Wednesday, April 24, 2024
Homeព័ត៌មានជាតិព្រះសង្ឃឱបស្រីស្នេហ៍ក្នុងបន្ទប់ សុខចិត្តលាចាកសិក្ខាបទ បើពិត

ព្រះសង្ឃឱបស្រីស្នេហ៍ក្នុងបន្ទប់ សុខចិត្តលាចាកសិក្ខាបទ បើពិត

ក្រោយពីការបែកធ្លាយរូបភាពដេកជាមួយស្រីក្នុងបន្ទប់ ព្រះសង្ឃ យិន វ៉ាយ បានមានថេរដីកាបំភ្លឺតាមទូរស័ព្ទប្រាប់ “នគរធំ” កាលពីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ព្រះអង្គសុំច្រានចោលទាំងស្រុងនូវការបង្ហោះផ្សព្វផ្សាយតាមហ្វេសប៊ុកចោទប្រកាន់ថា ព្រះសង្ឃមានទំនាក់ទំនងជាមួយនារីវ័យក្មេង រហូតដល់នាំនារីនោះមករួមរ័កដល់ក្នុងកុដិ ដែលនេះគឺជាព័ត៌មានមិនពិត បំភ្លៃការពិតទាំងស្រុង និងមិនអាចទទួលយកបានសោះឡើយ។

ព្រះតេជគុណ យិន វ៉ាយ បានបន្តថា តាមពិតនារីរូបនោះ ធ្លាប់បានមកវត្តតែម្តងប៉ុណ្ណោះ ពោលគឺកាលណោះមកជួយធ្វើចង្ហាន់ ដើម្បីយកទៅចែកទានជូនដល់ជនក្រីក្រអនាថា ហើយនៅក្នុងវត្តមានកាមេរ៉ាសុវត្ថិភាព ព្រមទាំងមានព្រះសង្ឃនៅក្នុងវត្ត ជាសាក្សីទៀតផង។ អ្វីដែលសំខាន់ នៅក្នុងវត្តមានវិន័យតឹងរ៉ឹងខ្លាំងណាស់ ពោលគឺមនុស្សស្រីដែលអាចឡើងលើកុដិព្រះសង្ឃបាន គឺមានតែម្តាយម្នាក់ប៉ុណ្ណោះ ក្រៅពីនោះមិនអាចឡើងលើកុដិបានដាច់ខាត សូម្បីតែបងឬប្អូនស្រី ក៏មិនអនុញ្ញាតឱ្យឡើងលើកុដិដែរ។ ចំណែករូបភាពដែលត្រូវបានបង្ហោះនោះ គឺជារូបភាពកាត់តទាំងស្រុង ព្រោះរវាងព្រះអង្គ និងនារីរូបនោះ មិនធ្លាប់បានកៀកកើយបែបនេះឡើយ ហើយព្រះអង្គទទួលស្គាល់ថា នារីរូបនោះ គឺជាសិស្សរួមថ្នាក់ជាមួយគ្នាមែន តែគ្រាន់តែមានទំនាក់ទំនងជាមិត្តរួមថ្នាក់ មានការប្រាស្រ័យទាក់ទង ធ្វើការងារសាលារួមគ្នាធម្មតា ដូចជាសិស្សទូទៅប៉ុណ្ណោះ។

ព្រះតេជគុណ យិន វ៉ាយ បានបន្ថែមថា ជុំវិញករណីខាងលើនេះ ព្រះអង្គបានដាក់ពាក្យបណ្តឹងចូលទៅក្រសួងមហាផ្ទៃ រួចរាល់ហើយ កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧  ដោយប្តឹងទៅលើគណនីហ្វេសប៊ុកឈ្មោះ បណ្តាញចែកចែក ដែលជាអ្នកបង្ហោះ និងចែកចាយរូបភាព និងព័ត៌មានមិនពិតទាំងនោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយអ្វីដែលព្រះអង្គចង់បាន គឺស្នើសុំឱ្យសមត្ថកិច្ចជួយវែកមុខអ្នកប្រឌិតរឿងកាត់តរូបភាពខាងលើ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ និងតម្រូវឱ្យធ្វើការសុំទោសជាសាធារណៈទៀតផង។

ព្រះតេជគុណ យិន វ៉ាយ

យ៉ាងណា ព្រះតេជគុណ យិន វ៉ាយ បានបញ្ជាក់ថា ក្រោយកើតមានរឿងខាងលើ សាមីខ្លួនខាងស្រី រួមនិងក្រុមគ្រួសារ សាច់ញាតិរបស់នាង មានការខឹងសម្បាយ៉ាងខ្លាំង ព្រមទាំងបានមកជួបព្រះអង្គ ដើម្បីធ្វើការបកស្រាយរួមគ្នា នៅចំពោះមុខព្រះចៅអធិការវត្តច្បារអំពៅ កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយទាំងព្រះអង្គ និងនារីរូបនោះ សុទ្ធតែបានបង្ហាញអំណះអំណាង និងភ័ស្តុតាងគ្រប់គ្រាន់បង្ហាញថា ទាំង២នាក់ សុទ្ធតែជាអ្នកស្អាតស្អំ។ ដោយឡែក សម្រាប់ព្រះអង្គផ្ទាល់ ព្រះអង្គនឹងសុខចិត្តលាចាកសិក្ខាបទ និងទទួលទោសវិន័យគ្រប់បែបយ៉ាង ប្រសិនបើរឿងនេះជាការពិត ប៉ុន្តែ វាមិនមែនជាការពិតដាច់ខាត ហើយក្នុងនាមជាព្រះសង្ឃ និងក្នុងនាមជាបញ្ញវ័ន្តមួយរូប ព្រះអង្គពិតជាមិនអាចទទួលយកបានឡើយ ព្រមទាំងអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មេត្តាជួយរកយុត្តិធម៌ជូនព្រះអង្គផង។

ទាក់ទងទៅនឹងការលើកឡើងថា អ្នកទម្លាយរូបភាពព្រះសង្ឃឱបស្រីក្មេង គឺជាក្រុមបក្សរបស់លោកខឹម វាសនា នោះ លោកកូវ គា អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបញ្ជាក់ប្រាប់ “នគរធំ” កាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា ការចោទប្រកាន់ខាងលើនេះ គឺគ្មានភ័ស្តុតាង ប៉ុន្តែវាក៏ស្របទៅនឹងការងារ និងសកម្មភាពរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែរ ព្រោះថា គណបក្សមានគោលជំហរចង់បង្ហាញពីទង្វើមិនសមរម្យ ខុសវិន័យរបស់ព្រះសង្ឃខិលខូចមួយចំនួន ឱ្យប្រជាពលរដ្ឋបានដឹង។

 

លោកកូវ គា បញ្ជាក់ថា “បើទោះជាចោទថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សឹងថា យើងព្រមដែរ ពីព្រោះអីកន្លងមក សកម្មភាព ឬក៏ការងាររបស់យើង គឺយើងបើកបង្ហាញលោកខូចៗអីចឹងឯង ដែលតាមពិតទៅ យើងមិនត្រូវហៅថាលោកផង យើងហៅថាចោរថង់យាម ចេះតែច្រឡំថា យើងវាយប្រហារលោក យើងរិះគន់ ជេរលោក ឬមើលងាយលោក តាមពិត មិនមែនទេ កន្លងមកដែលយើងរិះគន់លោកប្រភេទអីចឹងឯង ព្រោះលោកមិនត្រឹមតែពាក់ស្បង់ចីវរអីចឹងទេ តែលោកត្រូវមានវិន័យរបស់លោក តែលោករាល់ថ្ងៃ គឺសម្បូរលោកបែបនេះ…”។

លោកកូវ គា អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

 

អ្នកនាំពាក្យបក្សរូបសញ្ញាជួងរូបនេះ បានបញ្ជាក់បន្ថែមថា “គណបក្សមិនមែនជាអ្នកធ្វើទេ ហើយក៏មិនដឹងថា អ្នកណាជាអ្នកទម្លាយដែរ តែសំខាន់ តើវាជារឿងពិតឬអត់? ចំណែកការដាក់វិន័យ ឬទោសទណ្ឌអ្វីនោះ គឺស្ថិតនៅលើច្បាប់ តែកន្លងមក ធ្លាប់មានព្រះសង្ឃខ្លះបានសឹក ខ្លះក៏មិនព្រមសឹក បើទោះជាកើតមានរឿងអាស្រូវបែបនេះក្តី ហេតុនេះអ្វីដែលសំខាន់ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចង់បើកបង្ហាញឱ្យពុទ្ធបរិស័ទបានឃើញថា ព្រះសង្ឃដែលគាត់គោរពរាល់ថ្ងៃ ឱនលំទោនលូនក្រាបហ្នឹង តើជាមនុស្សប្រភេទណា? យ៉ាងណា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅតែមានគោលជំហរ ដើរតាមលំអាន និងយកមេរៀនរបស់ព្រះសម្មាសម្ពុទ្ធមកសិក្សា តែអ្វីដែលចង់បង្ហាញ គឺព្រះសង្ឃខូចៗដែលធ្វើឱ្យខូចកិត្តិស័ព្ទ កិត្តិនាមរបស់ព្រះសម្មាសម្ពុទ្ធ ដោយសំអាងទៅលើស្បង់ចីវរ តែមិនយល់ខ្លឹមសារ ឬប្រកាន់ខ្ជាប់សីលវិន័យរបស់ព្រះសម្មាសម្ពុទ្ធនោះទេ។ សរុបមក គឺគណបក្សមិនមែនបំផ្លាញសាសនា ឬមើលងាយព្រះពុទ្ធសាសនា ដូចការចោទប្រកាន់នោះទេ”។

លោកសេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា

 

ដោយឡែកលោកសេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា ពាក់ព័ន្ធនឹងករណីទាំងនេះ ក្រសួងកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតឱ្យបានល្អិតល្អន់។ ហើយកន្លងមក ខាងក្រសួងជំនាញ បានធ្វើការជាមួយគណៈសង្ឃធម្មការខេត្តស្រុក រួមនិងអាជ្ញាធរពាក់ព័ន្ធផងដែរ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះពិតប្រាកដ។ ប៉ុន្តែកន្លងមក ក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ចេះតែលើកយករឿងចាស់ៗ ឬរឿងដែលកើតមាននៅប្រទេសផ្សេង មកវាយប្រហារទៅលើស្ថាប័នព្រះពុទ្ធសាសនាផងដែរ។

 

គួរបញ្ជាក់ថា បន្ទាប់ពីមានការទម្លាយរូបភាពព្រះសង្ឃមួយអង្គ គង់នៅវត្តច្បារអំពៅ ស្ថិតក្នុងស្ថានភាពកៀកកើយយ៉ាងស្អិតល្មួតជាមួយនារីវ័យក្មេងម្នាក់នៅលើគ្រែ ក្នុងបន្ទប់នៃកុដិមួយកន្លែង ប៉ុន្តែករណីនេះត្រូវបានចៅអធិការវត្តច្បារអំពៅ ព្រះនាមហោ សុខុន ច្រានចោលថា មិនមែនជាការពិតទេ គឺជារូបភាពកាត់ត ហើយព្រះអង្គបានអះអាងថា អ្នកដែលទម្លាយរូបភាពបង្កាច់បង្ខូចព្រះសង្ឃនេះ គឺជាក្រុមបក្សរបស់លោកខឹម វាសនា៕

 

RELATED ARTICLES