Tuesday, April 23, 2024
Homeព័ត៌មានជាតិឡើងសុំប្រពន្ធគេរួមរ័ក នាងប្រកែកនិងស្រែកឲ្យគេជួយ កាប់ប្រហារតែម្តង

ឡើងសុំប្រពន្ធគេរួមរ័ក នាងប្រកែកនិងស្រែកឲ្យគេជួយ កាប់ប្រហារតែម្តង

ខេត្តព្រះវិហារ ៖ បុរសល្មោភកាមចិត្តឃោរឃៅម្នាក់ ឃើញស្ត្រីម្នាក់នៅផ្ទះតែម្នាក់ឯង ខណៈដែលប្តីរវល់ចេញទៅក្រៅ ក៏លបឡើងទៅសុំប្រពន្ធគេរួមរ័កមេត្រី លុះខឹងស្ត្រីរងគ្រោះប្រកែក ក៏ទាញកាំបិតផ្គាក់កាប់ប្រហារទៅលើស្ត្រីរងគ្រោះចំនួន៦កាំបិត ទៅលើផ្ទៃមុខ បណ្តាលឱ្យខ្ទេចមុខស្លាប់យ៉ាងអាណោចអាធ័មបំផុត។

ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត។ ចំណែកជនដៃដល់ជាឃាតករ ក្រោយពីបង្កហេតុរួច បានព្យាយាមរត់គេចខ្លួនអស់រយៈពេល២ថ្ងៃ ទីបំផុតឈាមស្រែកស្បែកហៅ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវរហូតដល់ចុះទៅអូសកដល់ផ្ទះ ស្ថិតក្នុងភូមិកើតហេតុខាងលើ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជនដៃដល់ជាឃាតករចិត្តកំណាចឃោរឃៅដែលកាប់ប្រពន្ធគេស្លាប់ ព្រោះតែខឹងសុំរួមរ័កមិនបាន មានឈ្មោះគង់ ធី អាយុ៥១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះយ៉ាន់ ចន្ថា ហៅឌូ អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរងអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតឡើងនៅចំណុចភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ដោយស្ត្រីរងគ្រោះ ឈ្មោះយ៉ាន់ ចន្ថា ហៅឌូ ត្រូវបានជនដៃដល់ជាឃាតករកាប់ប្រហារ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅគ្រាដែលប្តីរបស់ស្ត្រីរងគ្រោះមិននៅផ្ទះ ហើយជនជាឃាតករបានលបឡើងទៅសុំស្ត្រីរងគ្រោះរួមរ័ក ប៉ុន្តែត្រូវបានស្ត្រីរងគ្រោះ ប្រកែកមិនព្រម ទើបជនជាឃាតករដៃឆៅ ផ្ទុះកំហឹងទាញកាំបិតផ្គាក់កាប់ទៅលើស្ត្រីរងគ្រោះចំនួន៦កាំបិត ចំផ្ទៃមុខ ក្បាល និងគុម្ពត្រចៀក បណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង បានឱ្យដឹងទៀតថា ក្រោយកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើការស្រាវជ្រាវ អស់រយៈពេល២ថ្ងៃ ទើបឈានទៅដល់ការកំណត់មុខសញ្ញា និងចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាឃាតករ ឈ្មោះគង់ ធី កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជនដៃដល់ ក្នុងភូមិកើតហេតុខាងលើជាមួយស្ត្រីរងគ្រោះ។

នៅចំពោះមុខមន្ត្រីកងរាជអាវុធហត្ថ ជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ស្ត្រីរងគ្រោះឈ្មោះយ៉ាន់ ចន្ថា ប្រាកដមែន មូលហេតុដោយសារពេលនោះ រូបគេបានទៅសុំស្ត្រីរងគ្រោះរួមរ័ក តែនាងមិនព្រមឱ្យរួមរ័ក និងថែមទាំងបានស្រែកថា ជួយផងៗ ធ្វើឱ្យអ្នកជិតខាងបានឮ ទើបពេលនោះ រូបគេក៏បានទាញកាំបិតមកកាប់ទៅលើជនរងគ្រោះចំនួន៣កាំបិត ចំក្បាលផ្នែកខាងក្រោយ ហើយក៏ដួលផ្ងារទៅក្រោយ ពេលនោះដោយសារតែខ្លួនស្រវឹងផង ទើបពុំចាំថាបានកាប់ថែមទៅលើស្ត្រីរងគ្រោះប៉ុន្មានកាំបិតទៀតនោះទេ។ ក្រោយពីកាប់ប្រហារស្ត្រីរងគ្រោះឱ្យស្លាប់ហើយ រូបគេក៏បានកាន់កាំបិតដើរសំដៅទៅផ្ទះវិញ រួចយកកាំបិតទៅលាក់ទុកនៅក្នុងចានដែកលាងចាន ហើយក៏ឡើងទៅលើផ្ទះដេកធ្វើធម្មតាដូចមិនដឹងរឿង។

លោកមេបញ្ជាការរងអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជាក់ថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុន នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងជំនាញសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បាននាំខ្លួនជនដៃដល់ទៅធ្វើត្រាប់អំពីសកម្មភាពដែលគេបានធ្វើទាំងអស់ទៅលើស្ត្រីរងគ្រោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់វិធានការទៅតាមនីតិវិធី៕

RELATED ARTICLES