Saturday, April 27, 2024
Homeព័ត៌មានជាតិប្រពន្ធដេញទៅគាស់ដំឡូងឯព្រៃ ប្តីដឹងតែគាស់លើគ្រែ

ប្រពន្ធដេញទៅគាស់ដំឡូងឯព្រៃ ប្តីដឹងតែគាស់លើគ្រែ

របៀបដកដំឡូងមី ត្រូវប្រើកម្លាំងទាញ ដើមវាឱ្យសណ្តកមើមពីក្នុងដី ឯមើមណា ដែលដកមិនអស់ ត្រូវជីកគាស់យកឱ្យអស់ ដែលចលនានេះត្រូវស្ត្រីម្នាក់ ប្រៀបធៀបទៅនឹងប្តីខ្លួនទៅវិញ។ ខណៈដែលប្រពន្ធដេញប្តី ឱ្យទៅស៊ីឈ្នួល ដកដំឡូងឱ្យគេឯព្រៃ តែប្តីមិនព្រម ទៅ បែរជាប្រឹងគាស់ដំឡូងលើគ្រែ បង្កើតជាជម្លោះរវាងប្តីប្រពន្ធ ផ្អើលអ្នកជិតខាងទាំងយប់…។

នាងអ៊ឹម ស៊ឹង អាយុ៤០ឆ្នាំ រស់នៅភូមិ ត្រពាំងថ្ម ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បនារៀបរាប់ថា នាងមានឪពុកឈ្មោះត្រុច អ៊ឹម អាយុ៧២ឆ្នាំ ម្តាយឈ្មោះប៉ូ សេង អាយុ៦៩ឆ្នាំ និងមានប្តីឈ្មោះសុខ កន អាយុបងនាង៤ឆ្នាំ បង្កើត បានកូន៧នាក់ (ស្រី៥ ប្រុស២) ដែលកូនៗមួយចំនួន បានទុកដាក់ឱ្យមានគូស្រករបែកផ្ទះសម្បែង ឃើញ នៅសល់តែកូន៣នាក់ កំពុងរស់នៅក្នុងបន្ទុក។ ចាប់តាំងពីចាប់ដៃគ្នាមក នាងដើរតួនាទីជាប្រពន្ធផង ជាប្តីផង ក្នុងគ្រួសារ ព្រោះតែប្តីចោលម្សៀត វក់តែនឹងការសប្បាយស៊ីផឹក រាំច្រៀង ពួកម៉ាកបនភឿន មិនសូវខ្វល់ពីការងាររកស៊ីចិញ្ចឹមជីវិត។

លោកសុខ កន

នាងអ៊ឹម ស៊ឹង បន្តថា សព្វថ្ងៃ ប្តីនេះគិតធូរៗ ត្រឹមតែម៉ារស់ប៉ុណ្ណោះ គេមិនចង់មានចង់បានអ្វីទេ ព្រោះតែយ៉ាងនេះហើយ បានជានាងនៅមិនសុខ តែង មាត់ធំដាក់ប្តីរាល់ថ្ងៃ ជួនកាល ក៏ជ្រុលជេរប្រទេច ផ្អើលគេឯងតែអ៊ីចឹង ព្រោះតែចង់ឱ្យប្តីភ្ញាក់រលឹក។ តើមិនឱ្យនាងខឹងឯណាបាន បើប្តីនេះមួយថ្ងៃៗ ដេក ស៊ីៗ មិនរវល់ចាប់ការងារដូចប្តីគេឯទៀត ហើយ អង្ករក្នុងខាប់ ក្នុងការុង ក៏រីងទៅៗ គ្មានអង្ករថ្មីដាក់ បំពេញ តើស្រីណាទ្រាំមិនខឹងនោះ? ប៉ុន្មានថ្ងៃមុន នាងដេញប្តីឱ្យចេញទៅស៊ីឈ្នួលដកដំឡូងឱ្យគេ ឯចម្ការ ក្រែងបានកម្រៃខ្លះទិញអង្ករច្រកឆ្នាំង ប៉ុន្តែ ប្តីនេះ ដេកននៀលៗមិនព្រមទៅ លុះនាងទៅក្បែរ ក៏ចាប់ផ្តួលទៅលើគ្រែ គាស់ធ្ងន់ៗ ធ្វើឱ្យនាងធុញទ្រាន់ ក៏ពន្លះប៉ោចៗល្មមតែផ្អើលអ្នកជិតខាង។

នាងអ៊ឹម ស៊ឹង

នាងអ៊ឹម ស៊ឹង បន្តទៀតថា នៅពេលឈ្លោះគ្នា ឮមាត់នាងខ្លាំងៗ បែរជាអ្នកជិតខាងកាន់ជើងប្តីកំហូច នេះទៅវិញ គេចោមស្អប់តែរូបនាងម្នាក់ ដោយទម្លាក់ កំហុសមកលើនាងថា ជាអ្នកបង្ករឿងក្នុងគ្រួសារ រំខានអ្នកជិតខាងគ្មានបានដេកពួន។ ជម្លោះនេះ បណ្តាលមកពី ប្តីទាំងស្រុង គឺបើសិនជាគេយល់ព្រមធ្វើតាមនាង ចេញទៅស៊ីឈ្នួលដកដំឡូងមីឱ្យគេ ម៉េចក៏បានលុយខ្លះទិញអង្ករដែរ តែគេ មិនព្រមស្តាប់នាង បែរជាពូកែតែខាងដកដំឡូងលើគ្រែទៅវិញ។ បើសិនជាប្តីនេះប្រឹងប្រែងរកស៊ីនោះ តើប្រពន្ធឯណាហ៊ាន ប្រមាថប្តីនោះ? ឯរឿងខ្លួនប្រាណក៏នាងមិនកំណាញ់អ្វីដែរ ជាក់ស្តែងបានកូន៧នាក់ឯណោះ។ ដូច្នេះ ថ្ងៃក្រោយបើប្តីនៅតែដេក ននៀលៗ ចាប់នាងគាស់ដំឡូងលើគ្រែទៀត ជម្លោះនឹងកាន់តែ ធ្ងន់ទៅៗ មិនខានឡើយ។

លោកសុខ កន និងនាងអ៊ឹម ស៊ឹង

ដោយឡែក លោកសុខ កន អាយុ៤៤ឆ្នាំ ជាប្តីបានឱ្យដឹងថា ជម្លោះក្នុងគ្រួសារលោកគ្មានធំដុំទេ ព្រោះលោកមិនដែលតតាំង យកឈ្នះចាញ់ជាមួយប្រពន្ធឡើយ បើនាងខឹងខ្លាំង លោក សុខចិត្តសំងំដេកធ្វើមិនដឹងមិនឮល្អជាង។ តាមពិត ប្រពន្ធនេះ ជាស្រីឆ្នាសរកលេខដាក់គ្មានទេ ក្នុងចំណោមស្រីៗក្នុងភូមិនេះ អ្នកណាក៏ល្បីប្រពន្ធលោកដែរ។ នាងធ្លាប់ជេរប្រុសៗឱ្យរាប ដូចកន្ទេលតាំងពីនាងនៅក្រមុំម៉្លេះ ប៉ុន្តែ លោកជាមនុស្សមាន កម្មជំពប់ស្នេហ៍ប៉ះស្រីឆ្នាស រហូតបានរៀបការជាមួយគ្នា។ ទោះជាប្រពន្ធកាចឆ្នាសយ៉ាងណា មានតែទ្រាំមួយជីវិតទៅចុះ លោកមិនអាចរកស្រីឯណាមកជំនួសនាងបានទេ ម៉្យាងមានចៅ ទៅហើយ លែងគ្នាមិនកើតទេ។ កន្លងមក ពួកលោកបានត្រឹមតែ ជេរគ្នាប៉ុណ្ណោះ មិនដែលប្រើដៃជើង កាំបិតពូថៅអ្វីឡើយ ប៉ុន្តែ ជម្លោះ នេះវារំខានដល់អ្នកជិតខាងគ្មានបានដេកពួនដែរ។

ផ្ទះលោកសុខ កន និងនាងអ៊ឹម ស៊ឹង

លោកសាន់ វិសាល មេភូមិរង និងជាអ្នកសម្របសម្រួល ជម្លោះគ្រួសារមួយនេះ បានឱ្យដឹងថា បើតាមការអង្កេត របស់លោក ជម្លោះនេះនាំភ្លើងពីភាគីប្រពន្ធតែម្តង។ ពួកគេ ជួនកាលជេរគ្នាទាំងកណ្តាលយប់ ព្រោះតែប្រពន្ធមិន ឱ្យប្តីលូកលាន់ ហើយខឹងតូងតាងមិនសូវចេះពិចារណា និងមិនខ្មាសញាតិ។ ទោះយ៉ាងណា ពួកគេបាន ត្រឹមជេរគ្នាប៉ុណ្ណោះ មិនដែលវ៉ៃតប់គ្នាទេ ចំណែករឿង ចុងក្រោយដែលថាប្រពន្ធប្រើប្តីទៅគាស់ដំឡូង តែប្តី មិនព្រមទៅនោះ លោកក្តាប់មិនទាន់ច្បាស់ដែរ គ្រាន់តែ យល់ថា នាងប្រពន្ធរាងខ្សែលើប្តីបន្តិចហើយ។

លោកសាន់ វិសាល

លោកតាលូន កន អាយុ៦១ឆ្នាំ និងលោកយាយ អ៊ី យាវ អាយុ៦០ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្រប គ្នាថា គ្រួសារមួយនេះឈ្លោះគ្នាកម្រិតកំពូលតែម្តង គឺមួយខែ៣០ថ្ងៃ គ្មានសូវលស់ថ្ងៃណាទេ។ ពួកគេមិន ចេះគោរពសិទ្ធិអ្នកជិតខាង សូម្បីតែពេលយប់ព្រលប់ ក៏ជេរគ្នាដែរ រំខានដល់ពួកគាត់គ្មានបានដេកពួនទេ។ ពិសេស ភាគីខាងប្រពន្ធខ្លាំងមែនទែន នាងជេរម៉្រាយ ប្តី ដូចច្រៀងអាយ៉ៃលេងកម្សាន្ត នេះសំណាងហើយ ដែលប្តីមិនចេះប្រើអំពើហិង្សា កុំអីនាងប្រពន្ធប៉ោង សំពត់ បើសិនជាប៉ះប្តីកាចនោះ។ ពួកគាត់ឧស្សាហ៍ ជួយឃាត់ជម្លោះនេះដែរ ប៉ុន្តែ ពួកគេមិនស្តាប់ ក៏ខ្ជិលរវល់ បើឮគេឈ្លោះគ្នាយកដៃញ៉ុកត្រចៀក ឬដើរចេញល្អជាង។

លោកតាលូន កន

រីឯមិត្តភក្តិប្រុសៗរបស់បុរសជាប្តី បានប្រាប់ អ្នកយកព័ត៌មានយើងថា ថ្ងៃដែលប្រពន្ធដេញប្តីទៅ គាស់ដំឡូងនោះ លោកកន ត្រូវស្រា-ស ស្រវឹងស្រឿងៗ ក៏សំងំតែលើគ្រែ។ លុះប្រពន្ធតឿនបង្ខំ ក៏ចាប់ដក គាស់ៗលើគ្រែ ដែលពេលនោះ ប្រពន្ធអត់រើបម្រះអ្វីទេ លុះអ្វីៗរួចរាល់ក៏ដេញប្តីម្តងទៀត លុះប្តីមិនព្រមទៅ ក៏ ជេរផ្អើលអ្នកជិតខាងតែម្តងទៅ ព្រោះថ្ងៃភ្លឺចែស។

លោកយាយ អ៊ី យាវ

គួរបញ្ជាក់ថា ជម្លោះគ្រួសារតែងមានជាធម្មតា បើប៉ះប្រពន្ធឆ្នាស ឯប្តីស្ពឹកស្រពន់។ បញ្ហានេះ ខុស ស្មើគ្នា ព្រោះបើប្តីពូកែរកស៊ី ឯប្រពន្ធពូកែថ្នមប្តីនោះ ក៏គ្មានជម្លោះកើតឡើងបានដែរ ប៉ុន្តែមកពីប្រពន្ធមាន ចរិតកាចឆ្នាសតាំងពីនៅក្រមុំ ក៏មិនចោលចរិតចាស់។ ដូច្នេះ ចង់ដោះស្រាយបញ្ហានេះបាន លុះត្រាតែប្តីប្រឹងប្រែងរកស៊ីបន្តិច ឈប់ដេកននៀលៗដូចមុន ហើយ កាលបើប្តី ឧស្សាហ៍ព្យាយាមរកលុយឱ្យប្រពន្ធបាន មិនចេះដាច់នោះ ច្បាស់ជាប្រពន្ធលែងហ៊ានជេរប្រមាថ និងគោរពប្តីដូចឪពុកមិនខានឡើយ…”៕

RELATED ARTICLES