Saturday, April 20, 2024
Homeព័ត៌មានជាតិសមត្ថកិច្ចហៅអប់រំ២ដងហើយ មិនរាងចាល លើកនេះធ្ងន់ជាងមុនទៀត

សមត្ថកិច្ចហៅអប់រំ២ដងហើយ មិនរាងចាល លើកនេះធ្ងន់ជាងមុនទៀត

ខេត្តកណ្តាល ៖ បុរសជាប្តីម្នាក់តែងផឹកស្រាស្រវឹង និងរករឿងឈ្លោះប្រកែកវាយដំប្រពន្ធជារៀងរាល់ថ្ងៃ ហើយទោះជាកន្លងមក ធ្លាប់ត្រូវសមត្ថកិច្ចហៅយកទៅអប់រំ២ដង ក៏មិនចេះរៀងចាល រហូតដល់ផឹកស៊ីស្រវឹងធ្លាក់ភ្នែកមកដល់ផ្ទះវិញ ក៏រករឿងជេរបញ្ចោរប្រពន្ធកប់ៗមាត់ លុះប្រពន្ធទ្រាំមិនបានតបតវិញ ធ្វើឱ្យប្តីកំណាចផ្ទុះកំហឹងទាញកាំបិតមុខ២គប់ទៅលើប្រពន្ធចំសៀតផ្កា បណ្តាលឱ្យរងរបួសធ្ងន់ ហូរឈាមស្រោចខ្លួន ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់។

ករណីប្តីស្រវឹងគប់ប្រពន្ធ១កាំបិតរយះសៀតផ្កានេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទីី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ។

ស្ត្រីរងគ្រោះដែលត្រូវប្តីគប់១កាំបិតរយះសៀតផ្កា មានឈ្មោះយ៉ូន សុខុម អាយុ៣៨ឆ្នាំ មុខរបរនេសាទ។ ចំណែកជនបង្កហេតុជាប្តី មានឈ្មោះលី ធី អាយុ៤០ឆ្នាំ មុខរបរនេសាទដូចគ្នា។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រយៈកាលកន្លងមក ជនសង្ស័យ និងស្ត្រីរងគ្រោះជាប្រពន្ធតែងតែមានទំនាស់នឹងគ្នាជាញឹកញាប់ ដោយសារតែបុរសជាប្តីជាមនុស្សចូលចិត្តផឹកស្រាស្រវឹងរករឿងប្រើហិង្សាមកលើប្រពន្ធកូន រហូតធ្លាប់ត្រូវអាជ្ញាធរភូមិកោះហៅធ្វើការអប់រំម្តងជាពីរដងរួចមកហើយ ប៉ុន្តែ បុរសជាប្តីហាក់មិនព្រមរាងចាលសោះ ពោលគឺនៅតែប្រព្រឹត្តខ្លួនដដែលផឹកស្រវឹងរករឿងប្រពន្ធមិនឈប់។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យជាប្តីបានចេញទៅផឹកស៊ីជាមួយមិត្តភក្តិក្នុងភូមិ រហូតដល់ស្រវឹងជោក ទើបត្រឡប់មកផ្ទះវិញ។ លុះមកដល់ជនសង្ស័យក៏ចាប់ផ្តើមជេរប្រមាថប្រពន្ធ ដោយពាក្យអសុរោះជាច្រើន រហូតធ្វើឱ្យប្រពន្ធទ្រាំមិនបាន ក៏តបតវិញ ធ្វើឱ្យកើតជាជម្លោះពាក្យសម្តីបែកផ្សែង។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយមក ដោយសារតែជនសង្ស័យជាប្តីផ្ទុះកំហឹងខ្លាំងពេក ទើបស្ទុះទៅទាញកាំបិតមុខពីរសម្រាប់ទុកចិតបន្លែ គប់ទៅលើប្រពន្ធ បណ្តាលឱ្យមុតត្រូវចំសៀតផ្កាខាងស្តាំ រងរបួសចេញឈាមពេញផ្ទៃមុខតែម្តង។

ក្រោយកើតហេតុ ដោយសារទ្រាំនឹងទង្វើហិង្សារបស់ប្តីកំណាចលែងបាន ទើបស្ត្រីរងគ្រោះបានសម្រេចរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលលើកដែក ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះភ្លាម សមត្ថកិច្ចប៉ុស្តិ៍លើកដែក បានចុះដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យជាប្តី ឈ្មោះលី ធី នាំមកកាន់ប៉ុស្តិ៍រដ្ឋបាល រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលស្រុក កោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES