Friday, April 19, 2024
Homeព័ត៌មានជាតិបុរសពិការជើង ពូកែផលិតកូន១៣

បុរសពិការជើង ពូកែផលិតកូន១៣

ចាស់ៗពីដើម មិនទាន់ចេះពីវិធីពន្យារកំណើតអ្វីទេ បើកូនចាប់កំណើតប៉ុន្មាន គឺមានប៉ុណ្ណឹង រហូត អ្នកខ្លះមានកូនទៅដល់ជាងមួយឡូត៍ឯណោះ ប៉ុន្តែ សម្រាប់បុរសពិការជើងម្នាក់នេះវិញ ក៏មិនចាញ់ចាស់ ពីដើមដែរ អារឿងផលិតកូននេះ ទោះបីជាមានកូន ១៣នាក់ហើយក្តី នៅតែមានមហិច្ឆតាចង់បាន បន្ថែមទៀត មិនឱ្យប្រពន្ធប្រើប្រាស់វិធី ពន្យារកំណើតឡើយ…។

លោកសួន ស្រួច អាយុ៥១ឆ្នាំ រស់នៅភូមិស្តុកស្អាត ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរៀបរាប់ ឱ្យដឹងថា លោកមានស្រុកកំណើតនៅទីនេះ តាំងពីដើមមក ដែលមានម្តាយ ឈ្មោះញឹម សុះ អាយុ៧៥ឆ្នាំ ឪពុកឈ្មោះសួន ភុន (ស្លាប់) លោកជាកូនច្បង ក្នុងចំណោមបងប្អូនស្រី៤នាក់។ តាមពិតទៅ ឪពុកលោកជាអតីតទាហាន សម័យលន់ នល់ នៅបន្ទាយក្រុង ច្បារមន តែសម្រាប់រូបលោកផ្ទាល់ កាលពីក្មេង មិនមានចិត្តស្រលាញ់ការងារនេះទេ។ លុះដល់សម័យរដ្ឋកម្ពុជា ឆ្នាំ១៩៨០ ខណៈលោកមានអាយុ១៩ឆ្នាំ ត្រូវបានកងសេនាជន ឃុំ ចាប់ឱ្យធ្វើទាហានបញ្ជូនទៅក្នុងកងពលលេខ៦ ឈរជើងនៅខេត្តបាត់ដំបង ដែលមានឈ្មោះស៊ា និងចន ជាមេកោយ។ កាលពីចូលធ្វើទាហាន ដំបូង លោកមានការភិតភ័យណាស់ លុះពេលចូលប្រយុទ្ធក្នុង សមរភូមិម្តងៗ លោកភ័យឡើងរាកអាចម៍រាកនោមអស់ ហើយ ព្រោះតែមិនធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ ឬកាន់កាំភ្លើងប្រយុទ្ធពីមុនមក។ តែយូរៗទៅ លោកស៊ាំនឹងគ្រាប់កាំភ្លើង លែងមានការភ័យខ្លាច តែយ៉ាងណា នៅតែបារម្ភពីអាយុជីវិតជាប្រចាំ ពេលចូលប្រយុទ្ធក្នុងសមរភូមិ លោកបន់ព្រះអស់ហើយ កុំឱ្យត្រូវគ្រាប់ស្លាប់។

អ្នកស្រីម៉ុក សុខ និងលោកសួន ស្រួច

លោកសួន ស្រួច បន្តទៀតថា ក្នុងគ្រាប្រយុទ្ធនៅតាមសមរភូមិ ជាច្រើន លោកមិនដែលមានគ្រោះថ្នាក់អ្វីឡើយ លុះចុងក្រោយ នៅពេលប្រយុទ្ធក្នុងសមរភូមិ នៅស្រុកម៉ាឡៃ បានដើរជាន់ មីនផ្ទុះពិការជើងឆ្វេងម្ខាង និងរងរបួសជាទម្ងន់ ត្រូវបានគេ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ។ ហើយចាប់ពីពេលនោះ មក លោកត្រូវបានគេកាត់ឈ្មោះឱ្យស៊ីប្រាក់សង្គមកិច្ច ខេត្ត កណ្តាល ដោយទទួលបានប្រាក់ចូលនិវត្តន៍៣០ម៉ឺនរៀល ក្នុងមួយខែ។ បុរសពិការជើងរូបនេះបន្ថែមថា ចូលដល់ ឆ្នាំ១៩៩០ ទើបលោករៀបការប្រពន្ធឈ្មោះម៉ុក សុខ អាយុ ប្អូនលោក៦ឆ្នាំ រួមរស់ជាមួយគ្នាមកទល់សព្វថ្ងៃ ដោយ បង្កើតបានកូនចំនួន១៣នាក់ ជាចំណងអាពាហ៍ពិពាហ៍។ ប៉ុន្តែ លោកមានកូនប៉ុណ្ណឹងហើយមិនទាន់ស្កប់ស្កល់ទេ ដោយចង់ឱ្យប្រពន្ធបង្កើតកូនបន្ថែមទៀត ពោលគឺបាន ច្រើនកាលណាកាន់តែល្អកាលហ្នឹង ដោយលោកបាន ប្រាប់ប្រពន្ធមិនឱ្យប្រើប្រាស់វិធីពន្យារកំណើតទេ។ លោកចង់បានកូនច្រើន ដោយសារតែឃើញប្រទេសជាតិ មានប្រជាជនតិច ដីទំនេរនៅសល់ច្រើន ម៉្យាងទៀត ពេលកូនធំឡើងចង់ឱ្យពួកគេចូលបម្រើក្នុងជួរកងទ័ព ការពារជាតិមាតុភូមិ មិនឱ្យបរទេសឈ្លានពានបូរណភាព ដែនដីខ្មែរ បានជាដាច់ខាត ទោះបីពេលនេះ ប្រទេសមានការរីកចម្រើន សុខសន្តិភាពក្តី លោកនៅតែចិញ្ចឹមចិត្តចង់ឱ្យកូន ចូលធ្វើជាទាហានគ្រប់គ្នា។

អ្នកស្រីម៉ុក សុខ និងលោកសួន ស្រួច ជាមួយកូនៗ

អ្នកស្រីម៉ុក សុខ ជាប្រពន្ធបានឱ្យដឹងថា កាលដើមឡើយ គាត់មិនចង់យកប្តីពិការជើងរូបនេះទេ ប៉ុន្តែដោយសារប្រកែក មិនឈ្នះក្រុមគ្រួសារ ទើបព្រមចូលរោងការទាំងអារម្មណ៍មិនសប្បាយចិត្ត។ លុះរួមរស់ជាមួយគ្នា ស្រាប់តែគាត់មានចិត្ត ស្រលាញ់ស្មគ្រ័ស្មោះជាមួយប្តីនេះណាស់ ឥតងាករេទេ ទោះជាប្តីជាមនុស្សពិកល្យពិការធ្វើការរកស៊ីមិនពេញ ដៃ ពេញជើង ក្តី។ តែបើនិយាយពីរឿងផលិតកូនវិញ គាត់មិនជំទាស់បំណង ប្តីឡើយ មិនដែលប្រើប្រាស់វិធីពន្យារកំណើតម្តងណាឡើយ ពោលគឺបណ្តោយតាមធម្មជាតិសុទ្ធសាធ។ តែដឹងអី! ប្តីប្រពន្ធ ពួកគាត់មានជំនាញនេះណាស់ដាក់បានៗ គាត់ទើបតែមាន អាយុ៤៥ឆ្នាំសោះ មានកូនដល់ទៅ១៣នាក់ទៅហើយ ក្នុង នោះកូនប្រុសពៅ មានអាយុមិនទាន់បាន១ឆ្នាំ មិន ទាន់ផ្តាច់ដោះនៅឡើយទេ តែគាត់នៅតែស្វាគមន៍ ត្រៀមបង្កើតកូនជានិច្ចឥតត្អូញត្អែរឡើយ សំខាន់ឱ្យ តែប្តីមានកម្លាំងលោតរួច។ ហើយក៏អាចនិយាយ បានថា នៅក្នុងស្រុកនេះមានតែប្តីប្រពន្ធគាត់ទេ មាន កូនច្រើនជាងគេ មិនទាន់មានគ្រួសារណាមកបំបែក ឯតទគ្គកម្មពីប្តីប្រពន្ធគាត់បានឡើយ។

លោកយាយញឹប សឿង

លោកយាយញឹប សឿង អាយុ៧០ឆ្នាំ បានឱ្យដឹងថា តាមពិតទៅ ប្តីប្រពន្ធមួយគូនេះ គឺជាបងប្អូន ជីដូនមួយនឹងគ្នា ទើបបានជាស្ត្រីជាប្រពន្ធយកប្រុស ពិការជើងម្ខាងធ្វើប្តីបែបនេះ នៅពេលរួមរស់ជាមួយគ្នា ប្តីប្រពន្ធពួកគេមានជំនាញខាងផលិតកូនណាស់ មួយឆ្នាំបង្កើតកូនបានមួយឱ្យរដឹក រស់នៅឱ្យរញង់ ពេញផ្ទះដូចកូនមាន់។ តែយ៉ាងណា ក្មួយប្រុសគាត់ ត្បិតតែពិការជើងម្ខាងពិតមែន តែពូកែធ្វើការរកប្រាក់ ណាស់ ពុំនោះទេ ម្តេចនឹងចិញ្ចឹមកូនដល់ទៅ១៣នាក់ រស់នៅបាននោះ? បើពឹងលើប្រាក់ចូលនិវត្តន៍៣០ ម៉ឺនរៀល ទ្រទ្រង់ជីវភាពគ្រួសារមិនជាប់ទេ គ្រាន់តែ ទិញម្ហូបមិនគ្រប់ផង។
អ្នកស្រីខុន សង អាយុ៤២ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា នៅក្នុងស្រុកភូមិនេះមានតែប្តីប្រពន្ធ លោកស្រួច ទេ ស៊ីដាច់គេខាងបង្កើតកូនញឹកស្អេក រកប្រពន្ធទំនេរពោះមិនបានឡើយ គាត់សូមខ្លាចហើយ ព្រោះគាត់មានកូនតែ៧នាក់ ថាពិបាក ចុះទម្រាំទៅ ដល់១៣នាក់?

អ្នកស្រីខុន សង

គួរបញ្ជាក់ថា អ្នកដែលមានកូនច្រើនលំបាកតែ កូននៅតូចទេ ពិបាកទាំងការមើលថែបញ្ចុកបាយ ចំណី រកស៊ីចិញ្ចឹម និងឈឺថ្កាត់យប់ព្រលប់ ប៉ុន្តែបើ ពួកគេធំដឹងក្តី អាចធ្វើការជំនួសដៃជើងបានហើយ ឪពុកម្តាយចាំតែស្រណុកស្រួល ហើយបើមានរវល់ ទុក្ខធុរៈអ្វីមួយ គ្រាន់តែពួកគេជួយគ្នាមួយដៃមួយជើង ចេះសហការគ្នា ការងារនោះនឹងដំណើរការយ៉ាងរលូន…”៕

RELATED ARTICLES