

RELATED ARTICLES