ថៅកែខំទុកចិត្តឲ្យកាន់លុយរាប់មឺុនដុល្លារ! បែរជាលួចលុយក្រុមហ៊ុនចាយអស់បែបនេះសោះ

ភ្នំពេញ ៖ បុរសជាបុគ្គលិកក្រុមហ៊ុនម្នាក់ ត្រូវថៅកែស្រលាញ់ទុកចិត្ត ប្រគល់ប្រាក់ឱ្យកាន់ទៅទូទាត់បញ្ជីម្តងរាប់ម៉ឺនដុល្លារ ស្រាប់តែបែកគំនិត ក្បត់សេចក្តីទុកចិត្តថៅកែ បែរជាលួចយកលុយក្រុមហ៊ុនចំនួន១៥០០០ដុល្លារទៅចាយវាយ អស់ជាង៩ពាន់ដុល្លារ លុះថៅកែដឹងក៏ចាប់អូសកយកទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ខណ្ឌសែនសុខ ចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជនសង្ស័យក្នុងអំពើរំលោភលើទំនុកចិត្ត មានឈ្មោះចាន់ រតនា អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកផ្នែក ជឿ ស្នាក់នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកដើមបណ្តឹង មានឈ្មោះជា សម្បត្តិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអ្នកគ្រប់គ្រងផ្នែកលក់ប្រេងរបស់សាខាក្រុមហ៊ុនប្រេងឥន្ធនៈសាវីម៉ិច ស្នាក់នៅផ្ទះលេខ១១៩ ផ្លូវភ្នំពេញហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពីបុរសជាដើមបណ្តឹង បានរៀបរាប់ប្រាប់ថា ជនសង្ស័យឈ្មោះចាន់ រតនា នេះ កន្លងមកធ្វើការប្រកបដោយការទទួលខុសត្រូវណាស់ និងមានភាពឈ្លាសវៃក្នុងការងារ រហូតធ្វើឱ្យគាត់ជាថៅកែស្រលាញ់ និងទុកចិត្តប្រគល់លុយឱ្យកាន់ម្តងរាប់ម៉ឺនដុល្លារ ដើម្បីយកទៅ ទូទាត់បញ្ជីជាមួយនឹងក្រុមហ៊ុនធំ (សាវីម៉ិច)។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល៨និង៣០នាទីយប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ រូបគាត់បានប្រគល់ប្រាក់ចំនួន១៥០០០ដុល្លារ ឱ្យទៅជនសង្ស័យឈ្មោះចាន់ រតនា នៅកន្លែងធ្វើការ ដើម្បីឱ្យគេយកទៅទូទាត់សងថ្លៃប្រេង ជាមួយនឹងក្រុមហ៊ុនសាវីម៉ិច ព្រោះតែគាត់រវល់ចេញទៅធ្វើការនៅក្រៅប្រទេស។ ស្រាប់តែពេលដែលគាត់ត្រឡប់មកវិញ ទៅឆែកមើលការទូទាត់សងគេ បែរជាឃើញសងតែ៥៦៥០ដុល្លារប៉ុណ្ណោះ ដោយបាត់អស់ជាង៩០០០ដុល្លារ។ ដោយមានការសង្ស័យលើឈ្មោះចាន់ រតនា យកលុយក្រុមហ៊ុនដើរស៊ីចាយ ទើបគាត់សម្រេចនាំខ្លួនជនសង្ស័យរូបនេះ យកមកប្រគល់ឱ្យសមត្ថកិច្ចដើម្បីធ្វើការសាកសួរតែម្តង។

តាមសម្តីជនសង្ស័យឈ្មោះចាន់ រតនា បានឆ្លើយប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានទទួលលុយពីថៅកែឈ្មោះជា សម្បត្តិ ចំនួន១៥០០០ដុល្លារមែន ប៉ុន្តែក្នុងការទូទាត់សងថ្លៃប្រេងនោះមានគ្នា២នាក់ ដែលធ្វើការជាមួយខ្លួន។ ចំណែករឿងដែលថៅកែចោទថា រូបគេធ្វើឱ្យបាត់លុយក្រុមហ៊ុន៩៣៥០ដុល្លារនោះ រូបគេមិនដឹងទេ ប៉ុន្តែក្នុងនោះក្រោយពីខ្លួនធ្វើបញ្ជីសងថ្លៃប្រេងគេហើយ នៅសល់តែ៤៣០០ដុល្លារតែប៉ុណ្ណោះដែលខ្លួនបានយកចាយ។

ជាមួយនឹងការសាកសួរខាងលើ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យ និងបានប្រទះឃើញថា ជនសង្ស័យមានសារធាតុញៀននៅក្នុងខ្លួនទៀតផង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕