គ្រាន់តែជិះម៉ូតូសម្លឹងមុខបន្តិច! ព្រួតគ្នាវាយតប់ ចាក់ធ្លាយដោះ

ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក នាំគ្នាជិះម៉ូតូដើរលេង លុះគ្រាន់តែឃើញគេសម្លឹងមើលមុខ ក៏បានព្រួតគ្នាវាយតប់ និងចាក់ប្រហារ បណ្តាលឱ្យបុរស ម្នាក់រងរបួសធ្លាយដោះ និងត្រូវបានសមត្ថកិច្ច ចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យទាំង២ នាក់ យកទៅសាកសួរ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាង មុខការដ្ឋានក្រឡុកស៊ីម៉ងត៍ ខាងក្រោមស្ពាន មិត្តភាពកម្ពុជា-ចិន កោះធំ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ។

បុរសរងគ្រោះ ដែលត្រូវជនដៃដល់ចាក់ធ្លាយដោះនោះ មានឈ្មោះពេជ្រ សារិទ្ធ អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តក្រឡុកស៊ីម៉ងត៍ ធ្វើការ និងស្នាក់នៅក្នុងទីតាំងនៅក្នុងការដ្ឋាន ត្រង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្រុកកោះធំ និងមានលំនៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ចំណែកជនដៃដល់ មានគ្នា២នាក់ រួមមាន ទី១-ឈ្មោះសារឿន រាជ អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ និងទី២-ឈ្មោះ សេង ម៉េងអាន អាយុ២៥ឆ្នាំ មុខរបរកសិករ មានលំនៅភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ សារឿន រាជ និងមិត្តភក្តិ បានផឹកស៊ីស្រវឹង រួចហើយបាននាំគ្នាជិះម៉ូតូទៅលេងនៅចំណុចស្ពានមិត្តភាពកម្ពុជា-ចិន លុះពេលទៅដល់ខាងមុខ ការដ្ឋានក្រុមហ៊ុនចិន ក៏បានជួបកម្មករ២នាក់ ដែលធ្វើការជាមួយជនរងគ្រោះឈ្មោះពេជ្រ សារិទ្ធ បើកម៉ូតូបញ្ច្រាសទិសគ្នា រួចហើយបានមើលមុខក្រុមជនសង្ស័យ។ បន្ទាប់មក ជនសង្ស័យឈ្មោះសារឿន រាជ ផ្ទុះកំហឹងខឹងគេសម្លឹងមើលមុខ ក៏បានទៅហៅបក្ខពួកឈ្មោះសេង ម៉េងអាន និងគ្នីគ្នាបន្ថែមទៀត រួចក៏បានព្រួតគ្នាវាយទៅ លើក្រុមជនរងគ្រោះដល់ខាងមុខការដ្ឋាន និងបានចាក់ប្រហារជនរងគ្រោះឈ្មោះពេជ្រ សារិទ្ធ បណ្តាលឱ្យរងរបួសត្រង់ខាងក្រោមដោះខាងឆ្វេងតែម្តង។

ក្រោយកើតហេតុភ្លាមៗ ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ជ្រោយតាកែវ ឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុក ចំណែកបក្ខពួកដទៃទៀត បានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តចាត់ការតាមនីតិវិធី៕