Friday, April 19, 2024
Homeព័ត៌មានជាតិក្រមុំជួបស្នេហ៍លើឡានឈ្នួល ឱបបង្វេចរត់ឡើងផ្ទះសង្សារ

ក្រមុំជួបស្នេហ៍លើឡានឈ្នួល ឱបបង្វេចរត់ឡើងផ្ទះសង្សារ

ចំណងស្នេហ៍ប្តីប្រពន្ធ ឬគូសង្សារមួយចំនួន កើតឡើងដោយចៃដន្យ គ្មានការព្រាងទុក។ ជាក់ស្តែង ប្តីប្រពន្ធមួយគូនេះ គ្រាន់តែជួបគ្នាលើ ឡានឈ្នួលម្តងសោះ ក៏នាំគ្នាបង្កាត់ភ្លើងស្នេហ៍ងំក្នុងបេះដូង រហូតតួស្រីកាត់កេរ្តិ៍ខ្មាស ជិះឡានឈ្នួល ឱបបង្វេចរត់ឡើងផ្ទះសង្សារ រួមរស់ជាមួយគ្នាខុសគន្លងប្រពៃណីបាន១ឆ្នាំ ទើបម៉ែឪចាប់សែនព្រេន ផ្តាច់ខ្មោចចាស់ទុំ…។

លោកសែត កុសល អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា លោកជាកូនបន្ទាប់ពៅ ក្នុងចំណោមបងប្អូន៧នាក់ (ស្រី៣ ប្រុស៤) ដែលមានម្តាយឈ្មោះផាន់ សារ៉េត អាយុ៥៧ឆ្នាំ ឪពុកឈ្មោះហួត មុត អាយុស្របាលគ្នា។ កាលពីក្មេង លោកមានវាសនារៀនសូត្រដល់កម្រិតថ្នាក់អនុវិទ្យាល័យនឹងគេដែរ ក៏ឈប់ទៅវិញ។ បន្ទាប់មកលោកដើរធ្វើការសំណង់ គ្រប់កន្លែងយកប្រាក់ចិញ្ចឹមជីវិត និងមិនធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ឱ្យខូចចិត្តខូចថ្លើមពីមុនឡើយ។ លុះមានថ្ងៃមួយពេលដែលខ្លួនជិះឡានឈ្នួលពីខេត្តព្រះសីហនុ ត្រឡប់មកផ្ទះវិញ ចៃដន្យបានជួបស្គាល់នារីស្រស់ ស្អាតម្នាក់ឈ្មោះនាក់ ចាន់ណា អាយុប្អូនលោក៤ឆ្នាំ ជិះនៅលើឡានជាមួយគ្នា។

លោកសែត កុសល និងនាងនាក់ ចាន់ណា

លោកសែត កុសល បន្តថា ដោយមើលទៅហាក់បីដូចជាមាននិស្ស័យ លោកក៏ចាប់ផ្តើមនិយាយសួរ នាំទៅនាងមុន និយាយពីនេះពីនោះនៅលើឡានឈ្នួលតាមដងផ្លូវ។ លុះពេលជិះដល់ផ្ទះ នាងចុះពីលើឡាន លោកក៏ដាច់ចិត្តសុំលេខទូរស័ព្ទពីនាង ដោយនិយាយសាសង ជាមួយនាងជាបន្តបន្ទាប់មិនដល់១០ថ្ងៃផង លោកបានលួងលោមអង្វរសុំស្នេហ៍ តាមរលកធាតុអាកាស រហូតនាងឆ្លើយអូខេ! ព្រោះតែកាលនោះស្រីថ្លើមថ្លៃ បាក់ចិត្តស្រលាញ់លោកខ្លាំងណាស់ សុខចិត្តកាត់កេរ្តិ៍ខ្មាសឱបបង្វេចមក រួមរស់ជាមួយលោកដល់ផ្ទះ ដោយនាំគ្នាចូលបន្ទប់ផ្សំដំណេកខុសគន្លង ប្រពៃណីតែម្តង។ តាមពិតទៅ ដ្បិតតែពន្លកស្នេហ៍របស់លោក សាងជាមួយគ្នា មានរយៈពេលខ្លី និងឆាប់រហ័សមែន តែពួកលោកមិនបោះបង់គ្នាចោលឡើយ។

លោកសែត កុសល និងកូន

លោកសែត កុសល បន្តឱ្យដឹងទៀតថា កាលពីពេលដែលនាង នាក់ ចាន់ណា (ប្រពន្ធសព្វថ្ងៃ) រត់ឡើងផ្ទះលោកដំបូង ឪពុកម្តាយ របស់នាងធ្វើដំណើរមកដល់ផ្ទះលោកដែរ ដើម្បីយកកូនស្រីពួកគាត់ ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែនាងសុខចិត្តស្លាប់រស់នៅជាមួយលោក មិនត្រឡប់ទៅជាមួយអ្នកមានគុណឡើយ ធ្វើឱ្យពួកគាត់ខឹងដាច់ក្បាល ដាច់កន្ទុយ ត្រឡប់ទៅផ្ទះវិញទាំងអារម្មណ៍មួហ្មង កាត់កាល់កូនស្រីចោល។ លុះរយៈពេល១ឆ្នាំក្រោយមក ទើបគូស្នេហ៍លោកនាំគ្នាធ្វើ ដំណើរទៅក្រាបសំពះអង្វរសុំទោសឪពុកម្តាយរបស់នាងដល់ផ្ទះ ហើយ ពេលនោះ ដោយឃើញគូស្នេហ៍ពួកលោកពិតជាស្រលាញ់គ្នាស្មោះស្ម័គ្រ ទើបពួកគាត់ព្រមលើកលែងទោស និងចាប់សែនព្រេនមួយព្រឹកផ្តាច់ព្រលឹង ខ្មោចមេបាឱ្យពួកលោកក្លាយជាប្តីប្រពន្ធមានខាន់ស្លាត្រឹមត្រូវ រួមរស់ជាមួយគ្នា មកដល់សព្វថ្ងៃ។ បើគិតមកដល់ពេលនេះមានរយៈពេល៤ឆ្នាំកន្លងមកហើយ ដោយបង្កើតបានកូនស្រីម្នាក់ជាចំណងដៃនិស្ស័យស្នេហ៍។

នាងនាក់ ចាន់ណា

នាងនាក់ ចាន់ណា អាយុ១៩ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា នាងមានស្រុក កំណើតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមពិត ទៅចំណងស្នេហ៍របស់នាងកើតឡើងដោយចៃដន្យមិនគួរឱ្យជឿទេ ព្រោះពេលនោះ នាងទើបតែមានអាយុ១៥ឆ្នាំសោះ ហើយគ្រាន់តែជួបមុខស្គាល់គ្នានៅលើឡាន ឈ្នួលតែមួយរយៈពេលខ្លីប៉ុណ្ណោះ ក៏រុញច្រានឱ្យប្តីប្រពន្ធនាងជួបគ្នា ហាក់ដូចជា មាននិស្ស័យពីអតីតជាតិ។ នាងបញ្ជាក់ថា នៅពេលនោះ នាងក៏ស្ទើរតែមិនជឿខ្លួនឯងដែរ រួមផ្សំភ្លើងស្នេហ៍ឆាបឆេះពេញក្នុងបេះដូងផង ក៏ហ៊ានកាត់កេរ្តិ៍ខ្មាសឱបបង្វេច រត់ឡើងផ្ទះប្រុសស្នេហ៍ សូម្បីតែឪពុកម្តាយតាមយក ត្រឡប់ទៅវិញ ក៏នាងហ៊ានប្រឆាំងជាមួយអ្នកមានគុណដែរ។

ផ្ទះឳពុកម្តាយខាងប្រុស

ប៉ុន្តែដោយសារគូស្នេហ៍ពួកនាងស្រលាញ់គ្នា ស្មោះស្ម័គ្រមិនបោះបង់គ្នាចោលត្រឹមពាក់កណ្តាលទី ធ្វើឱ្យឪពុកម្តាយនាងយល់ពីតម្លៃស្នេហារបស់ពួកនាង និងបានរៀបចំសែនព្រេនឱ្យគូស្នេហ៍នាងក្លាយជាប្តីប្រពន្ធពេញច្បាប់ បានរួមរស់ជាមួយគ្នាតាមបំណង តែម្តងរហូតមកទល់សព្វថ្ងៃ។ ទោះបីពេលនេះ ប្តីប្រពន្ធនាងមានជីវភាពមិនធូរធារក្តី ប៉ុន្តែចំណងស្នេហ៍ នៅតែផ្អែមល្ហែមដូចគ្រាដើម មិនទាន់មានសញ្ញាបែក បាក់ណាមួយកើតឡើងទេ។

អ្នកស្រីផាន់ សារ៉េត

អ្នកស្រីផាន់ សារ៉េត អាយុ៥៧ឆ្នាំ ជាម្តាយ និងលោកសែត ពេជ្រ អាយុ៣៤ឆ្នាំ ជាបងឱ្យបានឱ្យ ដឹងស្របគ្នាថា ពួកគាត់មិនដឹងចំណងស្នេហ៍ប្តីប្រពន្ធ របស់កូន និងប្អូនចាប់ផ្តើមសាងឡើងតាំងពីពេលណាទេ នៅសុខៗស្រាប់តែឃើញខាងស្រីស្ពាយបង្វេច រត់ឡើងផ្ទះ ធ្វើឱ្យពួកគាត់ស្រឡាំងកាំងគ្រប់គ្នា តែមិនបានបំបែកបំបាក់ ឬរារាំងស្នេហាពួកគេឡើយ។ តែយ៉ាងណា ពួកគេតស៊ូនឹងសេចក្តីស្នេហានេះណាស់ ទម្រាំបានរួមរស់ជាប្តីប្រពន្ធពេញច្បាប់ ពួកគេឆ្លង កាត់ឧបសគ្គក្រុមគ្រួសារខាងស្រីច្រើនណាស់។

លោកសែត ពេជ្រ

គួររំលឹកថា សម័យបច្ចុប្បន្ន សុភាសិត នំមិន ធំជាងនាឡិ ត្រូវបានយុវជន-យុវតី មួយចំនួនធំ លែងមើលឃើញហើយ ព្រោះពួកគេយល់ឃើញថា ចំណង ស្នេហ៍ដែលកើតឡើងពីបេះដូងកំលោះក្រមុំបរិសុទ្ធ ស្រលាញ់គ្នាស្មោះស្ម័គ្រ មិនងាយនឹងបោះបង់គ្នា ចោលឡើយ ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រហូតមានគូស្នេហ៍ខ្លះទៀតសុខចិត្តរត់ចោលម៉ែឪ ដើម្បីមានឱកាសរួមរស់ជាមួយមនុស្ស ដែលខ្លួនស្រលាញ់ ដូចប្តីប្រពន្ធលោកសែត កុសល និងនាងចាន់ណា ជាដើម ដោយខាងស្រីសុខចិត្តចុះចោលផ្ទះ ស្ពាយ បង្វេចមករួមរស់ជាមួយប្រុស ដែលខ្លួនស្រលាញ់។
ចំពោះអ្នកស្រុកមួយចំនួនបានឱ្យដឹងថា ពេលនេះ ប្តីប្រពន្ធពួកគេមានខាន់ស្លាត្រឹមត្រូវហើយ តែទៅថ្ងៃ មុខយ៉ាងណានោះ ពួកគាត់មើលមិនឃើញស្មានមិនត្រូវ ពីព្រោះប្តីប្រពន្ធពួកគេបានគ្នា ដោយគ្មានឪពុកម្តាយ សាច់សាលោហិតជ្រើសរើសផ្សំផ្គុំឱ្យ…”៕

RELATED ARTICLES