Thursday, April 25, 2024
Homeព័ត៌មានជាតិប្រពន្ធរត់តាមប្រុសថ្មី ប្តីគអង្គុយយំ

ប្រពន្ធរត់តាមប្រុសថ្មី ប្តីគអង្គុយយំ

ទោះជាគ្នានិយាយស្តីមិនចេញ ក៏មានបេះដូងក្រហម ឆ្អិនឆ្អៅ ស្មោះត្រង់នឹងប្រពន្ធដែរ តែអកុសល ប្រពន្ធ ដែលនិយាយស្តីរួច បែរជាមានបេះដូងខ្មៅ ទៅវិញ។ យ៉ាងណាមិញ ពេលប្រពន្ធរត់តាម ប្រុសថ្មី ប្តីគនេះ អង្គុយយំទឹកភ្នែកជូត ក្បាលជង្គង់ ទោះជាដឹងថា ប្រពន្ធ នោះពពោះប៉ុនកញ្ជើជាមួយប្រុសថ្មី ក៏បុរសចិត្តភក្តី ទន្ទឹងរង់ចាំប្រពន្ធវិលវិញជានិច្ច…។

គ្រួសារអភ័ព្វ ប្រពន្ធរត់តាមប្រុសថ្មី ប្តីគ អង្គុយយំនេះ ភាគីប្តីឈ្មោះស្នា អាយុ២៥ឆ្នាំ ជាមនុស្សគ និយាយស្តី មិនរួច ចំណែកភាគីប្រពន្ធឈ្មោះស៊ន វិចិត្រ អាយុ២៣ឆ្នាំ មានលំនៅភូមិត្រពាំងជ្រៃ ឃុំឈូក ស្រុកឈូក ខេត្តកំពត។ ពួកគេបានយកគ្នាជាប្តី ប្រពន្ធអត់ខាន់ស្លា រយៈពេល៤ឆ្នាំ មកហើយ ដោយបង្កើតបានកូន២នាក់ (ប្រុស១ ស្រី១) តែពេលនេះប្រពន្ធរត់ចោលប្តី និងកូនទៅហើយ។

នាងស៊ន វិចិត្រ

ដោយសារបុរសគ មិនអាចផ្តល់បទសម្ភាសន៍បាន ទើបអ្នកស្រីស៊ូ នៅ អាយុ៤៩ឆ្នាំ ត្រូវជាបងជីដូនមួយរបស់នាងស៊ន វិចិត្រ (ប្រពន្ធ) បានរៀបរាប់ជំនួសថា បុរសគនេះ មាន ស្រុកកំណើតនៅខេត្តព្រះវិហារ ឯណោះទេ គេជាកូនកំព្រាឪពុកម្តាយតាំងពីតូច ប៉ុន្តែនាងស៊ន វិចិត្រ មានស្រុកកំណើតនៅមូលដ្ឋានដូចខាងលើ។ កាលពី៥ឆ្នាំមុន នាងវិចិត្រ បានចេញទៅរកស៊ីនៅខេត្តព្រះវិហារ ខណៈដែលនាងមានអាយុ១៨ឆ្នាំ ជាចៃដន្យ ក៏បានទៅជួបកំលោះគ ឈ្មោះស្នា ក៏ចាប់ចិត្តស្រលាញ់គ្នា។ ទោះពួកគេមិន អាចនិយាយគ្នាបាន ក៏បានយកភាសាគមកប្រើបានយ៉ាងល្អ ដូចជាពេលចែចង់ស្នេហា បុរសគលើកម្រាម២ ដាក់ទន្ទឹមគ្នា ក៏អាចធ្វើឱ្យនាងវិចិត្រ យល់ស៊ីជម្រៅ ក៏លើកមេដៃ១ បង្ហាញវិញ រហូតត្រូវដងត្រូវផ្លែគ្នា ទុំមុនស្រគាលទៅ។ ក្រោយមក នាងវិចិត្រ ក៏បាននាំសង្សារគមកដល់ស្រុកកំណើតវិញ បង្ហាញមុខប្រុសថ្លៃឱ្យបងប្អូន សាច់ញាតិទទួលស្គាល់ រួចពួកគេក៏បានចាប់ដៃគ្នា កវែកកឆ្នាំង រកស៊ីធ្វើស្រែចម្ការច្បារដំណាំ និងស៊ីឈ្នួលគេ ដោយបង្កើតបានកូន ប្រុស១ ស្រី១ ជាចំណងនិស្ស័យ។

លោកស្នា ជាមួយកូនៗ

អ្នកស្រីស៊ូ នៅ បន្តទៀតថា លុះបង្កើតបានកូន២នាក់ ប្តីគ កាន់តែស្រលាញ់ប្រពន្ធទ្វេឡើង ផ្ទុយទៅវិញ នាងវិចិត្រ បែរជាបែកឆ្វេង លបលួចមានប្រុសថ្មីក្បត់ចិត្តប្តី។ ជារឿយៗ ប្តីគតែងតាមទាន់ឃើញប្រពន្ធ ណាត់ជួបប្រុសសហាយដែរ តែគេមិនហ៊ានធ្វើអីគេ បានត្រឹមក្អកបង្អើលប៉ុណ្ណោះ លុះព្រឹកឡើង ក៏ធ្វើងិះងុះ!ៗ ឆ្ការដៃឆ្ការជើង លើកម្រាម២ និងលើកដៃទាំងពីរ ធ្វើជាឱបគ្នា បង្ហាញញាតិជិតខាងឱ្យដឹងថា ប្រពន្ធគេដេកជាមួយ ប្រុសសហាយពីយប់មិញ។ ចំណែកអ្នកស្រុក ទោះជាប្តីគនោះមិនប្រាប់ ក៏គេដឹងដែរ សូម្បីអ្នកស្រីផ្ទាល់ ក៏ ស្គាល់មារយាទអាក្រក់របស់នាងវិចិត្រ មិនច្រឡំឡើយ គឺនាងនោះពិតជាមានប្រុសឈ្មោល ក្បត់ចិត្តប្តីប្រាកដ មែន។ សូម្បីតែឪពុកម្តាយបង្កើតរបស់នាងវិចិត្រ ក៏ដឹងពីមារយាទមិនល្អរបស់កូនស្រីដែរ តែនិយាយមិន កើត ដែលសព្វថ្ងៃ ពួកគាត់នាំគ្នាធ្វើចំណាកស្រុក ចេញទៅរកស៊ី បាត់អស់ហើយ។

អ្នកស្រីស៊ូ នៅ បន្ថែមទៀតថា ទោះជាប្រពន្ធផិតក្បត់យ៉ាងណា ក៏ប្តីគនោះ មិនដែលប្រើអំពើហិង្សាអ្វីដែរ ហើយទោះជាបាន ឃើញប្រពន្ធឆ្លើយឆ្លងទូរស័ព្ទជាមួយប្រុស ក៏គេគ្មានប្រតិកម្ម។ ក្រោយមក នាងវិចិត្រ បានសុំប្តីចេញទៅធ្វើការរោងចក្រ នៅថ្នល់ទទឹង ជាប់នឹងផ្លូវជាតិលេខ៤ ដើម្បីរកកម្រៃចិញ្ចឹមកូន ឯប្តីក៏យល់ ព្រមឱ្យទៅទាំងទើសទាល់។ តាមពិតនាងវិចិត្រ រត់តាមប្រុសថ្មី សោះ ព្រោះតាំងពីចេញពីស្រុកជាង១ឆ្នាំហើយ មិនដែលផ្ញើ១កាក់ ១សេនអីមកជួយចិញ្ចឹមកូនទេ ឃើញតែប្តីគដើរស៊ីឈ្នួលគេ រកលុយចិញ្ចឹមកូន។ លុះបាត់ដំណឹងយូរពេក ឪពុកនាងក៏ចេញ ទៅតាម តែរកមិនឃើញសោះ លុះមិនយូរប៉ុន្មានក៏មានអ្នកស្រុក ប្រាប់ថា គេបានជួបនាងវិចិត្រ នៅម្តុំចម្ការដូង រាជធានីភ្នំពេញ នាងមានផ្ទៃពោះជិតគ្រប់ខែទៀតផង ជាមួយប្តីក្រោយ ឬសហាយនោះ។ គ្មានអ្នកណាដឹងថា ប្តីក្រោយនោះឈ្មោះអី ស្រុកកំណើត នៅឯណាទេ គ្រាន់តែដឹងថា ពួកគេជួបស្នេហ៍តាម ទូរស័ព្ទក៏ណាត់ជួបគ្នាជារឿយៗ រួចពង្រត់គ្នាទៅបាត់។

អ្នកស្រីស៊ូ នៅ

ស្ត្រីជាបងជីដូនមួយ បន្តទៀតថា នៅពេលមាន គេប្រាប់ថា ប្រពន្ធមានផ្ទៃពោះប៉ុនកញ្ជើជាមួយប្រុស ថ្មីនោះ ប្តីគហូរទឹកភ្នែកសស្រាក់ អង្គុយយំនឹងមាត់ ជណ្តើរ យកក្បាលជង្គង់ជូតទឹកភ្នែកគួរឱ្យអាណិត ជាពន់ពេក។ បន្ទាប់ពីស្វាងសំណោក បុរសចិត្តភក្តីនេះ ធ្វើដៃធ្វើជើងប្រាប់គេឯងថា រូបគេមិនវិលទៅស្រុក កំណើតឯខេត្តព្រះវិហារ វិញទេ និងសុខចិត្តរង់ចាំ ប្រពន្ធវិលវិញ ទោះជានាងមានកូនជាមួយប្រុសថ្មីនោះ ក៏គេនៅតែទទួលនាងដោយដៃទាំង២។ រហូតមកទល់ ពេលនេះ បុរសគនៅតែកើតទុក្ខរីងរៃគ្មានពេលល្ហែ ទោះជាចេញទៅស៊ីឈ្នួលរកកម្រៃចិញ្ចឹមកូន ក៏គេមាន ទឹកមុខក្រៀមស្រពោនជានិច្ច។ បើមានអ្នកស្រុកផ្គូផ្គង ឱ្យរកប្រពន្ធទៀត ក៏បុរសគគ្រវីក្បាល រាដៃប្រកែក រហូត ដោយគេប្រាប់ជាសញ្ញា-គថា ជាតិនេះ គេ ស្រលាញ់តែប្រពន្ធផិតម្នាក់គត់។

អ្នកស្រីឈុន ប៉ែត

អ្នកស្រីឈុន ប៉ែត អាយុ៤៥ឆ្នាំ, អ្នកស្រីប៉ង ស៊ីញេត អាយុ៥៣ឆ្នាំ ជាបងប្អូនខាងប្រពន្ធ បានឱ្យដឹងថា បុរសគអភ័ព្វស្នេហ៍នេះ តាំងពីប្រពន្ធរត់ចោល មក គេនៅរកស៊ីចិញ្ចឹមកូន មិនវិលទៅស្រុកកំណើត វិញទេ។ ក្រៅពីពេលរកស៊ី គេចូលចិត្តអង្គុយសំកុក បង្ហូរទឹកភ្នែកម្នាក់ឯង ដែលអ្នកជិតខាងយល់បានថា បុរសនេះមានទឹកចិត្តស្នេហ៍ភក្តី កម្ររកបានណាស់។ បើសិនជាប្រពន្ធនោះ ត្រូវប្រុសថ្មីលែងក្បាលចោល ហើយស្គាល់កំហុសវិលមករកប្តី និងកូនវិញ ច្បាស់ជា ប្តីគទទួលនាងដោយដៃទាំងពីរ មិនប្រកាន់ទោសអូស ដំណើរអ្វីឡើយ។

អ្នកស្រីប៉ង ស៊ីញេត

គួរបញ្ជាក់ថា មនុស្សគ ជួនកាលមានសមត្ថភាពការងារជំនាញខ្លាំងជាងមនុស្សនិយាយរួចទៅទៀត ព្រោះមានប្រាជ្ញាជ្រៅណាស់ ដោយគ្រាន់តែ មនុស្សជាលើកដៃធ្វើសញ្ញាបន្តិច គេដឹងថា យើងចង់និយាយពីអ្វី។ ផ្ទុយទៅវិញ បើមនុស្សគប្រើកាយវិការ ប្រាប់មនុស្សជា ច្បាស់ជាកម្រយល់សេចក្តីណាស់ ព្រោះប្រាជ្ញារាក់ ហើយបើនិយាយពីសេចក្តីស្នេហាវិញ មនុស្សគមានភក្តីភាពចំពោះដៃគូស្នេហ៍ខ្លាំង ជាងមនុស្សជា…”៕

RELATED ARTICLES