បើករថយន្តបុកម៉ូតូ ខ្ទាតមនុស្សធ្លាក់ចូលទឹកលូ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់ខណៈដែលកំពុងជិះម៉តូសុខៗ ត្រូវបានរថយន្តបើកបុកពីក្រោយបណ្តាលឲ្យផ្លោងខ្ទាតធ្លាក់ចូលទៅក្នុងទឹកលូ រងរបួសធ្ងន់សន្លប់ស្តូក កាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ស្រឿន ចំរើន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើត ភូមិខ្ពបអាទាវ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។ ជនរងគ្រោះ ជិះម៉ូតូមួយគនរឿងម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-2979 ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ ក្នុងស្ថានភាពស្រវឹងស្រា ជិះម៉ូតូតាមផ្លូវបេតុង ក្នុងភូមិពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកពីលិចទៅកើតស្របទិសគ្នា ជ្រុលមកបុកពីក្រោយ ផ្លោងខ្ទាត ធ្លាក់ចូលទៅក្នុងទឹកលូ បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ស្តូក ហើយរថយន្តបង្កបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ ជួយចុះស្រង់ឡើងគោក ហើយហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ ត្រូវបាននគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍ រងចាំប្រគល់ជូនជនរងគ្រោះវិញពេលក្រោយ ៕