Friday, March 29, 2024
Homeព័ត៌មានជាតិប្រចណ្ឌប្រពន្ធខ្លាំងពេក ប្តីចុះពីលើម៉ូតូទះ៣កំផ្លៀង រួចទាញកន្ត្រៃវ៉ៃរយះក្បាល

ប្រចណ្ឌប្រពន្ធខ្លាំងពេក ប្តីចុះពីលើម៉ូតូទះ៣កំផ្លៀង រួចទាញកន្ត្រៃវ៉ៃរយះក្បាល

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់កំពុងអង្គុយយោលអង្រឹងកូនសុខៗ ស្រាប់តែប្តីជិះម៉ូតូឌុបមកដល់ ក៏ចោទប្រកាន់ថា ប្រពន្ធលួចទាក់ទងជាមួយប្រុសថ្មី ហើយក៏ស្ទុះទៅទះកំផ្លៀងប្រពន្ធទាំងកំរោល បន្ទាប់មក ដោយមិនទាន់រំសាយកំហឹងអស់ បុរសជាប្តីកំណាចបានស្ទុះទៅទាញកន្ត្រៃវ៉ៃប្រពន្ធ បណ្តាលឱ្យរយះក្បាលហូរឈាមជោកខ្លួន រហូតធ្វើឱ្យប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនយកទៅចាត់ការតាមច្បាប់។

ករណីប្តីចោទប្រពន្ធមានប្រុសសហាយ  រួចប្រើហិង្សាវ៉ៃប្រពន្ធ បណ្តាលឱ្យរយះក្បាល បានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត។

ជនដៃដល់ជាប្តីដែលវាយប្រពន្ធឱ្យរងរបួសធ្ងន់នោះ មានឈ្មោះស៊ិន សម្បត្តិ អាយុ៣៧ឆ្នាំ មុខរបរនាំភ្ញៀវថៃ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះឈុំ សុភាព អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធ២នាក់ខាងលើ រស់នៅមិនសូវចុះសម្រុងនឹងគ្នាសោះ តែងកើតមានជម្លោះទាស់ទែងគ្នាជាញឹកញាប់ ដោយសារតែបុរសជាប្តីជាមនុស្សពូកែប្រចណ្ឌ និងតែងប្រើហិង្សាវាយដំប្រពន្ធមិនស្វាង ទើបធ្វើឱ្យជីវិតប្តីប្រពន្ធចេះតែរកាំរកូស រហូតទាមទារលែងលះគ្នាដែរ តែលែងមិនដាច់សោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ស្ត្រីរងគ្រោះជាប្រពន្ធកំពុងតែអង្គុយយោលកូនក្នុងអង្រឹងនៅផ្ទះយាយឈ្មោះពេញ សួង លុះក្រោយមក ជនដៃដល់ជាប្តីបានជិះម៉ូតូឌុបមកដល់ ហើយក៏បាននិយាយចោទស្ត្រីជាប្រពន្ធថា មានសហាយស្មន់ លួចទាក់ទងជាមួយនឹងប្រុសថ្មី ក្បត់ចិត្តប្តី។ ក្រោយពីចោទប្រកាន់ ដៀលត្មះប្រពន្ធអស់ចិត្ត បុរសជាប្តីស្រាប់តែស្ទុះទៅទះប្រពន្ធ២-៣កំផ្លៀង រួចធាក់ជាច្រើនជើងថែមទៀត។ បន្ទាប់មក ដោយមិនទាន់រំសាយកំហឹងអស់ ជនដៃដល់ជាប្តី បានស្ទុះទៅទាញកន្ត្រៃកាត់ក្រណាត់ មកវាយសំពងទៅលើក្បាលរបស់ស្ត្រីជាប្រពន្ធ បណ្តាលឱ្យបែកក្បាលហូរឈាមជោកខ្លួន និងពកជាច្រើនកន្លែង។ ក្រោយប្រើហិង្សាវ៉ៃដំប្រពន្ធឱ្យរងរបួសធ្ងន់រួចហើយ ជនបង្កហេតុជាប្តីបានរត់គេចខ្លួនបាត់ស្រមោល ចំណែកស្ត្រីរងគ្រោះបានរត់រកម្ចាស់ផ្ទះឱ្យជួយ។ បន្ទាប់មក ដោយទ្រាំនឹងទង្វើប្តីកំណាចលែងបាន ទើបស្ត្រីរងគ្រោះបានសម្រេចទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនបង្កហេតុជាប្តី នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាប្តី បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយប្រពន្ធ បណ្តាលឱ្យរងរបួសប្រាកដមែន មូលហេតុដោយសារតែរូបគេមានចិត្តប្រចណ្ឌប្រពន្ធខ្លាំងពេក។

ជនដៃដល់ បន្តសារភាពថា រវាងរូបគេនិងប្រពន្ធបានចាប់ដៃគ្នាសាងគ្រួសារអស់រយៈ ពេល២ឆ្នាំមកហើយ ដោយរួមរស់បង្កើតបានកូនម្នាក់ ជាចំណងនិស្ស័យ។ កន្លងមក ខ្លួនតែងប្រើហិង្សាទៅលើប្រពន្ធច្រើនលើកច្រើនសាមកហើយ ដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា ណាមួយមកពីខ្លួនមានចិត្តប្រចណ្ឌខ្លាំងផង។ មិនតែប៉ុណ្ណោះ ប្តីប្រពន្ធខ្លួនក៏ចង់ចែកផ្លូវគ្នាដែរ តែលែងលះយ៉ាងណាក៏មិនដាច់ លុះមកដល់ថ្ងៃកើតហេតុ ក៏ផ្ទុះហិង្សាធ្ងន់បែបនេះតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES