ឈុតគ្រឿងអលង្ការខ្មែរសម័យអង្គរ ចំនួន១០គ្រឿង នឹងត្រូវដង្ហែពីប្រទេសអង់គ្លេស មកកម្ពុជា

ភ្នំពេញ ៖ ឈុតគ្រឿងអលង្ការខ្មែរសម័យអង្គរ សម្រាប់លម្អរូបចម្លាក់ ដែលត្រូវបានរកឃើញនៅប្រទេសអង់គ្លេស ហើយត្រូវបានប្រគល់ជូនកម្ពុជាវិញនោះ នឹងធ្វើការដង្ហែមកប្រទេសកម្ពុជាវិញ នៅពេលខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់សមាសភាពសហព័ន្ធយុវជនកម្ពុជា ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឱ្យដឹងថា ក្រោមការស្នើសុំការសហការការទុកចិត្ត និងផ្តក់ឱកាសពីសំណាក់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នឹងចូលរួមដឹកនាំគណៈប្រតិភូយុវជន និងថ្នាក់ដឹកនាំក្រសួង ទៅកាន់ចក្រភពអង់គ្លេស ក្នុងដំណើរដង្ហែមកវិញ ឈុតគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់នាសម័យអង្គរ នាពេលដ៏ខ្លីខាងមុខនេះ។

សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានទទួលព័ត៌មានថា ភ្នាក់ងារលក់វត្ថុបុរាណមួយ ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍ បានប្រកាសដាក់លក់វត្ថុបុរាណជាច្រើន ដែលក្នុងនោះ រួមមានឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់ថ្ម ដែលត្រូវបានបញ្ចប់ថា ជាវត្ថុបុរាណរបស់ជាតិកម្ពុជា។ បន្ទាប់ពីទទួលបានដំណឹងដំណើរការនៃការស្នើសុំទាមទារការប្រគល់ត្រឡប់នូវវត្ថុបុរាណដ៏កម្រនេះ ត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស តាមរយៈស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅចក្រភពអង់គ្លេស រួមជាមួយមន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាលទ្ធផលធ្វើឱ្យភ្នាក់ងារលក់វត្ថុបុរាណ ដែលមានឈ្មោះថា Johnathan Tucker Antonia Tozer Asian Art បានស្មគ្រ័ចិត្តប្រគល់ឈុតគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់ ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។ គ្រឿងអលង្ការមាសសម្រាប់លម្អលើរូបចម្លាក់នាសម័យអង្គរ ដែលរួមមាន១០គ្រឿង គឺជាសម្បត្តិបេតិកភណ្ឌដ៏វិសេសវិសាល ពុំអាចកាត់ថ្លៃបាន។ នេះជាផ្នែកមួយនៃដួងព្រលឹងរបស់បុព្វបុរសដែលស្ថិតនៅទូទាំងពិភពលោក ហើយត្រូវបានយាងត្រឡប់មកកាន់មាតុភូមិវិញ ជាបន្តបន្ទាប់ ក្នុងសម័យកាលដែលជាតិបានទទួលនូវសុខសន្តិភាពពេញបរិបូណ៌។

ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា សូមជូនដំណឹងដ៏ពិសេសនេះ ដល់សាធារណជន និងសមាជិក សមាជិកា សសយកទាំងអស់ ដោយសង្ឃឹមថា នឹងមានការសហការតាមរយៈការចូលរួមផ្សព្វផ្សាយពី “ដំណើរដង្ហែមកវិញឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់” ឱ្យកាន់តែទូលំទូលាយ ដើម្បីបង្ហាញនូវការចូលរួមរបស់យុវជនក្នុងការងារថែរក្សា និងលើកតម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិទាំងឡាយ ដែលកំពុងវិលត្រឡប់មកមាតុប្រទេសរបស់យើងវិញ៕