ជិតដល់ថ្ងៃចូលរោងការ! ជិះម៉ូតូយកធៀបទៅឲ្យមិត្តភក្តិនៅពេលយប់ ត្រូវចោរបាញ់ប្លន់យកម៉ូតូ

ភ្នំពេញៈ នារី២នាក់ជិះម៉ូតូមួយគ្រឿងគោលបំណងទៅហៅសំបុត្រការមិត្តភក្តិ រួចហើយណាត់គ្នាទៅហូបចុកនៅម្តុំផ្សារឌុយមិច ត្រូវជនសង្ស័យបាញ់ប្លន់យកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ស្រ្តីដែលជិតចូលរោងការ ចំណែកមិត្តភក្តិរងរបួសស្រាល ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៤៩ នៅចំណុចមុខផ្ទះលេខ 95Eo ស្ថិតនៅក្នុងក្រុម១៥ ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះទិត្យ មុន្នីរ័ត្ន ភេទស្រី ហៅស្រីពេជ្រ អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន Skey ស្នាក់នៅម្តុំវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ចូលរោងការថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខនេះ ។ ចំណែកឯជនរងគ្រោះរងរបួសស្រាល ជាម្ចាស់ម៉ូតូមានឈ្មោះ ម៉ោង វួចនា ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះ 75Eo សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា។

តាមប្រភពពត៌មានពីសមត្ថកិច្ចខណ្ឌ៧មករា​ បានអោយដឹងថា មុនពេលកើតហេតុគឺជនរងគ្រោះមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្តុបពី ពណ៌ស សេរី២០១៨ ពាក់ស្លាក
លេខភ្នំពេញ 1G-P0078 ដោយម្ចាស់ម៉ូតូបានអោយមិត្តភក្តិឈ្មោះទិត្យ មុន្នីរ័ត្ន ជាអ្នកឌុបទៅយកមិត្តភក្តិប្រុសម្នាក់ទៀតដែលចាំនៅម្តុំក្រោយសាលាបាក់ទូក គោលបំណងទៅផឹកស៊ីនៅម្តុំផ្សារឌុយមិច ខណៈពេលដែលស្ត្រីរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាមកដល់ក្បែរសាលា ជ័យថាវី ក៏បានជួបនឹងមិត្តភ័ក្តិប្រុសជិះម៉ូតូមកដែរ ទើបជនរងគ្រោះជិះមកដល់មុខផ្ទះលេខ 95Eo បានបត់ក្បាលម៉ូតូបម្រុងនឹងបើកចេញទៅ ស្រាប់តែមានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណបានដើរទៅជិតជនរងគ្រោះ រួចហើយដកកាំភ្លើងខ្លីម៉ាក K54 បាញ់សំដៅជនរងគ្រោះចំនួនមួយគ្រាប់ត្រូវចំអ្នកឌុបរងរបួសថ្ពាល់ខាងស្តាំ ធ្លាយទៅខាងឆ្វេង ហើយជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ភ្លាមៗនោះមិត្តភ័ក្តិរបស់ជនរងគ្រោះក៏បានដឹកយកជនរងគ្រោះដែលរងរបួសធ្ងន់ទៅមន្ទីរពេទ្យសម្តេចឪ ស្ថិតនៅជិតនឹងកន្លែងកើតហេតុ ។ រីឯមិត្តភក្កិជាម្ចាស់ម៉ូតូអង្គុយខាងក្រោយរងរបួសស្រាល ។

បើតាមសំដីរបស់ប្រជាពលរដ្ឋដែលគាត់លក់អីនៅម្តុំជិតកន្លែងកើតហេតុសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ជនរងគ្រោះទាំង២នាក់បានឈប់ម៉ូតូនៅជិតនឹងកន្លែងដែលគាត់លក់ដូរនៅក្បែរនឹងសាលាជ័យថាវី ដើម្បីចាំមិត្តភ័ក្តិរួចហើយ ក៏បានឮថាជនរងគ្រោះឈ្មោះទិត្យ មុន្នីរ័ត្ន ដែលរងរបួសនិយាយថា ខ្លួនជិតចូលរោងការហើយនៅថ្ងៃទី២៣ ខែវិច្ឆិកាហើយគោលបំណងមកជួបមិត្តភក្តិប្រុសនេះគឺដើម្បីយកសំបុត្រការយកទៅ
អោយមិត្តភ័ក្តិប្រុស រួចក៏បបួលគ្នាទៅហូបចុកនៅម្តុំផ្សារឌុយមិច តែម្តង ចៃដន្យអីក៏ជួបរឿងបែបនេះតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះរងរបួសធ្ងន់ត្រូវបានមិត្តភក្តិបញ្ចូនចេញពីមន្ទីរពេទ្យ
សម្តេចឪ ទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះជាបន្ត ៕