Thursday, March 28, 2024
Homeព័ត៌មានជាតិគំនុំស្នេហាត្រីកោណ ដកកាំភ្លើងបាញ់គំរាម

គំនុំស្នេហាត្រីកោណ ដកកាំភ្លើងបាញ់គំរាម

ភ្នំពេញ ៖ យុវជនជានិស្សិតម្នាក់កំពុងឈប់ម៉ូតូចាំសង្សារ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូមកសម្លឹងមុខ រួចក៏ជិះប្រដេញតាម និងដកកាំភ្លើងបាញ់គំរាមចំនួន២គ្រាប់ តែសំណាងល្អមិនបង្កឱ្យមានមនុស្សណាម្នាក់ទទួលរងរបួសនោះទេ និងត្រូវគេសង្ស័យថា ករណីនេះ គឺផ្តើមចេញពីរឿងគំនុំស្នេហាត្រីកោណ។

ករណីផ្ទុះអាវុធចំនួន២គ្រាប់ ទាំងកណ្តាលយប់ នៅកណ្តាលរាជធានីភ្នំពេញនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចទល់មុខហាងភូមិគ្រឹះឆ្ងាញ់ តាមផ្លូវ២៧៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន។ យុវជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់គំរាម២គ្រាប់ មានឈ្មោះយឹម សុខា អាយុ១៨ឆ្នាំ មុខរបរនិស្សិត។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ ទៅឈប់នៅត្រង់ចំណុចផ្លូវ១៤៣ កែងនឹងផ្លូវ២៧៨ ដើម្បីរង់ចាំទទួលមិត្តស្រី។ ខណៈពេលកំពុងរង់ចាំនោះ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះមកក្បែរ រួចហើយជនសង្ស័យទាំង៣នាក់នោះ បានសម្លឹងមើលមុខរូបគេ ដោយមិនដឹងមូលហេតុ ហើយក៏បានទៅឈប់ម៉ូតូចំងាយពីម៉ូតូរបស់គេប្រមាណ២០ម៉ែត្រ ទើបធ្វើឱ្យរូបគេ គិតថាមិនសូវស្រួលក៏ជិះម៉ូតូចេញទៅតាម ផ្លូវ២៧៨ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែជនសង្ស័យទាំងនោះបានជិះម៉ូតូដេញតាម ធ្វើឱ្យរូបគេភ័យ ក៏បានជិះម៉ូតូចូលទៅក្នុងហាងខាងលើ ហើយរត់ចូលទៅក្នុងហាងហៅគេឱ្យជួយ។

ភ្លាមនោះ ជនសង្ស័យក៏បានដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់គំរាមចំនួន១គ្រាប់ ហើយជិះម៉ូតូចេញទៅ បាត់ លុះមួយសន្ទុះក្រោយមក ក្រុមជនសង្ស័យក៏បានជិះម៉ូតូត្រឡប់មកវិញ រួចដកកាំភ្លើងបាញ់ថែម១គ្រាប់ទៀត បណ្តាលឱ្យគ្រាប់កាំភ្លើងផ្លាត ទៅចំទ្វារផ្ទះប្រជាពលរដ្ឋ១គ្រាប់ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ ក្រោយពីផ្ទុះអាវុធ២គ្រាប់រួចហើយ ក្រុមជនសង្ស័យក៏បាននាំ គ្នាជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលអស់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ព្រមទាំងជំនាញពាក់ពន្ធ័បានចុះទៅដល់កន្លែងកើតហេតុ និងរើសបានសំបកកាទុស្សេចំនួន ២គ្រាប់នៅកន្លែងកើតហេតុ  រួចក៏បាននាំជនរងគ្រោះយកសាកសួរនៅប៉ុស្តិ៍នគរបាលបឹងកេងកង២ ដើម្បីបញ្ជាក់ពីដំណើររឿងលម្អិត ថាតើជាករណីអ្វីឱ្យប្រាកដ។

ជុំវិញករណីបាញ់បោះសេរីខាងលើនេះ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានដាក់ការសង្ស័យថា អាចផ្តើមចេញពីរឿងគំនុំស្នេហ៍ត្រីកោណតែម្តង។ ប៉ុន្តែសមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា ករណីនេះអាចផ្តើមពីទំនាស់ពាក្យសម្តី ឬជារឿងគំនុំ។

យ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES