អីក៏សាហាវយ៉ាងនេះ!!! ប្តីដេកលក់ ប្រពន្ធទាញពូថៅកាប់ដាច់ក

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា ជាមនុស្សមានជំងឺវិកលចរិតប្រចាំកាយ ហើយកន្លងមកបានព្យាយាមកាប់សម្លាប់ប្តី៣ដងមកហើយ តែមិនបានសម្រេច ទីបំផុត ឆ្លៀតពេលឃើញប្តីដេកលក់លង់នៅក្រោមផ្ទះ ស្ត្រីជាប្រពន្ធក៏ស្ទុះទៅទាញពូថៅកាប់ប្រហារប្តីទាំងកំរោល បណ្តាលឱ្យខ្ទេចផ្ទៃមុខ និងក្បាល ព្រមទាំងដាច់កស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម។

ករណីឃាតកម្មដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងក្រុមទី៨ ភូមិអន្លង់ពួក ស្រុកសំឡូត។

បុរសរងគ្រោះជាប្តីដែលត្រូវប្រពន្ធវិកលចរិត កាប់ដាច់កស្លាប់ក្នុងថ្លុកឈាមនោះ មានឈ្មោះគុន សុធា អាយុ៤៩ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីដៃដល់ជាឃាតករ និងជាប្រពន្ធជនរងគ្រោះ មានឈ្មោះឱ ឆវ័ន្ត អាយុ៤៨ឆ្នាំ ជាមនុស្សមានជំងឺវិកលចរិតប្រចាំកាយ។ ប្តីប្រពន្ធខាងលើ មានកូនប្រុសស្រី៤នាក់ក្នុងបន្ទុក និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីអ្នករស់នៅភូមិផងរបងជាមួយប្តីប្រពន្ធខាងលើ បានរៀបរាប់ប្រាប់ថា ស្ត្រីដៃដល់ជាឃាតករ និងជាប្រពន្ធជនរងគ្រោះរូបនេះបានកើតរោគសរសៃប្រសាទប្រចាំកាយ ហើយកន្លងមកធ្លាប់កាន់កាំបិតដើរគំរាមកាប់អ្នកភូមិជាច្រើនលើកច្រើនសារួចមកហើយ ប៉ុន្តែគេមិនទាន់ដឹងថា អាការរោគទាំងនេះ មានការបញ្ជាក់ពីក្រុមគ្រូពេទ្យណាមួយនៅឡើយទេ ម៉្យាងទៀតបុរសរងគ្រោះជាប្តី ធ្លាប់រត់គេចខ្លួនទាំងព្រលឹងចុងសក់ចំនួន៣ដងមកហើយ ដោយសារតែស្ត្រីជាប្រពន្ធព្យាយាមដេញកាប់សម្លាប់ ចំណែកកូនៗក៏មិនសូវហ៊ាននៅផ្ទះដែរ ព្រោះតែខ្លាចម្តាយរបស់ខ្លួនវាយដំធ្វើបាប។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ ក្រោយពីហូបបាយព្រឹករួច បុរសជាប្តីបានអង្គុយលេងនៅខាងមុខផ្ទះ ហើយក៏បានយកសៀវភៅធម៌មកអានលេង ចំណែកស្ត្រីជាប្រពន្ធនៅអង្គុយខាងក្រោមផ្ទះ។ លុះមួយសន្ទុះក្រោយមកសង្ស័យអាកាសធាតុត្រជាក់ពេក ធ្វើឱ្យបុរសជាប្តីងងុយដេកក៏ដើរចូលទៅក្រោមផ្ទះ រួចក៏ឡើងទៅដេកនៅលើគ្រែលក់មួយភាំងទៅ។ លុះខណៈដែលឃើញប្តីកំពុងដេកលង់លក់ ស្រាប់តែស្ត្រីដៃដល់ជាប្រពន្ធ បានទាញពូថៅមកកាប់សន្ធាប់ទៅលើប្តីដោយមិនដកដៃ បណ្តាលឱ្យត្រូវចំក្បាលចំនួន២កន្លែង ផ្ទៃមុខ២កន្លែង និងកញ្ចឹងកសឹងតែដាច់ទៅហើយ ដោយមានជាប់តែស្បែកបន្តិចតែប៉ុណ្ណោះ។

ប្រភពខាងលើ បានបញ្ជាក់ថា ក្រោយពេលធ្វើសកម្មភាពកាប់ប្តីរហូតដល់ស្លាប់រួច ស្ត្រីរងគ្រាះបានដើរទៅប្រាប់គេឯងនៅក្នុងភូមិថា គាត់សម្លាប់ប្តីហើយ ឱ្យអ្នកភូមិជួយយកសពប្តីទៅកប់ផង។ ដំបូងឡើយ អ្នកភូមិមិនជឿសម្តីនោះទេ លុះមានការសង្ស័យនាំគ្នាទៅមើល ស្រាប់តែប្រទះឃើញបុរសជាប្តីដេកស្លាប់ក្នុងថ្លុកឈាម ដោយរងរបួសខ្ទេចមុខ និងដាច់ក ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ គឺស្ត្រីដៃដល់ជាប្រពន្ធជនរងគ្រោះមិនបានរត់ ទៅណានោះទេ និងបានឈរសើចញញឹម នៅក្បែរសពប្តី ខណៈដែលមានមនុស្សម្នាចោមរោមមើលសពប្តី។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានពិនិត្យសពឃើញថា បុរសរងគ្រោះត្រូវស្ត្រីជាប្រពន្ធកាប់ជាច្រើន កាំបិតត្រង់ក្បាលផ្ទៃមុខ និងកស្ទើរដាច់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។ បន្ទាប់មក សមត្ថកិច្ច បានចាប់ឃាត់ខ្លួនស្ត្រីសង្ស័យជាប្រពន្ធ ព្រម ទាំងបានសួររកវត្ថុតាង ទើបស្ត្រីដៃដល់បានដើរទៅយកពូថៅប្រឡាក់ជាប់ឈាមមកប្រគល់ឱ្យសមត្ថកិច្ច។

បច្ចុប្បន្នស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បីសាកសួរ និងសុំគោលការណ៍បន្ត៕