ប្រពន្ធចោទមានស្រី ប្តីចោទថាត្រចៀកស ឈ្លោះដឹកដៃគ្នាទៅលែងលះ

ភ្នំពេញ ៖ ប្តីប្រពន្ធ១គូ រួមរស់នឹងគ្នាប្រកបដោយសុភមង្គលអស់រយៈពេល១០ឆ្នាំមកហើយ ស្រាប់តែចុងក្រោយ បែរជាកើតមានទំនាស់ ខ្វែងគំនិតគ្នាដោយភាគីខាងប្រពន្ធចោទថា ប្តី មានស្រីចុះចោលផ្ទះរាប់ខែ ចំណែកភាគីខាងប្តីបាននិយាយថា ប្រពន្ធគឺជាមនុស្សត្រចៀកស ស្តាប់សម្តីអ្នកដទៃច្រើនជាងប្តី និងវក់តែល្បែង លុះភាគីទាំងពីរកើតទុក្ខមិនសុខចិត្ត ក៏ដឹកដៃគ្នា ចូលសាលាសង្កាត់ ដើម្បីឱ្យជួយរកដំណោះស្រាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ក្នុងហេតុការណ៍ប្តីប្រពន្ធផ្ទុះជម្លោះហែកហួរគ្នាក្នុងបរិវេណសាលាសង្កាត់នេះ ភាគីទាំងសងខាង មិនបានអនុញ្ញាតឱ្យស្គាល់ឈ្មោះឡើយ ដោយគ្រាន់តែដឹងថា ប្តីប្រពន្ធអ្នកទាំងពីរ សុទ្ធតែមានវ័យជាង៣០ឆ្នាំប្លាយដូចគ្នា ហើយបុរសជាប្តីមានរបរជាជាងសំណង់ ធ្វើការនិងស្នាក់នៅ ការដ្ឋានសំណង់ក្នុងឃុំអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងមានស្រុកកំណើតនៅខេត្តស្វាយរៀង។ ចំណែកភាគីខាងប្រពន្ធ មានរបរជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះ ជួលភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមសម្តីភាគីបុរសជាប្តី បានរៀបរាប់ប្រាប់ថា ពួកគាត់បានគ្នាជាប្តីប្រពន្ធអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយបានរៀបការ ក្បាលដល់កន្ទេលត្រឹមត្រូវ និងបានរួមរស់រហូត មកដល់សព្វថ្ងៃមានកូនស្រី២នាក់ជាចំណងនិស្ស័យទៀតផង។ នៅក្នុងដំណើរផ្លូវដ៏វែងឆ្ងាយ រយៈពេលជាង១០ឆ្នាំកន្លងមកនេះ គ្រួសារគាត់រស់នៅមានសុភមង្គលល្អណាស់ ចេះយោគយល់ អធ្យាស្រ័យឱ្យគ្នាទៅ់វិញទៅមក មានបញ្ហាតូចធំ ដោះស្រាយតែ២នាក់ប្តីប្រពន្ធស្ងាត់ៗក៏ចប់យ៉ាងរលូន និងមិនដែលមាត់តូចមាត់ធំដាក់គ្នាឡើយ។

បុរសជាប្តីបានបន្តថា ស្រាប់តែចូលមកដល់ឆ្នាំ២០១៧នេះ គាត់សង្កេតឃើញប្រពន្ធ ហាក់បីដូចជាត្រចៀកសខ្លាំងណាស់ ឆាប់ជឿ ស្តាប់ពាក្យសម្តីញុះញង់របស់គេខាងក្រៅច្រើន ជាងស្តាប់សម្តីប្តី ធ្វើឱ្យការរស់នៅក្នុងគ្រួសារ ហាក់បីដូចជាលែងទុកចិត្តគ្នាក្នុងនាមប្តីប្រពន្ធ ចេះតែចោទប្រកាន់គាត់ជាប្តីផ្តេសផ្តាសថា គាត់មានស្រីដើរស៊ីចាយបាត់ៗមិនរវល់នឹងក្រុមគ្រួសារ តែតាមការពិត គឺគាត់ចេញទៅធ្វើសំណង់ នៅស្រុកឆ្ងាយបាត់ៗ ក៏ព្រោះតែប្រឹងរកលុយមកចិញ្ចឹមប្រពន្ធកូនសោះ បែរជាប្រពន្ធមកចោទប្រកាន់គាត់ទាំងបំពានបែបនេះទៅវិញ។

បុរសជាប្តី បានឱ្យដឹងទៀតថា តែបើនិយាយពីប្រពន្ធវិញ រាល់ថ្ងៃចេះតែដើរលេងល្បែងនិងឧស្សាហ៍រករឿងដេញវាយគាត់ជាប្តីជាច្រើនលើកច្រើនសាមកហើយ ហើយគិតមកដល់សព្វថ្ងៃមានរយៈពេលច្រើនខែមកហើយ គ្រាន់តែគាត់ជាប្តីមិនតបត ចេះតែអត់ធ្មត់ទៅ ទើបតែមកដល់រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយសារតែជម្លោះកើតឡើង ក្តៅគគុកខ្លាំងពេក រហូតដល់គាត់ទ្រាំលែងបាន ទើបដឹកដៃគ្នា មករកអាជ្ញាធរសង្កាត់ឱ្យជួយដោះស្រាយតែម្តង ព្រោះតែខាងប្រពន្ធចង់ប្តឹងលែងលះ និងទាមទាររកជំងឺចិត្តពីគីតា់ជាប្តី។

ដោយឡែក ភាគីខាងស្ត្រីជាប្រពន្ធវិញ បានស្រែកក្តែងៗធ្វើឱ្យភ្ញាក់ផ្អើលពេញសាលាសង្កាត់ ដោយគិតតែចោទប្រកាន់ប្តីថា លួចមានស្រី ចុះចោលប្រពន្ធច្រើនខែមកហើយ ហេតុនេះគាត់ជាប្រពន្ធកើតទុក្ខមិនសុខចិត្ត ក៏មកប្តឹងដើម្បីទាមទារជម្ងឺចិត្តតែម្តង។

ហេតុការណ៍ផ្ទុះសង្គ្រាមហែកហួរសម្តីគ្នា រវាងប្តី និងប្រពន្ធមួយគូរខាងលើ បានធ្វើឱ្យកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញសាលាសង្កាត់ ដោយភាគីម្ខាងៗ សុទ្ធតែមានភ្លើងកំហឹង និងមានអំណះអំណាង ព្រមទាំងចោទប្រកាន់គ្នាទៅវិញទៅមក ពោលគឺនិយាយយកតែត្រូវរៀងៗខ្លួន។ ប៉ុន្តែក្នុងនាមអាជ្ញាធរ បានត្រឹមជួយធ្វើការសម្របសម្រួលប៉ុណ្ណោះ ចំណែកការសម្រេចផ្តាច់មគ្គសង្វាស់រវាងគ្នានឹងគ្នានោះ គឺហួសពីដែនសមត្ថកិច្ចរបស់អាជ្ញាធរហើយ ព្រោះមានតែតុលាការប៉ុណ្ណោះដែលអាចសម្រេចបាន។

ចុងក្រោយ ដោយសារតែភាគីប្តីប្រពន្ធ អ្នកទាំងពីរនៅតែនិយាយមិនចុះសម្រុងគ្នា និងមិនទទួលយកការសម្របសម្រួលពីអាជ្ញាធរ ទើបប្តីប្រពន្ធខាងលើ បាននាំគ្នាចាកចេញទៅវិញអស់ទៅ ដើម្បីត្រឡប់ទៅស្រុកកំណើតសម្រេចធ្វើការលែងលះ៕