ជីវិតកម្សត់បងប្អូន៣នាក់ ដើរបេះត្រកួន និងរើសខ្យងលក់ចិញ្ចឹមជីដូនជរា

ខេត្តប៉ៃលិន ៖ ក្មេងប្រុសស្រីតូចៗ ចំនួន៣នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ព្រោះតែជីវភាពទីទ័លក្រខ្លាំងពេក ក៏បាននាំគ្នាដើរបេះត្រកួនរើសខ្យង និងបេះផ្កាកំប្លោកនៅតាមប្រឡាយទឹក យកទៅទូលដើរលក់ ដើម្បីរកប្រាក់ចិញ្ចឹមជីដូនជរា រួមនិងប្អូនតូចម្នាក់ទៀត ខណៈដែលឪពុកម្តាយចេញទៅស៊ីឈ្នួលគេនៅស្រុកថៃបាត់ដំណឹងសូន្យឈឹងមិនដឹងស្លាប់ឬរស់។

ក្រុមគ្រួសារទុរគត ដែលមានជីដូនម្នាក់ និងចៅប្រុសស្រីតូចៗចំនួន៤នាក់ កំពុងរស់នៅទាំងត្រដាបត្រដួសខាងលើនេះ សព្វថ្ងៃស្នាក់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

តាមសម្តីក្មេងតូចៗទាំង៣នាក់បងប្អូន ដែលកំពុងទូលត្រកួនដើរលក់បានរៀបរាប់ប្រាប់ ទាំងទឹកភ្នែកថា ពួកគេមានបងប្អូនសរុប៤នាក់ ចំណែកឪពុកម្តាយបង្កើតរបស់ពួកគេ ព្រោះតែ ជីវភាពទ័លក្រពេក ក៏បាននាំគ្នាធ្វើចំណាកស្រុក ចេញទៅធ្វើការនៅប្រទេសថៃបាត់ដំណឹងសូន្យ អស់ រយៈពេលជាយូរខែមកហើយ មិនដឹងជាស្លាប់ឬរស់នោះទេ បន្សល់ទុកពួកគេចំនួន៤នាក់បងប្អូន រស់នៅជាមួយជីដូនវ័យជរា ប្រឹងរស់ទាំងត្រដាប ត្រដួសរហូតមកដល់សព្វថ្ងៃ។

ក្មេងតូចៗទាំង៣នាក់បងប្អូនបានបន្តថា សព្វថ្ងៃជីដូនរបស់ពួកគេមានវ័យចំណាស់ណាស់ទៅហើយ តែគាត់នៅប្រឹងដើរលក់នំ១កញ្ច្រែង តូចគ្រាន់បានប្រាក់យកមកទិញអង្ករចិញ្ចឹមពួកគេទាំង៤នាក់បងប្អូន។ ដោយសារតែឃើញជីដូនកាន់តែចាស់ និងប្រឹងដើរទាំងពពីមពពើម លក់នំរកប្រាក់ទិញអង្ករហូបសឹងមិនបានបែបនេះ ទើបពួកគេទាំង៣នាក់បងប្អូន បានសម្រេចចិត្តនាំគ្នាចេញដើរបេះត្រកួន រើសខ្យង រកក្តាម បេះផ្កាកំប្លោកតាមបឹងត្រពាំង ដើម្បីនាំគ្នាទូលដើរទៅលក់នៅផ្សារ គ្រាន់បានជួយសម្រាលបន្ទុកជីដូន ដោយទុកឱ្យជីដូននៅផ្ទះមើលថែ ប្អូនតូចម្នាក់ទៀត ដែលមិនទាន់ដឹងក្តី។

បងប្អូនទាំង៣នាក់ខាងលើ បានឱ្យដឹងទៀតថា នៅពេលដើរបេះត្រកួនបាន ពួកគេតែងយកមកចងជាបាច់លក់ ក្នុង១បាច់តម្លៃ៥០០រៀល ហើយរាល់ថ្ងៃបើលក់អស់ ជួនកាលបានប្រាក់ត្រឹមតែ៤០០០រៀលទៅ៥០០០រៀលប៉ុណ្ណោះ យកមកទិញអង្ករផ្គត់ផ្គង់ព្រឹកល្ងាច ស្ទើរមិនគ្រប់ជួនកាលទិញបានតែពងទា២ទៅ៣គ្រាប់ប៉ុណ្ណោះសម្រាប់ហូប៣ពេល។ ហើយពេលខ្លះដើរបេះត្រកួនរើសខ្ចៅខ្យងមិនបាន ដាច់បាយក៏មានដែរ។ ចំណែកការរៀនសូត្រ ពួកគេចង់រៀនខ្លាំងណាស់ តែធ្វើម៉េចបើរវល់ទៅរៀនច្បាស់ជាគ្មានពេលដើរបេះត្រកួនលក់ទេ ហើយច្បាស់ជាគ្មានប្រាក់ទិញអង្ករហូប ដាច់ពោះស្លាប់ទាំងចៅ ទាំងជីដូនមិនខាន។

ក្រុមក្មេងៗទាំង៣នាក់ បានប្អូនបានលើកដៃសំពះអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសមេត្តាជួយស្រោចស្រង់ជីវិតក្រុមគ្រួសារពួកគេផង ព្រោះពួកគេពិតជាចង់រៀនសូត្រ និងរស់នៅមានហូបចុកគ្រប់គ្រាន់ ទោះឆ្ងាញ់ក្តីមិនឆ្ងាញ់ក្តី សូមកុំឱ្យតែដាច់ពេលបានហើយ៕