លេងថ្នាំហួសកម្រិត!!! បណ្តាលឲ្យស្រីក្មេង២នាក់ស្លាប់ក្នុងផ្ទះសំណាក់

ខេត្តកំពត ៖ នារីវ័យក្មេងជាជនបរទេស២នាក់ ទំនងជាប្រើប្រាស់ថ្នាំញៀនហួសកម្រិត បណ្តាលឱ្យប្រតិកម្មស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងបន្ទប់ផ្ទះសំណាក់ និងត្រូវបានបុគ្គលិក ផ្ទះសំណាក់ប្រទះឃើញកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ផ្ទះសំណាក់ យីហា Money Republic ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។

នារីរងគ្រោះទាំង២នាក់ ដែលដេកស្លាប់ ក្នុងបន្ទប់ផ្ទះសំណាក់នោះ រួមមាន ទី១-ឈ្មោះ AMISOLA ABBEY GAIL អាយុ២៧ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត ០៩ ឧសភា ១៩៩០) ជាជនជាតិកាណាដា កាន់លិខិតឆ្លងដែនលេខHH472236 និងទី២-ឈ្មោះ SEYMOUR NATALIE JADE អាយុ២២ឆ្នាំ (ថ្ងៃខែឆ្នាំ កំណើត ០៩ មិថុនា ១៩៩៥) ជាជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 502979041។ នារីរងគ្រោះទាំង២នាក់ ស្នាក់នៅផ្ទះសំណាក់ Money Republic បន្ទប់ dorm គ្រែលេខ៣ និងលេខ៥) ស្ថិតក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុគ្គលិកផ្ទះសំណាក់ ខាងលើ បានដើរឆ្លងកាត់បន្ទប់នារីរងគ្រោះទាំង២នាក់ ដែលស្នាក់នៅរួមគ្នា រួចក៏ឃើញចំហរ ទ្វារបន្ទប់ ទើបចូលទៅមើល ស្រាប់តែប្រទះឃើញអ្នកទាំង២ ស្ថិតក្នុងអាការមិនស្រួល ទើប ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច មកជួយអន្តរាគមន៍ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី សង្គ្រោះជីវិត តែអកុសលនារីរងគ្រោះទាំង២ បានស្លាប់បាត់ទៅហើយ។

តាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋាន បានបន្តថា ជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ប៉ុន្តែជនរងគ្រោះ នៅតែមិនអាចជួយសង្គ្រោះបាននោះទ្បើយ។

តាមការសង្ស័យពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានបញ្ជាក់ថា ករណីនារីវ័យក្មេងទាំង២នាក់ដេកស្លាប់នៅក្នុងបន្ទប់នេះ គឺអាចបណ្តាលមកពីអ្នកទាំងពីរប្រើប្រាស់ថ្នាំហួសកម្រិត។ ជាក់ស្តែងនៅកន្លែងក្នុងបន្ទប់ ស្នាក់នៅរបស់សពមានថ្នាំពេទ្យរាយប៉ាយនៅលើឥដ្ឋការ៉ូ។ ប៉ុន្តែយ៉ាងណាក្តី ទាំងនេះគ្រាន់តែជាការសន្និដ្ឋានជាបឋមប៉ុណ្ណោះ។

ករណីនៃការស្លាប់របស់នារីរងគ្រោះទាំង២នាក់ខាងលើ ត្រូវរង់ចាំសមត្ថកិច្ចធ្វើកោសល្យវិច័យ និងស្រាវជ្រាវបន្តទៀត។ ចំណែកសព ត្រូវបានសមត្ថកិច្ចផ្តល់ដំណឹងឱ្យខាងស្ថានទូត ដើម្បីមកទទួល និងចាត់ចែងបន្ត៕