Thursday, April 25, 2024
Homeព័ត៌មានជាតិប្តីកម្ជិលអាំងផេះ ប្រពន្ធពិន័យ១ឆ្នាំ

ប្តីកម្ជិលអាំងផេះ ប្រពន្ធពិន័យ១ឆ្នាំ

មនុស្សដែលយកស្រាធ្វើជាត្រីមុខ ស្រវឹង ធ្លាក់ភ្នែករាល់ថ្ងៃ មិនសូវជាខ្វាយខ្វល់ពី់ការងារ រកប្រាក់ប៉ុន្មានឡើយ។ តួយ៉ាងបុរសម្នាក់នេះ ឱ្យតែមានជាតិស្រាចូលពោះ មិនខ្វាយខ្វល់ពីការងារ ស្រែភ្លឺអ្វីទាំងអស់ មិនចង់មានចង់បានឡើយ ទោះជាប្រពន្ធកូនអត់បាយក្រហាយទឹកក៏មិន ឈឺក្បាលវិលមុខដែរ ថែមទាំងចូលចិត្តរករឿង បង្កជម្លោះក្នុងគ្រួសារទៀត លុះប្រពន្ធទ្រាំមិនបាន ក៏ពិន័យមិនឱ្យប៉ះប្រាណអស់រយៈពេល១ឆ្នាំ ទើបបុរសជាប្តីភ្ញាក់រលឹកកែខ្លួនសង្វាតការងារ គ្រវាត់ចោលដបស្រា បានប្រពន្ធព្រមប្រគល់ ប្រាណឱ្យនែបនិត្យវិញ…។

នាងឈឿម សាវីស អាយុ៣៧ឆ្នាំ រស់នៅភូមិដងផ្តិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនច្បងក្នុងចំណោមបងប្អូន៦នាក់ ដែលមានឪពុកឈ្មោះផាវ ឈឿម អាយុ៥៨ឆ្នាំ ជាមេភូមិដងផ្លឹត និងម្តាយឈ្មោះសឿង រ៉េម អាយុ៥២ឆ្នាំ។ នាងបានរៀបការជាមួយប្តីឈ្មោះសៀន ខាំ សព្វថ្ងៃ អាយុ៤៣ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូនចំនួន៦នាក់ (ស្រី២ ប្រុស៤) ជាចំណងអាពាហ៍ពិពាហ៍។ តាំងពីរៀបការមក នាងខំប្រឹងធ្វើការរកប្រាក់ណាស់ មិនសូវមានពេលទំនេរដៃប៉ុន្មានឡើយ ព្រោះមិនចង់ ឱ្យចាញ់ប្អូនៗរបស់នាង ដែលពួកគេ ក្រោយពីរៀបការមានប្តីប្រពន្ធ ពួកគេខំប្រឹងធ្វើការរកប្រាក់ស្មើដៃគ្នា រហូតមានជីវភាពធូរធារ មានផ្ទះធំ ទ្រនំខ្ពស់ និងខ្លះទៀត មានលុយសល់ រហូតទិញឡានបង្អួតអ្នកស្រុកទៀត។ ប៉ុន្តែទោះជាខំយ៉ាងណា ក៏គ្រួសារនាងវិញ

លោកសៀន ខាំ

នៅតែ មុជមិនជ្រៅ ទៅមិនឆ្ងាយដដែល ព្រោះប្តីនាងជាមនុស្ស កម្ជិលអាំងផេះ មិនខ្វាយខ្វល់ពីរឿងការងាររកប្រាក់ អ្វីទាំងអស់ ពោលគឺបើកភ្នែកឡើងដើរសំដៅទៅតៀម ស្រា ផឹករហូតដល់ស្រវឹងធ្លាក់ភ្នែករាល់ថ្ងៃ ហើយត្រឡប់ចូលផ្ទះ ដើរទ្រេតទ្រោតផ្លូវ១តែឯង ថែមទាំងពូកែរករឿងបង្កជម្លោះផ្អើលអ្នកភូមិ បណ្តាលឱ្យគ្រួសារជួបភាពអាប់អួស្ទើររាល់ថ្ងៃ។ ចំណែកកូនប្រុសស្រីមិន ហ៊ានចង់មើលមុខឪពុក ប្រមឹកកម្ជិលអាំងផេះនេះឡើយ។
នាងសាវីស បន្តថា នៅពេលនោះ នាងមានភាពរឹង មាំណាស់ ទោះជាប្តីមិនជួយធ្វើការក្តី ប៉ុន្តែនាងមិនដេកដួល រមួលផ្សំគ្រេច ពោលគឺខំប្រឹងជ្រោងការងារស្រែភ្លឺតែម្នាក់ឯង ដូចមនុស្សប្រុសអ៊ីចឹង ព្រោះបើនាងមិនខំប្រឹង ច្បាស់ជាកូនដាច់ពោះ ស្លាប់បាត់អស់ហើយ។ មិនត្រឹមតែប៉ុណ្ណោះទេ ពេលយប់ឡើង នាងត្រូវបម្រើ កាមគុណប្តីទៀត ព្រោះប្តីតែងប្រើសិទ្ធិអំណាច របស់ខ្លួនគាបសង្កត់លើប្រពន្ធ សូម្បីរឿងលុយកាក់ ក៏ហាមនាងមិនឱ្យចាយវាយផ្តេសផ្តាសឡើយ ដែលជាកម្លាំងញើសឈាមនាង ជាអ្នករកសោះ។ ដោយគិតវែងឆ្ងាយទៅហាក់បី ដូចជាចាញ់ប្រាជ្ញាប្តីពេក នាងក៏សម្រេចចិត្តដាក់ពិន័យ ប្តីកម្ជិលនេះ មិនឱ្យប៉ះប្រាណ ខានរួមភេទអស់រយៈពេល១ឆ្នាំ ក្នុងបំណងឱ្យប្តីចេះភ្ញាក់រលឹកកែខ្លួន គ្រវាត់ចោលដបស្រា ធ្វើឱ្យប្តីខឹងច្រឡោត ចោទនាង ជាប្រពន្ធថាក្បត់ចិត្តមានប្រុសឈ្មោល ទើបមិនឱ្យ ប្តីប៉ីះពាល់ខ្លួនប្រាណ រហូតផ្ទុះជម្លោះយ៉ាងក្តៅគគុក បម្រុងចែកផ្លូវគ្នាដើរទៀតផង កុំតែបានចាស់ទុំធ្វើ ការសម្របសម្រួល ម៉្លេះប្តីប្រពន្ធនាងបែកបាក់គ្នាបាត់ ទៅហើយ។

នាងឈឿម សាវីស

ស្ត្រីជាប្រពន្ធ បានបន្តទៀតថា ចាប់តាំងពីពេល នោះមក ឃើញថាប្តីនាងបានកែខ្លួនបោះបង់ដបស្រា ចោល និងសង្វាតរឿងការងារឡើងវិញ ព្រមទាំងឈប់ រករឿងបង្កជម្លោះក្នុងគ្រួសារទៀតផង ធ្វើឱ្យក្រុមគ្រួសារ រស់នៅមានសេចក្តីសុខសុភមង្គលមកដល់សព្វថ្ងៃ ដែលស្ទើរតែមិនគួរឱ្យជឿថា ប្តីនាងអាចកែខ្លួនបាន ហើយនាងក៏មិនកំណាញ់ខ្លួ់នប្រាណចំពោះប្តីទៀតដែរ។
លោកសៀន ខាំ ជាប្តី បានឱ្យដឹងថា កាលពីមុន លោកពិតជាដើរក្នុងផ្លូវខុស សេពគប់ជាមួយមិត្តភក្តិ មិនល្អ រហូតភ្លេចអស់ការងារ គិតតែរឿងផឹកស្រា លោកចេះផឹកស្រា-ស ស្រវឹងអួទីនួ តាំងពីកំលោះ មកម៉្លេះ។ បើនិយាយឱ្យចំ នៅពេលនោះ លោកជា មនុស្សខ្ជិលផុតលេខ និងជាប្តី ជាឪពុកចោលម្សៀត សុទ្ធសាធ ប៉ុន្តែសំណាង

ផ្ទះនាងឈឿម សាវីស

ដែរ ដែលប្រពន្ធរកឃើញ វិធីដាក់ពិន័យចំចំណុច និងបានឪពុកក្មេកពូកែអប់រំ សម្របសម្រួលពន្យល់ណែនាំ ទើបធ្វើឱ្យលោកមាន ការភ្ញាក់រលឹក កែខ្លួនដើរផ្លូវត្រូវ និងមានឱកាសធ្វើ ជាប្តីនិងឪពុកល្អដូចសព្វថ្ងៃនេះ។ ចាប់តាំងពីកែ ខ្លួនមក លោកគ្រវាត់ចោលដបស្រាអស់រយៈពេល ជាង១ឆ្នាំមកនេះ ឃើញថាក្រុមគ្រួសារលោករស់នៅ មានសេចក្តីសុខ ពោរពេញដោយស្នាមញញឹមគ្រប់គ្នា រីឯជីវភាពក៏បានធូរធារប្រសើរជាងមុនដែរ។
យុវជនខាំ គោខុង អាយុ១៦ឆ្នាំ និងយុវតីខាំ សាវែល អាយុ២០ឆ្នាំ ជាកូន បានឱ្យដឹងស្របគ្នាថា បងប្អូនពួក គេទើបតែមានភាពស្រស់ស្រាយ ហ៊ានញញឹមដាក់ អ្នកស្រុកភូមិជាងមួយឆ្នាំមកនេះ ក្រោយពេលដែល ឪពុកភ្ញាក់រលឹកកែខ្លួន ខំប្រឹងធ្វើការដើម្បីគ្រួសារប្រពន្ធ កូន។ កាលពីមុន ថ្ងៃណាក៏ដូចថ្ងៃណាដែរ ឃើញតែ ឪពុកនៅតែតៀមស្រា ជល់កែវ ហើយពេលចូលដល់ ផ្ទះរករឿងបង្កជម្លោះជាមួយប្រពន្ធ ធ្វើឱ្យម្តាយកូន ពួកគេរស់នៅពោរពេញដោយទុក្ខព្រួយួ ពិបាកចិត្ត ស្អិតទ្រូងរាល់ថ្ងៃ ប៉ុន្តែពេលនេះ អ្វីៗត្រូវបានផ្លាស់ប្តូរ ទាំងស្រុង តាមតែឪពុករបស់ពួកគេតែម្នាក់ប៉ុណ្ណោះ ដែលពីមុនពួកគេមិននឹកស្មានថា ឪពុកអាចកែខ្លួនបាន ធ្វើជាប្តីល្អនិងឪពុកល្អដូចពេលនេះទេ។ ពួកគេពិតជា អរគុណ និងគោរពស្រលាញ់ឪពុកម្តាយរបស់គេ ជាពន់ពេក ដែលបានខិតខំប្រឹងប្រែងផ្តល់ភាពកក់ក្តៅ ឱ្យបងប្អូនពួកគេកន្លងមក។

លោកផាវ ឈឿម

លោកផាវ ឈឿម ជាមេភូមិ និងជាឪពុកនាង សាវីស បានឱ្យដឹងថា ការប្រដៅ ណែនាំអូសទាញ មនុស្សម្នាក់ដែលដើរក្នុងផ្លូវមិនល្អអស់រយៈពេល ជាច្រើនឆ្នាំ ឱ្យត្រឡប់មកដើរក្នុងផ្លូវត្រឹមត្រូវវិញ មិនមែនជារឿងងាយឡើយ ហើយក៏ត្រូវការពេល វេលាដែរ។ លោកតែងស្តីប្រដៅអប់រំកូនប្រសារូបនេះ ដោយក្តីអំណត់ ប្រើធម៌ត្រជាក់អស់រយៈពេល ជាច្រើនឆ្នាំ ទម្រាំបានជោគជ័យដូចពេលនេះ តែក៏រួមផ្សំ នឹងសាមីខ្លួន ចេះភ្ញាក់រលឹកចង់កែខ្លួនដែរ ពុំនោះទេ គ្មានគ្រូអាចារ្យណាប្រដៅបានឡើយ។

យុវជនខាំ គោខុង និងយុវតីខាំ សាវែល

រីឯអ្នកស្រុកមួយចំនួន បានសរសើរលោកសៀន ខាំ ដែលអាចកែខ្លួនពីមនុស្សប្រមឹក ខ្ជិលច្រអូសមក ធ្វើជាមនុស្សល្អបានឡើងវិញ។
កាលពីមុន លោកសៀន ខាំ ជាមនុស្សប្រមឹក ប្រចាំភូមិ មិនជួយួធ្វើការងារប្រពន្ធទាំងអស់ ថែម ទាំងពូកែរករឿងបង្កជម្លោះក្នុងគ្រួសារទៀត រហូត ប្រពន្ធខឹងពិន័យមិនឱ្យស្គាល់ជាតិស្រួលអស់១ឆ្នាំ ទើបលោកភ្ញាក់រលឹកកែខ្លួន ធ្វើជាមនុស្សល្អ ប្តីល្អ និង ឪពុកល្អវិញ…”៕

RELATED ARTICLES