ស្រីស្អាតជួបគ្រោះស៊យផ្ទួនៗ!!! ប្រុសល្បួងផឹកស៊ីខ្វះលុយ ក៏យកម៉ូតូបញ្ចាំឱ្យថ្លៃស្រា រួចហើយលួចសំបុត្របញ្ចាំ…

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ជួបរឿងស៊យជាន់លើស៊យត្រូវមិតភក្តិបបួលទៅផឹកស៊ីដោយប្រាប់ថា មានគេប៉ាវ (ចេញលុយ) លុះដល់ម៉ោងគិតលុយអ្នកចេញមុខប៉ាវគេចខ្លួនបាត់ នៅតែមិត្តភក្តិដែលអត់មានលុយ ទើបនាងសម្រេចឱ្យមិត្តភក្តិយកម៉ូតូទៅបញ្ចាំ ស្រាប់តែបានលុយយកមកគិតគូរឱ្យថ្លៃស្រាគេរួចហើយ បែរជាត្រូវមិត្តប្រុសជើងល្អ២នាក់ លួចយក កាបូប និងក្រដាសបញ្ចាំម៉ូតូយកទៅលស់ម៉ូតូបាត់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃជីសាក់ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះដែលជួបរឿងស៊យជាន់លើស៊យ មានឈ្មោះបៀន ស្រីនាង ហៅអាលីង អាយុ១៧ឆ្នាំ មុខរបរនារីបម្រើការនៅខារ៉ាអូខេ ម៉ូឌែលស៊ីធី តាមបណ្តោយផ្លូវជាតិលេខ៣ ជិតរង្វង់មូលចោមចៅ ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកសម្ភារៈនារីរងគ្រោះដែលបាត់បង់នោះ រួមមាន ម៉ូតូ១គ្រឿង ម៉ាកធូដេ ពណ៌ផ្កាឈូក មិនទាន់មានស្លាកលេខទូរស័ព្ទ១គ្រឿង ម៉ាក iPhone 5 ពណ៌ស កាបូបស្ពាយ១ សំបុត្រទិញលក់ និងក្រដាសបញ្ចាំម៉ូតូ សំបុត្របញ្ជាក់ទីលំនៅ និងសៀវភៅ ស្នាក់នៅ១ក្បាលទៀតផង។ ចំណែកជនសង្ស័យទាំង២នាក់ រួមមានទី១-ឈ្មោះអាតូច ភេទប្រុស អាយុ២៥ឆ្នាំ ទី២-ឈ្មោះអាពៅ ស្នាក់នៅបន្ទប់ជួលក្បែរនារីរងគ្រោះ ហើយទាំង២នាក់ ត្រូវពូក្មួយនឹងគ្នា។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ រូបនាងត្រូវមិត្តភក្តិឈ្មោះតូច និងឈ្មោះពៅ (ជនសង្ស័យទាំង២នាក់ពូក្មួយ) បានបបួលរូបនាងទៅជួបជុំផឹកស៊ីជាមួយមិត្តភក្តិ ដោយអះអាងថា មិត្តភក្តិម្នាក់ទៀតជាអ្នកចេញថ្លៃផឹកស៊ី។ បន្ទាប់មកនាង និងជនសង្ស័យទាំង២នាក់ខាងលើ បាននាំគ្នាជិះម៉ូតូម៉ាកធូដេរបស់នាងទៅផឹកស៊ីនៅផ្លូវ ២០០៤ ហៅផ្លូវមៃដា នៅម្តុំជិតហាងខារ៉ាអូខេ កូនប្រសាស្រី។ លុះទៅដល់ក៏ឃើញមានមិត្តភក្តិ៣នាក់ទៀត កំពុងរង់ចាំផឹកស៊ី បន្ទាប់មកគេបានហៅស្រាបៀរមួយកេះ និងម្ហូបក្លែមប៉ុន្មានចាន មកដាក់ត្រៀបត្រាពេញតុ រួចក៏ជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះកំពង់តែហូបៗ មិត្តម្នាក់ដែលអួតអាងថា ជាអ្នកប៉ាវបានចេញទៅក្រៅបាត់ហើយមិត្តផ្សេងទៀត ដែលមកផឹកស៊ីជាមួយក៏លួចចេញជាបន្តបន្ទាប់ នៅសល់តែនាង និងមិត្តប្រុសឈ្មោះ តូច និងឈ្មោះ ពៅ ប៉ុណ្ណោះ លុះកំពុងផឹកស៊ីឈ្មោះ តូច បានយកកាបូបនាងស្ពាយលេងតែនាងមិនចាប់អារម្មណ៍ លុះនៅពេលគិតលុយមិត្តភក្តិដែលអង្គុយផឹកជាមួយសុទ្ធតែអត់មានលុយ ទើបនាងបានយកលុយឱ្យថ្លៃផឹកស៊ីតែរាប់ទៅនៅខ្វះ១៥ដុល្លារ។

នារីរងគ្រោះបន្តថា នៅពេលមិនមានលុយ ឱ្យថ្លៃស្រាគេគ្រប់បែបនេះ ជនសង្ស័យឈ្មោះ តូច និងឈ្មោះពៅ បានឱ្យយោបល់នាងថាមាន តែយកម៉ូតូរបស់នាងទៅបញ្ចាំសិនទេ ដើម្បី យកលុយមកសងថ្លៃផឹកស៊ី ពេលនោះនាងក៏យល់ព្រម ដោយឱ្យជនសង្ស័យទាំង២នាក់ យកម៉ូតូនាងទៅដាក់បញ្ចាំយកលុយមកគិតគូរឱ្យថ្លៃស្រាគេ ហើយក៏នាំគ្នាត្រឡប់មកផ្ទះវិញរៀងខ្លួន។ លុះពេលត្រឡប់មកដល់បន្ទប់ជួលវិញ ឈ្មោះតូច ត្រូវជាពូ បានទៅហៅក្មួយឈ្មោះ ពៅ នៅក្នុងបន្ទប់ថា ទៅបើកលុយនៅម្តុំវត្តអង្គតាមិញ រួចក៏ចេញទៅបាត់ទៅ ចំណែកនាងក៏មិនបានចាប់អារម្មណ៍អ្វីដែរ ក៏បានដេកលក់មួយភាំងទៅ។ រហូតមកដល់វេលាម៉ោង៥និង៣០ នាទីល្ងាចថ្ងៃដដែល ក្រោយពេលនាងងើបពីដេក រៀបចំខ្លួនទៅធ្វើការ ស្រាប់តែរកកាបូបមិនឃើញ ទើបសង្ស័យក៏បានចេញទៅមើល ជិតបន្ទប់ជួល ស្រាប់តែឃើញឈ្មោះពៅ ដែលត្រូវជាក្មួយ លុះនាងសួររកឈ្មោះតូច គេក៏ឆ្លើយថា ពូរបស់គេមិននៅទេ ហើយក៏មិនដឹងទៅណាដែរ។ បន្ទាប់មក នាងក៏ប្រទះឃើញជនសង្ស័យឈ្មោះតូច ស្ពាយកាបូបរបស់នាង ហើយជិះម៉ូតូគេចខ្លួនបាត់។ ភ្លាមនោះ នាងក៏ជិះម៉ូតូឌុប តាមទៅមើលកន្លែងបញ្ចាំម៉ូតូ ស្រាប់តែត្រូវម្ចាស់ហាងបញ្ចាំនិយាយថា ម៉ូតូខាងលើត្រូវបុរសម្នាក់ (ជនសង្ស័យឈ្មោះតូច) លោះយកទៅបាត់ហើយ ទើបនាងភ្ញាក់ខ្លួនដឹងថា ត្រូវជនសង្ស័យស៊ីដាច់ម៉ូតូបាត់ហើយ។

នារីរងគ្រោះ បាននិយាយទាំងទឹកភ្នែករលេងរលោងថា ម៉ូតូរបស់នាងទើបនឹងទិញក្នុង តម្លៃ៥២០ដុល្លារ ដែលលុយទាំងនោះបានមកពីកម្លាំងញើសឈាមនាងរកដោយសុចរិត ហើយ ទោះនាងជាស្រីខារ៉ាអូខេក៏ដោយ តែរកប្រាក់មកដោយសុចរិតដោយមិនលួចឆក់ប្លន់ពីអ្នក ណាមកចិញ្ចឹមជីវិតទេ។ នារីរងគ្រោះបានបញ្ចាក់ទៀតថា នាងជាកូនទោល និងជាកូនកំព្រាអត់ មានម្តាយឪពុកទេ ដោយពួកគាត់បានស្លាប់ចោល នាងតាំងពីតូចមកម៉្លេះ ហើយនាងបានរស់នៅជាមួយម្តាយចិញ្ចឹមតាំងពីអាយុ១០ឆ្នាំម៉្លេះ តែនាងទើបនឹងមករកកាងារធ្វើបានជាង៤ខែ គ្រាន់បានប្រាក់កម្រៃចិញ្ចឹមជីវិត និងម្តាយចិញ្ចឹម ស្រាប់តែពេលនេះ បែរជាមកជួបគ្រោះស៊យជាន់លើស៊យត្រូវមិត្តប្រុសជើងល្អបោកទៅស៊ី ផឹកបញ្ចាំម៉ូតូ យកលុយមកចេញថ្លៃស្រាឱ្យពួកគេហើយ បែរជាមកលួចយកក្រដាសបញ្ចាំទៅ លស់យកម៉ូតូនាងទៅបាត់ទៀត។
ក្រោយពេលកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីឱ្យសមត្ថកិច្ចជួយតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕