ខឹងសមត្ថកិច្ចដេញតាមពីក្រោយ ដោះមួកសុវត្ថិភាពគប់

ភ្នំពេញ ៖ ក្មេងទំនើង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខណៈពេលឃើញសមត្ថកិច្ចល្បាតក្នុងមូលដ្ឋាន ត្រូវក្មេងទំនើងដោះមួកការពារសុវត្ថិភាពគប់មកលើកម្លាំងសមត្ថកិច្ច កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៤ ស្ថិតនៅភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ក្មេងទំនើងទីមួយឈ្មោះ សាន ភារុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិឈើទាលស្រ៊ុត ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ទី២ឈ្មោះ លី សុធារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិមោង ឃុំមោងរាវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ម៉ូតូដែលសមត្ថកិច្ចឃាត់ម៉ាកឌូក (Duck) ពណ៌ស លាយទឹកក្រូច ពាក់ស្លាក់លេខភ្នំពេញ 1CN-0303 ។

កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ បានអោយដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុសិ្តបានចេញល្បាតនៅផ្លូវវេងស្រេង នៅម្តុំស្តុបទួលពង្រ ដោយមានគ្នា៤នាក់ បន្ទាប់មកបានឃើញយុវជនទាំង២នាក់ខាងលើជិះម៉ូតូលឿន ហើយជិះគេចពីសមត្ថកិច្ច ហើយកម្លាំងសមត្ថឃើញមានការសង្ស័យបានដេញតាម បន្ទាប់មកយុវជនខាងលើ បានដោះមួកសុវត្ថិភាព គប់ទៅលើកម្លាំងនគរបាល ដែលកំពុងជិះដេញពីក្រោយ តែមិនបង្កអោយគ្រោះថ្នាក់ដល់កម្លាំងសមត្ថកិច្ចឡើយ បន្ទាប់មកយុវជនខាងលើបានបន្ថែមល្បឿនយ៉ាងលឿន ហើយកម្លាំងនគរបាលប៉ុសិ្ត បានបោះដៃទៅកំលាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអោយឃាត់ យកមកសួរនាំ ។

ប្រភពដដែលបានបន្តទៀតថា ភ្លាមនោះកំលាំងអន្តរាគមន៌ខណ្ឌនឹងកំលាំងប៉ុស្តិ៍ បានដេញកាកជាប់ភ្លាមផងដែរហើយយកមកប៉ុសិ្តដើម្បីសួរនាំ ។

ក្រោយពីសាកសួរយុវជនទាំង២នាក់បាននិយាយថា ពួកគេមិនបានដោះមួកសុវត្ថិភាពគប់ទេ គឺពួកគាត់ជិះលឿនជ្រុះមួកសុវត្ថិភាពពីក្បាល ហើយដោយភ័យពេក ទើបពួកគាត់បើក
ម៉ូតូលឿន។

ក្រោយពេលកើតហេតុ យុវជនទាំង២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុសិ្តចោមចៅ ឃាត់មកសួរនាំ ធ្វើការអប់រំ និងអោយបងប្អូនមកធានា ហើយអោយពួកគាត់ត្រឡប់ទៅផ្ទះវិញភ្លាមៗផងដែរ ៕