កម្ទេចដើមកញ្ឆាដាំលើភ្នំ ជាទ្រង់ទ្រាយធំ នៅស្រុកគិរីវង់

ខេត្តតាកែវ ៖ ដោយមានការយកចិត្តទុកដាក់លើការបង្ក្រាបការដាំដំណាំកញ្ឆាខុសច្បាប់នៅក្នុងភូមិសាស្ត្រទូទាំងខេត្តតាកែវ ជាពិសេសនៅស្រុកគិរីវង់ ពីសំណាកលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបញ្ជាកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកគរីវង់ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យ ប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក និងមានការចូលរួមដោយលោកភិន សុភក្ត្រ័ អភិបាលរងស្រុកគិរីវង់ បានដឹកនាំកម្លាំងចម្រុះសរុបចំនួន ១១៧នាក់។

ក្នុងប្រតិបត្តិការចុះបង្ក្រាបការដាំកញ្ឆាខុសច្បាប់នេះ ធ្វើនៅចំណុចខ្នងបន្ទាយចាស់ ចំណុចដាបែកថ្លាង និងចំណុចជ្រោះឃ្លី ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដោយកម្លាំងសមត្ថកិច្ចបានបែងចែកកម្លាំងជា២ក្រុម ចុះទិសដៅខុសៗគ្នា ក្នុងនោះក្រុមទី១ ដឹកនាំដោយលោកវរសេនីយ៍ទោម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យ លោកភិន សុភក្ត្រ អភិបាលរង និងលោកវរសេនីយ៍ឯកយុគ សារ៉ាត់ អធិការកម្លាំងវរសេនាតូចការពារព្រំដែនគោក៦០៣ កម្លាំងចំនួន៥៥នាក់ ដោយបានចុះបង្ក្រាបដំណាំកញ្ឆាខុសច្បាប់មានចំនួន ៥១ទីតាំង ស្មើនឹង២១,៧៩១ដើម និងរកឃើញអណ្តូងទឹកចំនួន៥២អណ្តូង សម្រាប់ដាំដំណាំកញ្ឆានេះផងដែរ។ ក្រុមទី២-ដឹកនាំដោយលោកវរសេនីយ៍ត្រីយ៉ាង តារា អធិការរងព្រហ្មទណ្ឌ ស្រុកគិរីវង់ លោកវរសេនីយ៍ត្រី ទូច សាន្ត មេបញ្ជាការរងវរការពារ៣០១ លោកមេបញ្ជាការរងរាជហត្ថស្រុក លោកមេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្រុកកម្លាំងសរុប៦២នាក់ ដោយបានចុះបង្ក្រាបដំណាំកញ្ឆាខុសច្បាប់បានមានចំនួន៣២ទីតាំង ស្មើនឹង៦,៣២៣ដើម។

ជាលទ្ធផល សមត្ថកិច្ចចម្រុះដកបំផ្លាញចោលមានចំនួនរួម៨៣ទីតាំង ស្មើ២៨,១១៤ ដើម អណ្តូងប្រស់ទឹកចំនួន៥២អណ្តូង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងដាំដំណាំកញ្ឆាទាំងនោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

គួរបញ្ជាក់ថា នៅក្នុងខេត្តតាកែវ ជាពិសេសនៅក្នុងស្រុកគិរីវង់ តែម្តង មានពលរដ្ឋ និងជនទុច្ចរិតមួយចំនួននាំគ្នាលួចដាំដំណាំកញ្ឆាព្រោងព្រាត នៅក្នុងព្រៃតាមភ្នំ ដោយខុសច្បាប់ ព្រោះតែដំណាំនេះលក់បាតតម្លៃខ្ពស់ ហើយមានឈ្មួញមកឈរចាំទិញឆ្លងដែនទៅប្រទេសវៀតណាម តែយ៉ាងណា កម្លាំងសមត្ថកិច្ច ធ្វើការបង្ក្រាបនឹងបំផ្លាញដើកកញ្ឆាទាំងនេះ ជាបន្តបន្ទាប់៕