ផឹកស្រវឹងកាប់ប្អូនថ្លៃស្លាប់! បងមិនចង់ជាប់គុក បែរជារត់ទៅចងក

ខេត្តព្រៃវែង ៖ បុរស២នាក់ ជាត្រូវជាបងប្អូនថ្លៃនឹងគ្នា បានទិញស្រាមកផឹកស៊ីជុំគ្នាយ៉ាងសប្បាយក្អាកក្អាយ លុះពេលស្រវឹងធ្លាក់ ភ្នែកក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នាយ៉ាងក្តៅគគុក រហូតដល់បុរសជាបងថ្លៃទប់កំហឹងមិនបាន ក៏ទាញកាំបិតស្ទុះទៅកាប់ប្អូនថ្លៃ បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់តាមផ្លូវ ខណៈដែលដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯប្រទេសវៀតណាម លុះជនដៃដល់ជាបងថ្លៃ ដឹងថាប្អួនថ្លៃស្លាប់ ក៏រត់ទៅចងកសម្លាប់ខ្លួននៅលើផ្ទះ ព្រោះតែមិនចង់ជាប់គុក។

ករណីបងប្អូនថ្លៃផឹកស៊ីជុំគ្នាកើតមានជម្លោះ ឈានដល់ការកាប់ចាក់គ្នាស្លាប់ និងធ្វើឱ្យជនដៃដល់ភ័យខ្លួនរត់ទៅចងកសម្លាប់ខ្លួនដែរនោះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចផ្ទះភូមិតាពូម ឃុំឫស្សីស្រុក ស្រុកពាមជរ។

ជនដៃដល់ដែលកាប់ប្អូនថ្លៃរបស់ខ្លួនស្លាប់ រួចចងកធ្វើអត្តឃាតតាមក្រោមមានឈ្មោះ រិន រ៉ាត់ អាយុ៥៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះកាក់ តុប អាយុ៤៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់ ដែលត្រូវជាបងប្អូនថ្លៃនឹងគ្នា បានទិញស្រាយកមកអង្គុយផឹកស៊ីជុំគ្នានៅផ្ទះរបស់ជនរងគ្រោះឈ្មោះកាក់ តុប។ លុះ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន មិនដឹងថាមានបញ្ហាអ្វី ស្រាប់តែអ្នកទាំងពីរ បានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតដល់ភាគីជនដៃដល់ជាបងថ្លៃទប់ចិត្តមិនបាន ក៏ស្ទុះទៅទាញកាំបិតផ្គាក់កាប់ប្រហារទៅលើជនរងគ្រោះជាប្អូនថ្លៃ បណ្តាលឱ្យរងរបួសធ្ងន់២កន្លែង ត្រង់ភ្លៅខាងស្តាំ១កន្លែង និងផ្នែកខាងខ្នងបោះដៃផុត ខាងស្តាំ១កន្លែង។

ក្រោយពេលកើតហេតុភ្លាមៗ បងប្អូនបានដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះ និងព្យាបាលនៅឯមន្ទីរពេទ្យប្រទេសវៀតណាម ប៉ុន្តែអកុសល ដោយសារតែស្ថានភាពរបួសរបស់ជនរងគ្រោះធ្ងន់ពេក ទើបពេលដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

បន្ទាប់ពីទទួលបានដំណឹងថា ប្អូនថ្លៃដែលខ្លួនបានកាប់ប្រហារ២កាំបិតផ្គាក់ក្នុងវង់ផឹកស៊ី បានដាច់ខ្យល់ស្លាប់ទៅហើយ ទើបធ្វើឱ្យជនដៃដល់ជាបងថ្លៃភ័យខ្លួន មិនចង់ជាប់គុក ក៏ស្ទុះរត់ឡើងទៅលើផ្ទះនិងបានធ្វើសកម្មភាពចងក ភ្ជាប់នឹងរតផ្ទះរបស់ខ្លួន បណ្តាលឱ្យស្លាប់ភ្លាមៗដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសពទាំង២ រួចបញ្ជាក់ថា សពជនរងគ្រោះជាប្អូនថ្លៃ ត្រូវទទួលរងការកាប់ប្រហារចំនួន២កាំបិត ត្រង់ភ្លៅខាងស្តាំ១ កាំបិត និងបោះដៃផុតខាងស្តាំ១កាំបិត។ ចំណែកសពជនដៃដល់ជាបងថ្លៃ ពិតជាចងកធ្វើអត្តឃាត ប្រាកដមែន។

សពបុរសទាំងពីរនាក់បងប្អូនថ្លៃ ត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យរៀងៗខ្លួន៕