សូមប្រយ័ត្នបងប្អូនទាំងអស់គ្នា!!! ជើងមាន់ ស្លាបមាន់ ប្រើប្រាស់ជាតិគីមី និងហួសសុពលភាព នៅម្តុំបឹងសាឡាងមួយកន្លែង ត្រូវសមត្ថកិច្ចចុះបង្ក្រាប

ភ្នំពេញ ៖ គណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងស្តុកស្លាបមាន់ ជើងមាន់គ្មានច្បាប់អនុញ្ញាត ជ្រកក្រោមយីហោក្រុមហ៊ុន ហេងវីរៈសុខ សង្ស័យប្រើប្រាស់ជាតិគីមី និងហួសសុពលភាព។

ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីតាំងសិប្បកម្មផលិត ស្តុកទុកចំណីអាហារ ស្ថិតនៅផ្ទះគ្មានលេខ នៅផ្លូវមាត់ប្រឡាយទឹកស្អុយ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងជាប្រធានក្រុមប្រតិបត្តិការពិសេស ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានចុះទៅសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញផ្នែកស្តង់ដារ និងកាំកុងត្រូល បានចុះទៅត្រួតពិនិត្យទីតាំងស្តុកស្លាបមាន់ ជើងមាន់គ្មានច្បាប់អនុញ្ញាត ជ្រកក្រោមយីហោក្រុមហ៊ុនហេងវីរៈសុខ សង្ស័យប្រើប្រាស់ជាតិគីមី បន្ទាប់ពីតាមដានរថយន្តដឹកស្លាបជើងមាន់ជាក់ស្តែងមកដល់កន្លែងផ្ទាល់តែ ម្តង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងខាងលើធ្វើអាជីវកម្មខុសគេ ដោយចេញ ចូលបិទទ្វារ និងធុំក្លិនចេញពីទីតាំងចង់ក្អួត ជាងទឹកស្អុយនៅប្រឡាយក្បែរនោះទៅទៀត ធ្វើឱ្យ អ្នករស់នៅក្បែរខាងធុញទ្រាន់ ព្រោះប៉ះពាល់ដល់សុខភាព។

ក្រោយពិនិត្យជាក់ស្តែងនៅកន្លែងទីតាំងស្តុកខាងលើ ខាងមន្ត្រីជំនាញនឹងនាំយកសាច់ ស្លាបមាន់ជើងមាន់ទៅត្រួតពិនិត្យនៅក្នុងមន្ទីរពិសោធន៍ម្តងទៀត ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ និងបង្ការកុំឱ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ហើយត្រូវដុតកម្ទេចចោល តែម្តង បើរកឃើញថា មានលាយជាតិគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់៕