Friday, April 19, 2024
Homeតារាខ្មែរនាយកុយ និយាយចឹងសោះ ក្រោយពេលអ្នកនាងម៉េង កែវពេជ្ជតា បង្ហោះសារវាយប្រហារអ្នកនាងចន ច័ន្ទលក្ខិណា

នាយកុយ និយាយចឹងសោះ ក្រោយពេលអ្នកនាងម៉េង កែវពេជ្ជតា បង្ហោះសារវាយប្រហារអ្នកនាងចន ច័ន្ទលក្ខិណា

ភាពភ្ញាក់ផ្អើលបានបង្កឲ្យអ្នកសិល្បៈជាច្រើនស្រឡាំងកាំង នៅពេលដែលអ្នកនាងម៉េង កែវពេជ្ជតា បានបញ្ចេញសាររិះគន់ និងវាយប្រហារទៅប្រធានសមាគមអ្នកសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា យ៉ាងចាស់ដៃ ក្រោយពីអ្នកនាងចន ច័ន្ទ បានចែកចាយ (Share) ព័ត៌មានដែលវេបសាយរបស់អ្នកនាង ជ្រកក្រោមស្លាកសមាគមអ្នកសិល្បករខ្មែរ ដោយអត្ថបទទាក់ទងនិងការបញ្ចេញមតិរបស់អ្នកនាងពេជ្ជតាទៅលើក្រដាសប្រាក់១០០០រៀលថ្មីនោះ  ដោយវេបសាយ “តារាញូស៍” បានដាក់ចំណងជើងថា ”ទ្រាំមិនបាន! អ្នកនាងម៉េង កែវពេជ្ជតា ព្រលះទាំងព្រលឹមរឿងលុយថ្មី”។

ឯកឧត្តមខៀវ កាញារីទ្ធ និងនាយកុយ

អ្នកនាងម៉េង កែវពេជ្ជតា បានប្រតិកម្មខ្លាំងចំពោះអត្ថបទនោះ ហើយប្រើសម្ដីធ្ងន់ៗទៅលើចន ច័ន្ទលក្ខិណា ថា “សូមអធ្យាស្រ័យជួយអានឲ្យចប់ ទើបដឹងសាច់រឿង ចុងក្រោយមិនឲ្យមហាជនរិះគន់ពិភពសិល្បៈថា រញ៉េរញ៉ៃម្តេចបាន បើសូម្បីតែប្រធានសមាគមសិល្បៈ ក៏តាមបំផ្លាញអ្នកសិល្បៈគ្នាឯងដែរ ដើរឈ្លោះស្ទើរមួយប្រទេស​។ មានតែអញ​។ លូកដៃតាំងពីរឿងកំប៉ិកកំប៉ុក​ រហូតដល់រឿង​នយោបាយ​ខុសជំនាញ។ ផ្អែមក្រៅដំបៅក្នុង ជំនាញចាក់រុកបង្កើតបក្សពួកនិយម គ្មានគំនិតបង្រួបបង្រួម ក្នុងនាមខ្លួនជាប្រធានសោះ យកចរិតនៅផ្ទះមកដឹកនាំ មិនដែលថាខ្លួនឯងខុសម្តង គ្មានទំនួលខុសត្រូវ ខឹងគេនិយាយចំចំណុច មិនតបនឹងមុខទេ​ រត់ទៅកៀងគរបក្សពួកឲ្យជួយជេរពីចម្ងាយ​ និងខំកាយយករឿងផ្សេងទាំងមិនពិត មក​បញ្ឈឺ​។ អសីលធម៌ជេរបញ្ចោរយកតែឈ្នះ ហើយថ្មីៗនេះ ទើបតែជេរប៉ះដល់សិទ្ធបុគ្គលប្តីប្រពន្ធអ្នកមានឋានៈកំពូល វិះតែនឹងបានជាប់ខ្នោះជាប់គុកច្រវ៉ាក់ទៅហើយ បើកុំតែរត់ទៅលុតជង្គង់ទាំងភ្នែកនៅកញ្ចឹងក​ ក្រាបសំពះសូមទោស​គេទាន់​ ។ សរុបទៅ អ្វីដែលគាត់ធ្វើ សុទ្ធតែជារឿងគ្មានប្រយោជន៍អ្វីប៉ុនចុងក្រចកដល់សង្គម និងសិល្បៈសោះ ផ្ទុយទៅវិញបានត្រឹមតែធ្វើឲ្យពិភពសិល្បៈ ជួបតែភាពថោកទាប ឆ្អាបស្អុយ អត់តម្លៃ អាចឈានទៅរកការអស់ជំនឿ និងរលត់រលាយកេរ្ត៍ឈ្មោះសមាគម​សិល្បៈនៅអនាគត​ ដ៏ខ្លីខាងមុខ​ប៉ុណ្ណោះ ។ តើចរិតអ្នកដឹកនាំ​សិល្បៈ​គេធ្វើដូចឬ ?​ ឥឡូវគាត់ងាកមក​បំផ្លាញខ្ញុំទៀតហើយ ។ ជួយគិត​មើល​បងប្អូន​ ខ្ញុំនិយាយតែខ្ញុំឆ្ងល់រឿងលុយ ជារឿងធម្មតា អត់ប៉ះពាល់ដល់នរណាសោះ​ ស្រាប់តែគាត់មកលាបពណ៌ឲ្យខ្ញុំទៅជារឿងផ្សេងឯណាឆ្កុយ​ ។ សាហាវ ! ម៉េច​ឃើញខ្ញុំនៅតែឯង​ គិតថា ខ្ញុំនេះងាយយក​មក​លេងសើចឬយ៉ាងម៉េច​ ? ចង់មានរឿងខ្លាំងណាស់មែនទេ​ ? សម្អុយឈ្មោះខ្ញុំរាប់ឆ្នាំហើយ នៅមិនទាន់គ្រប់ទៀត​ ជាតិណាទើបឈប់? ឬទាល់តែមនុស្សទាំងលោកនេះ គេព្រួតគ្នាស្តោះទឹកមាត់ដាក់មុខ​ ទើបអ្នក​ស្វាង​ ? ខ្ញុំនិយាយពីស្អី​ អ្នកដឹងខ្លួនហើយ ហើយកុំគិតថានៅសម្ងំប្រមូលពាក្យខ្ញុំទៅសន្សំរឿង ដើម្បីរៀបគំរោងមកប្តឹងផ្តល់ដូចនាងធ្លាប់ធ្វើដាក់គេឲ្យសោះ​ កុំអី​ សូមអង្វរ​ ខ្ញុំគ្មានខ្នងដូច​អ្នកទេ​ ខ្ញុំខ្លាច.. តែសូមអ្នកប្រើខួរក្បាលល្អ ពិចារណាពីស្នាដៃខ្លួនឲ្យច្បាស់​ ថាតើការនិយាយមួល​បង្កាច់ខ្ញុំអញ្ចឹង ភស្តុតាងប៉ុណ្ណឹង​ សាក្សីក៏មានច្រើន​ តើអ្នកឬក៏ខ្ញុំដែលត្រូវប្តឹង​ ? អ្នកត្អូញប្រាប់គេថា ខ្លួនជាជនរងគ្រោះ តែអ្នកមានដែលបានទាក់ទងមកខ្ញុំ ដើម្បីបំភ្លឺទេ បើពិតជាត្រឹមត្រូវ? អត់ទេ តែបែរជាទៅបង្ហោះពាក្យដៀមដាមហូរហែ​ដូចថែមសាំងលើភ្លើង​តើសម្តីថ្លោសៗរបស់អ្នកនោះ សមទេថានាងជាជនរងគ្រោះ​ ? តើត្រង់ណាដែល​អ្នកថានាងមិនដឹងរឿង​ ?​ នរណាជឿ​ ? ​កុំភ្លេចពាក្យលែបខាយវ៉ៃផ្លែរបស់អ្នក​ដែលបាន​បង្ហោះ​ទាំងប៉ុន្មាន ​វានឹងចូលជាមួយពាក្យបណ្តឹង​ដែរ​ហើយ​ទោះជាអ្នកខំលុបចេញក៏ដោយ ​ក៏គ្រប់គ្នានៅមាន​ដែរ ។ កុំបាច់ឆ្លើយដាក់អ្នកផ្សេង​ ព្រោះទោះជាយ៉ាងណា​ ក្នុងនាមអ្នកជាប្រធាន​ និងជាម្ចាស់​ Page ម្ចាស់​ website អ្នកត្រូវតែទទួលខុសត្រូវ​ជាដាច់ខាត​ក្នុងរឿង​នេះ ! បើចិត្តកូនស្រី​ កុំលេងរត់ ! ! សូមអធ្យាស្រ័យបងប្អូន​ ខ្ញុំមិនចង់ទេរឿងឈ្លោះ​ ពិសេសជាមួយអ្នកសិល្បៈ​ ខ្ញុំរឹតតែមិនដែលមាន​ ប៉ុន្តែរឿងនេះ​ នាងបំពានខ្ញុំមុន​ ទាំងដែលខ្ញុំតែងស្រលាញ់នាង ការពារនាង ពេលត្រូវគេជេរប្រមាថ​ ។ តែនាងលេបត្របាក់ខ្ញុំឥតល្ហែរ​ ។ ធ្លាប់អហោសិកម្មឲ្យច្រើនហើយ ប៉ុន្តែលើកនេះអត់ទេ ត្រូវតែប្រាប់ឲ្យគេដឹងខ្លាច បើខ្ញុំមានរឿងអី​ ឬត្រូវបាត់បងការងារ​ ក៏ព្រោះតែពួកគេហ្នឹង ព្រោះពួកគេមួលបង្កាច់បំណងសម្លាប់ខ្ញុំទាំង​រស់ណាបងប្អូន​ ចេតនាចង់ឲ្យខ្ញុំ​មានទោស​ពីបទប្រមាថព្រះមហាក្សត្រ ប្រមាថស្ថាប័នជាតិ និងប្រមាថប្រាក់រៀលខ្មែរ​។​ គេចង់ឲ្យខ្ញុំត្រូវថ្នាក់លើអាក់អន់ចិត្ត​ ទាំងយល់​ច្រឡំ​ដូចលើកមុនៗ​ ដើម្បីបំបាត់ប្រជាប្រិយភាពខ្ញុំ​ បន្ថយការងារខ្ញុំ​ តើឲ្យខ្ញុំព្រងើយមិនឆ្លើយម៉េចនឹងបាន ? ហើយតើក្នុងគ្រាដែលខ្ញុំខំតស៊ូទាំងបង ទាំងប្អូន ទាំងកូនក្មួយ មួយត្រកូល ប្រឹងបង្កើនស្នាដៃជួយជ្រោងសិល្បៈ ដើម្បីមុខមាត់ជាតិ និងមិនដែលលើកដៃសំពះសុំលុយមួយរៀលពីអ្នកណា​ សូម្បីសមាគមសិល្បៈ អ្នកនាងចន ច័ន្ទ នេះ ក៏មិនដែលផ្តល់កិត្តិយសស្អីឲ្យក្រុមគ្រួសារខ្ញុំដែរ តែទៅជាអ្នកនាងប្រធានសមាគមសិល្បៈ ដែលមាននាទីជួយថែអ្នកសិល្បៈនេះ ប្រើគតិអវិជ្ជាមកបំផ្លាញចង់ផ្តាច់ពូជអ្នកសិល្បៈទៅវិញ តើបងប្អូនគិតថា គាត់ធ្វើនេះត្រឹមត្រូវដែរទេ? បែបនេះគេអាចហៅប្រធានសមាគមនេះថា ជាជនបំផ្លាញធនធានវប្បធម៌បានទេ? ហើយអាចហៅបានទេថាជាដង្កូវក្នុងសាច់​ ? តើគេគួរ​មានទោសកម្រិតណា​ ? សូមបងប្អូនអាន ហើយពិចារណា​ និងផ្តល់ខមិន (Comment) យុត្តិធម៌​ខ្ញុំផង ​ “។​​

 

អ្នកយកព័ត៌មានយើងបានព្យាយាមទាក់ទងជាច្រើនលើកទៅអ្នកនាងចន ច័ន្ទលក្ខិណា តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ដើម្បីឲ្យអ្នកនាងបកស្រាយជុំវិញការរិះគន់របស់អ្នកនាងម៉េង កែវពេជ្ជតា នោះ តែអ្នកនាងចន ច័ន្ទលក្ខិណា មិនលើកទូរស័ព្ទឡើយ ទើបមិនអាចសុំការបំភ្លឺបាន។ ប៉ុន្ដែតារាកំប្លែងជើងចាស់ លោកជួង ជី ហៅនាយកុយ បានថ្លែងថា លោកពិតជាមិនចង់ឃើញអ្នកនាងម៉េង កែវពេជ្ជតា និងចន ច័ន្ទលក្ខិណា មានទំនាស់គ្នាឡើយ ព្រោះនាំឲ្យគេឲ្យតម្លៃថា អ្នកសិល្បៈគិតតែពីឈ្លោះគ្នា មិនចេះរួបរួមសាមគ្គីគ្នានោះ អីចឹងលោកសូមសំណូមពរឲ្យតារាទាំង២ចាប់ដៃគ្នាធ្វើការវិញ។

នាយកុយ បានឲ្យដឹងថា ”បើនិយាយពីការចូលសិល្បៈខ្ញុំជាង៣០ឆ្នាំហើយ អីចឹងអាចថា ខ្ញុំជារៀមច្បង ឬជាវីរៈសិល្បករម្នាក់ដែរ ហើយខ្ញុំសូមសំណូមពរឲ្យប្អូនៗសិល្បករយើង កុំមានជម្លោះគ្នាបង្ហោះលើ Facebook អី នាំឲ្យមហាជនគេវាយតម្លៃថា អ្នកសិល្បៈយើងមិនចេះចាប់ដៃគ្នាធ្វើការទេ គិតតែពីឈ្លោះគ្នា ច្រណែនឈ្នានីសគ្នា អីចឹងមិនល្អទេ គេឲ្យតម្លៃយើងទាបណាស់។ ខ្ញុំមិនដឹងថាប្អូនម៉េង កែវពេជ្ជតា និងចន ច័ន្ទលក្ខិណា ម្នាក់ណាខុសឬត្រូវទេ ចំពោះរឿងនេះ ព្រោះខ្ញុំមិនទាន់បានដឹងច្បាស់ អត់ទាន់បានឃើញសារគេបង្ហោះ ដោយសារខ្ញុំរវល់ពេក។ ប៉ុន្ដែមួយរយៈនេះ ខ្ញុំឃើញប្រធានសមាគមអ្នកសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា ហ្នឹងតាំងពីគាត់ជួយសិល្បករខ្មែរយើងច្រើនដែរ គឺឲ្យតែមានតារាណាមានបញ្ហា គាត់ចុះទៅភ្លាម ទោះជាតិចក្ដី ច្រើនក្ដី គាត់ជួយជាហូរហែ តាំងពីគាត់ឡើងជាប្រធាននេះ ហើយលោកហេង ឡុង គាត់ក៏ជ្រោមជ្រែងណាស់ដែរ គឺនៅក្រោយចន ច័ន្ទលក្ខិណា។ ខ្ញុំសូមឲ្យអ្នកសិល្បករខ្មែរយើងទាំងអស់ ទ្រាំសិន កុំអាលវាយតម្លៃគាត់ (ចន ច័ន្ទលក្ខិណា) មើលការដឹកនាំរបស់គាត់សិនទៅ ហើយបើគាត់ដឹកនាំមិនកើតទេ គឺឲ្យគាត់កាន់តែ១អាណត្តិ គឺយើងជាសិល្បករអាចបោះឆ្នោតទម្លាក់វិញបានតើ! ឥឡូវខ្ញុំឃើញគាត់ខ្នះខ្នែងធ្វើកាតឲ្យតារានៅសមាគមសិល្បករខ្មែរ ដើម្បីសម្គាល់ជាសមាជិកដោយក្នុង១ឆ្នាំ ម្នាក់ៗបង់២០ដុល្លារ តែពេលគាត់ឈឺទៅពិនិត្យនៅពេទ្យណា មានកាតហ្នឹង គឺគេមានការចុះតម្លៃច្រើនណាស់ អីចឹងខ្ញុំឃើញចន ច័ន្ទលក្ខិណា គាត់ធ្វើការជួយអ្នកសិល្បៈយើងដែរមួយរយៈនេះ។ ក្នុងនាមខ្ញុំជាអ្នកសិល្បករខ្មែរជើងចាស់ម្នាក់ ខ្ញុំសំណូមពរឲ្យប្អូនពេជ្ជតា និងចន ច័ន្ទលក្ខិណា ចាប់ដៃគ្នាវិញ គឺអាចនិយាយគ្នាបានទេ កុំឈ្លោះទាស់ទែងគ្នា បង្ហោះអីចឹង មិនល្អទេ ព្រោះអាហ្នឹងធ្វើឲ្យសិល្បៈយើងកាន់តែធ្លាក់ចុះទៅថែមទៀតជាមិនខាន បើយើងអត់ចេះស្រលាញ់គ្នា សាមគ្គីគ្នានោះ”៕

RELATED ARTICLES