Friday, April 26, 2024
Homeតារាខ្មែរមាស សុខសោភា មិនហ៊ាន?

មាស សុខសោភា មិនហ៊ាន?

ចំណងស្នេហ៍ឆ្លងទ្វីប១១ឆ្នាំ របស់តារាចម្រៀងល្បីល្បាញ មាស សុខសោភា និងអាណិកជនខ្មែរ នៅកាណាដា លោកអ៊ឹត រ៉ាដា តាំងពីលើកគម្រោងរៀបការកាលពីឆ្នាំ២០០៩ មក តារាចម្រៀងនាំមុខគេនៅផលិតកម្មថោន រូបនេះ គ្មានស្រមោលរឿងរៀបការឡើយ ព្រោះខ្លាចធ្លាក់កូដដូចតារាមួយចំនួន ដែលរៀបការប្តីហើយលែងល្បីនោះ។ យ៉ាងណា ការប្រកាសចូលរោងការរបស់សុគន្ធ និសា បាននាំឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ ហើយអ្នកខ្លះថា មាស សុខសោភា មិនហ៊ានដូចសុគន្ធ និសា ទេ ដោយសុខចិត្តជ្រើសយកផ្លូវសាងស្នេហ៍លាក់លៀម គ្មានខាន់ស្លាទៅវិញ…។

មាស សុខសោភា ធ្លាប់បានសន្យាថា នាងនឹងដឹកដៃម្ចាស់ចិត្តស្នេហ៍ថ្លើមថ្លៃ លោកអ៊ឹត រ៉ាដា ចូលរោងការមិនឱ្យផុតពីឆ្នាំ២០០៩ឡើយ ដែលការតាំងចិត្តនាពេលនោះ គឺហាក់មានចេតនាទប់ស្កាត់ការរិះគន់ទាំងឡាយ ទៅលើការបែកធ្លាយរូបភាពឱបថើបបឺតមាត់បែបស្រើបស្រាលជាមួយសង្សារនាង លោករ៉ាដា ដែលត្រូវបានគេចែកចាយពេញបណ្តាញសង្គមព្រោងព្រាត។ ប៉ុន្តែ នៅពេលក្រុមគ្រួសារសោភា បានរៀបចំឈ្មោះតារាសិល្បៈទាំងអស់ ដែលត្រៀមអញ្ជើញឱ្យចូលរួមមង្គលការរបស់តារាថោន រូបនេះ ស្រាប់តែមាស សុខសោភា ខ្លាចរៀបការហើយ ពិបាកស្តារកេរ្តិ៍ឈ្មោះនោះ ក៏សម្រេចប្តូរចិត្តលុបចោលគម្រោងការយ៉ាងទាន់ហន់ ទៅវិញ។ ក្រោយឆាចោលមង្គលការនៅឆ្នាំ២០០៩ នោះ មាស សុខសោភា ឱ្យតែត្រូវបានអ្នកកាសែតសួរនាំរឿងរៀបការនោះ តារាចម្រៀងរូបនេះបានគ្រវីក្បាល ហើយមិនចង់និយាយរឿងនេះទៀតឡើយ ស្របពេលដែលក្រុមគ្រួសាររបស់នាងនិយាយខ្លីថា មង្គលការពិតប្រាកដនោះ លែងកំណត់ទៀតហើយ។

ទោះជាមាស សុខសោភា មិនបានរៀបការតាមបែបប្រពៃណីខ្មែរ តែតារាចម្រៀងសំនៀងផ្អែមរូបនេះ បាននាំប្តីរៀបការតាមបែបសាសនាគ្រិស្តម្តងហើយ កាលពីឆ្នាំ២០០៨ ដោយពួកគេបានបំពាក់ចិញ្ចៀនឱ្យគ្នាទៅវិញទៅមក ក្នុងព្រះវិហារគ្រិស្តសាសនាតាមបែបអឺរ៉ុប។ តែមង្គលការនេះ មិនត្រូវបានមហាជនខ្មែរ និងក្រុមគ្រួសារសាច់ញាតិសុខសោភា ពេញចិត្តទាំងអស់គ្នានោះទេ ព្រោះថា សោភា ជាអ្នកចម្រៀងល្បី ហេតុនេះហើយនាងគួរតែរៀបការជាចំហតាមប្រពៃណីខ្មែរត្រឹមត្រូវ ទើបជាគំរូល្អមួយសម្រាប់តារារលកក្រោយ។

ប៉ុន្តែ ទោះជាអ្នកនៅជុំវិញខ្លួនបានដាស់តឿនមាស សុខសោភា និងប្រឹងកៀងនាងឱ្យចូលរោងការយ៉ាងណា ក៏តារារូបនេះមិនព្រមជាដាច់ខាត ដោយនាងជ្រើសផ្លូវបន្តស្នេហាបែបលាក់លៀម អស់១១ឆ្នាំមកហើយ។

នៅពេលដែលមាស សុខសោភា ក្រាញមិនចូលរោងការនេះ ព្រោះខ្លាចធ្លាក់កូដ ស្រាប់តែតារាចម្រៀងល្បីល្បាញ និងជាអ្នកជិតដិតបំផុតជាមួយសុខសោភា គឺសុគន្ធ និសា របស់ផលិតកម្មរស្មីហង្សមាស បែរជាបានប្រកាសជាចំហថា នាងនឹងចូលរោងការតាមប្រពៃណីខ្មែរត្រឹមត្រូវ នៅខែធ្នូ ឆ្នាំ២០១៧ នេះ ហើយបើទោះជាសុគន្ធ និសា មិនបានប្រាប់ថា កូនកំលោះរបស់នាងជាអ្នកណាក៏ដោយ តែគ្រប់គ្នាដឹងថា គឺជាលោកសាំបា អាណិកជនខ្មែរ នៅអាមេរិក។

ប្រភពបានឱ្យដឹងថា ចំពោះការលាភាពនៅក្រមុំរបស់សុគន្ធ និសា នេះ បានធ្វើឱ្យមាស សុខសោភា ចាប់អារម្មណ៍ច្រើនជាងតារាផ្សេងៗទៀត ព្រោះតែមិត្តភក្តិនាងបានចំអន់តារាចម្រៀងល្បីរបស់ផលិតកម្មថោន នេះ សឹងតែស្ពឹកមុខទៅហើយ ដោយអ្នកខ្លះបានសួរត្រង់ៗទៅសោភា ថា ម៉េចបានជានាងមិនហ៊ានរៀបការដូចសុគន្ធ និសា? មាស សុខសោភា មិនអាចឆ្លើយទៅអ្នកសួរបានឡើយ ព្រោះហាក់គាំងចម្លើយតែម្តង ហើយនាងនៅតែមិនព្រមនិយាយរឿងពេលណាត្រូវនាំប្តីចូលរោងការនោះឡើយ។

មាស សុខសោភា មានការរិះគន់ផង គាំទ្រផង ទៅលើចំណងស្នេហ៍១១ឆ្នាំនេះ ដោយអ្នកសិល្បៈដែលជិតដិតបំផុតជាមួយអ្នកចម្រៀងថោន រូបនេះ បានបង្ហើបឱ្យដឹងថា ទោះជាប្តីមាស សុខសោភា មិនសូវសង្ហាមែន តែប្រុសខ្មែរ នៅកាណាដា នោះ ស្រលាញ់សោភា ខ្លាំងណាស់ ហើយលោករ៉ាដា តែងតែសម្របខ្លួនតាមសោភា គ្រប់ពេលទៀតផង ហេតុនេះហើយបានជាគេថា សោភា សំណាងបានប្តីល្អ។ ជារឿយៗ គេតែងតែឃើញបុរសចូលចិត្តពាក់មួក និងពាក់ម៉ាសក៍បិទមុខជិតឈឹង មិនចង់ឱ្យគេស្គាល់នោះ បានដើរនៅតាមឆាកតន្ត្រី ដោយយួរសម្លៀកបំពាក់សោភា សំពីងសំពោង និងរង់ចាំសោភា ក្នុងរថយន្ត ទើបធ្វើឱ្យសោភា ស្រលាញ់ពេញចិត្តស្វាមីកាន់តែខ្លាំង។

ទោះជាយ៉ាងណា ការចូលរោងការរបស់សុគន្ធ និសា ដែលបញ្ជាក់ថា នាងក្លាហានជាងមាស សុខសោភា ដោយមិនខ្លាចធ្លាក់កូដនោះ អាចធ្វើឱ្យមាស សុខសោភា មានការប្តូរចិត្តជាថ្មី គិតគូរឡើងវិញពីការរៀបការត្រឹមត្រូវតាមប្រពៃណីខ្មែរវិញក៏ថាបាន ព្រោះពេលនេះ នាងមានអ្វីៗគ្រប់យ៉ាងអស់ទៅហើយ គឺផ្ទះ វីឡា លុយ ឡានទំនើប សោភា នៅខ្វះតែម៉្យាងគត់ គឺខាន់ស្លាដូចនារីដទៃទៀត តាមរយៈការចូលរោងការជាមួយថ្លើមថ្លៃរបស់នាងនោះតែម្តង។

ទស្សនិកជនជាច្រើនបាននិយាយស្របគ្នាថា ទោះជាមាស សុខសោភា ឬសុគន្ធ និសា រៀបការប្តីជាចំហ និងមានកូនប៉ុន្មាននាក់ក៏ដោយ ក៏ពួកគេនៅតែស្រលាញ់គាំទ្រតារាល្បីឈ្មោះទាំង២ដែរ តែបើមិនហ៊ានរៀបការតាមប្រពៃណីខ្មែរ ហើយរស់នៅសាងស្នេហ៍បែបអឺរ៉ុបនោះ ទើបពួកគេត្រូវខកចិត្តទៅវិញទេ ព្រោះថា តារាមានសមត្ថភាពពិតប្រាកដ មិនខ្លាចលែងល្បីពេលរៀបការប្តីហើយនោះឡើយ៕

RELATED ARTICLES